មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង០៨និង៤៥នាទីព្រឹក នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤ម្សិលមិញនេះ នៅមុខមន្ទីរពេទ្យព្រះកុសុមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ឋិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយសារប្រជាពលរដ្ឋ និងអ្នកជំងឺបានប្រទះឃើញជើងមនុស្សមួយកំណាត់ត្រូវបានគេកាត់យកមកចោលក្នុងធុងសំរាម នាំឲ្យមានការសង្ស័យបឋមថា ជាអំពើឃាតកម្ម ។
ក្រោយពីមានហេតុការណ៍ភ្ញាក់ផ្អើលភ្លាមៗ កម្លាំងសមត្ថកិច្ចក៏បានចុះទៅពិនិត្យមើលដល់កន្លែងកើតហេតុ ទើបដឹងថា ជាជើងរបស់អ្នកជំងឺម្នាក់ដែលត្រូវបានក្រុមគ្រូពេទ្យកាត់ចោល ដ្បិតជាជើងមានដំបៅបណ្តាលមកពីជំងឺទឹកនោមផ្អែមព្យាបាលមិនជា ។
ប្រភពព័ត៌មានពីក្រុមគ្រួសារសាច់ញាតិរបស់អ្នកជំងឺ បានឲ្យដឹងថា ស្ត្រីជាអ្នកជំងឺទឹកនោមផ្អែមមានដំបៅនៅជើងខាងឆ្វេង ហើយត្រូវបានក្រុមគ្រូពេទ្យកាត់ចោលនោះ មានឈ្មោះ ឡេង ទូច អាយុ៧២ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល ។ ក្រោយពីការកាត់ជើងរួចហើយ កូនរបស់អ្នកជំងឺបានយកជើងម្តាយរបស់ខ្លួនដែលក្រុមគ្រូពេទ្យកាត់ចោលនោះ ទៅដាក់ក្នុងធុងសំរាមគ្មានការរុំបិទបាំងជិតឡើយ ជាហេតុធ្វើឲ្យអ្នកប្រទះឃើញមានការភ្ញាក់ផ្អើលសង្ស័យជាករណីឃាតកម្ម ឬអំពើហិង្សាធ្ងន់ធ្ងរណាមួយរហូតដល់ថ្នាក់កាត់ជើងមនុស្ស ។
មជ្ឈដ្ឋានប្រជាពលរដ្ឋបានសម្តែងនូវការរិះគន់ទៅលើអំពើរបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យព្រះកុសុមៈ ដែលធ្វេសប្រហែស ខ្ជីខ្ជា មិនរុំវេចខ្ចប់ជើងមនុស្សដែលកាត់ចោលឲ្យបានត្រឹមត្រូវ បែរជាបណ្តែតបណ្តោយឲ្យសាច់ញាតិអ្នកជំងឺយកទៅបោះចោលក្នុងធុងសំរាមទាំងគ្មានការរុំបិទជិត បង្កការភ្ញាក់ផ្អើលទៅវិញ ដែលអំពើបែបនេះត្រូវបានអ្នករិះគន់ចាត់ទុកថា ជាអំពើអសីលធម៌របស់គ្រូពេទ្យមួយចំនួននៅស្រុកខ្មែរ ៕