មន្ត្រីបម្រើការងារនៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានទម្លាយបើកកកាយរឿងអាស្រូវពុករលួយរបស់លោក ថៃ ចន្ថា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដែលបិទបាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ឲ្យធ្លាយចេញមកក្រៅ ដោយបញ្ជាក់ថា ថវិកាជាតិក្នុងមួយឆ្នាំៗមិនតិចជាង២០០លានរៀលឡើយ ត្រូវបានបាត់បង់ដោយសារការប្រព្រឹត្តអំពើពុករលួយរបស់លោកប្រធានមន្ទីរ ថៃ ចន្ថា ដែលក្នុងនោះទឹកប្រាក់ជាង១០០លានរៀលបានធ្លាក់ចូលក្នុងហោប៉ៅលោកប្រធានមន្ទីរផ្ទាល់ និងមួយផ្នែកទៀតបានធ្លាក់ចូលក្នុងហោប៉ៅមន្ត្រីជំនិតៗរបស់លោកប្រធានមន្ទីរ ។
ប្រភពពីក្រុមមន្ត្រីបានឲ្យដឹងថា ថវិកាជាតិដែលលោកប្រធានមន្ទីរបរិស្ថាន ថៃ ចន្ថា និងមន្ត្រីជំនិតជាបក្ខពួកសមគំនិតគ្នាកិបកេងនោះ គឺមាននៅគ្រប់ជំពូក សូម្បីថវិកាជំពូក៦៤ ដូចជា ប្រាក់មន្ត្រីមានជំងឺ និងប្រាក់មន្ត្រីជាប់កិច្ចសន្យា ជាដើម ។ ដោយឡែក ថវិកាដែលកិបកេងបានច្រើនបំផុតកាលពីឆ្នាំ២០១៣ គឺថវិកាសម្រាប់ថែទាំ និងជួសជុលអគារប្រមាណ២០០លានរៀល ខណៈបានចំណាយជាក់ស្តែងយ៉ាងច្រើនត្រឹម៣០ភាគរយ និងទឹកប្រាក់ដែលនៅសេសសល់ត្រូវបានលោកប្រធានមន្ទីរ ថៃ ចន្ថា បែងចែកឲ្យបក្ខពួកខ្លួនប្រមាណ២០ភាគរយទៅ៣០ភាគរយ ក្រៅពីនោះត្រូវចូលហោប៉ៅលោកប្រធានមន្ទីរទាំងអស់ ។
ក្រុមមន្ត្រីបានឲ្យដឹងទៀតថា ចំពោះប្រាក់សោហ៊ុយទូទាត់ក្នុងប្រទេស ក៏ត្រូវបានលោកប្រធានមន្ទីរ ថៃ ចន្ថា និងបក្ខពួកកិបកេងយកស៊ីចាយយ៉ាងឆ្ងាញ់មាត់ដែរ ដ្បិតកាលពីឆ្នាំ២០១៣ មន្ត្រីម្នាក់ៗក្នុងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ទទួលបានប្រាក់បេសកកម្មចំនួនត្រឹមពី១០ម៉ឺនរៀល ទៅ២០ម៉ឺនរៀលប៉ុណ្ណោះ ។
នៅឆ្នាំ២០១៤នេះ គម្រោងចំណាយថវិកាជាតិរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ មានចំនួន៨២៩លានរៀល ហើយថវិការៀបចំគម្រោងសម្រាប់ការថែទាំនិងជួសជុលអគារ មានចំនួន២៤៩លានរៀល ខណៈគេមិនទាន់ដឹងអំពីទឹកប្រាក់ចំណាយពិតប្រាកដនៅឡើយទេ ពីព្រោះមិនទាន់ដាច់ឆ្នាំ ។
សូមឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវទៅលើរឿងអាស្រូវពុករលួយរបស់លោក ថៃ ចន្ថា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងបក្ខពួក តាមការទម្លាយឲ្យធ្លាយចេញមកក្រៅពីសំណាក់ក្រុមមន្ត្រីបម្រើការងារនៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់នោះផង ៕