ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

រក​ឃើញ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ម្នាក់​ទៀត​ហើយ​ដែល​ជ្រើសតាំង​ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ​គឺ​លោក​ ប្លង់​ ឆ្លាម​

​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ របស់​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ បាន​ឲ្យ​ដឹង​ថា​ លោក​ ប្លង់​ ឆ្លាម​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ សម្រាប់​អាណត្តិ​៥​ឆ្នាំ​លើក​ទី​១​ នា​សម័យប្រជុំ​កាលពី​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០១៤​ដោយ​សំឡេង​ឆ្នោត​យល់ព្រម​ចំនួន​០៦​សំឡេង​ នៃ​ចំនួន​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ទាំងមូល​ ។​

​លោក​ ប្លង់​ ឆ្លាម​ អាយុ​៦២​ឆ្នាំ​ បាន​ចូល​បម្រើ​ការងារ​រដ្ឋ​នា​ឆ្នាំ​១៩៨០​ ។​ លោក​ត្រូវ​បាន​តែងតាំង​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម​ ដោយ​ក្រឹត្យ​លេខ​៤៥​ក្រ​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​១៩៩៣​ ។​ លោក​ធ្លាប់​បាន​កាន់កាប់​តំណែង​ជា​អតីត​ ប្រធាន​សាលាដំបូង​ខេត្តសៀមរាប​,​ អតីត​ប្រធាន​សាលាដំបូង​ខេត្តកំពង់ចាម​(​ផ្ទេរ​ភារកិច្ច​ឆ្នាំ​២០០៥)​ អតីត​ប្រធាន​សាលាដំបូង​ខេត្តតាកែវ​(​ផ្ទេរ​ភារកិច្ច​ឆ្នាំ​២០១០)​ ។​

​ក្នុង​ពេល​បំពេញ​មុខងារ​ជា​ប្រធាន​សាលាដំបូង​ខេត្តតាកែវ​ លោក​ចៅក្រម​ ប្លង់​ ឆ្លាម​ ដែល​ដល់​អាយុ​ចូល​និវត្តន៍​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​បន្ត​បម្រើ​ការងារ​តទៅ​ទៀត​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៤/៤៤៧​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៤​ ។​

​សូម​បញ្ជាក់​ជូន​ថា​ អនុលោម​តាម​មាត្រា​៤​ ចំណុច​ទី​៦​ នៃ​ច្បាប់​ស្តី​ពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​,​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៧១៤/០១៧​ ចុះ​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៤​ គឺ​ក្នុង​ចំណោម​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ចំនួន​១១​រូប​ មាន​១​រូប​ ត្រូវ​បាន​ជ្រើសតាំង​ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ​ ដោយ​មតិ​ភាគច្រើន​ដាច់ខាត​នៃ​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ទាំងមូល​ ក្នុង​ចំណោម​ឥស្សរជន​ ជា​អតីត​ចៅក្រម​ ឬ​អតីត​ព្រះរាជអាជ្ញា​ ឬ​ឥស្សរជន​ដែល​មានបទពិសោធន៍​ការងារ​យ៉ាងតិច​១៥​ឆ្នាំ​ឡើង​ទៅ​ ក្នុង​វិស័យ​ច្បាប់​ ឬ​តុលាការ​ ។​

​នេះ​គឺជា​ការ​រក​ឃើញ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ទី​២​ហើយ​  បន្ទាប់​ពី​ព្រឹទ្ធសភា​បាន​បោះ​ឆ្នោត​ជ្រើសតាំង​លោក​ចៅក្រម​ អ៊ុំ​ សា​រិ​ទ្ធ​ អាយុ​៦៧​ឆ្នាំ​ អតីត​ចៅក្រម​សាលាឧទ្ធរណ៍​ ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​កាលពី​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ៕​

info_75-2014

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.