ប្រភពព័ត៌មានច្បាស់ការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ខាងមុខនេះ លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការទទួលបន្ទុកសំណុំរឿង បានបង្គាប់ឲ្យលោកឧត្តមសេនីយ៍ឧកញ៉ាវ័យក្មេង ថោង សារ៉ាត់ នាយកក្រុមហ៊ុនមានជ័យ អ៊ិនធើណេសិនណល អ៊ិនវេសមេន(Meanchey International Investment) ចូលឆ្លើយបំភ្លឺតុលាការ ដើម្បីដោះបន្ទុកក្រោមទម្ងន់នៃបណ្តឹងព្រហ្មទណ្ឌរបស់លោកចៅក្រម អាំង មាលតី ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដែលប្តឹងចោទប្រកាន់ពីបទឆបោក ពាក់ព័ន្ធនឹងករណីលក់-ទិញភូមិគ្រឹះមួយកន្លែង មានតម្លៃជាង២២ម៉ឺនដុល្លារអាមេរិក ។
ដើមហេតុដែលនាំឲ្យកើតមានសំណុំរឿងក្តីក្តាំដ៏គួរឲ្យចាប់អារម្មណ៍នេះ គឺដោយសារនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ លោកចៅក្រម អាំង មាលតី និងភរិយាឈ្មោះ ងិន សុវណ្ណគន្ធា បានចុះកិច្ចសន្យាទិញភូមិគ្រឹះមួយកន្លែងប្រភេទ Friendship Villa ទំហំ៦ម៉ែត្រគុណ១៣ម៉ែត្រ កម្ពស់៣ជាន់កន្លះ មានបន្ទប់គេង៥ បន្ទប់ទឹក៦ បន្ទប់ទទួលភ្ញៀវ១ និងផ្ទះបាយ១ ឋិតនៅបុរីកាលីហ្វ័រញ៉ា ស៊ីធី ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងតម្លៃពិសេសចំនួន២២៥.០០០ដុល្លារអាមេរិក (តម្លៃផ្ទះស្តង់ដារគឺ២៣៤.៩០០ដុល្លារអាមេរិក) ពីក្រុមហ៊ុន Meanchey International Investment មានលោកឧកញ៉ា ថោង សារ៉ាត់ និងភរិយាឈ្មោះ ទាវ ធីតា ជាប្រធានក្រុមហ៊ុន ។ ភាគីអ្នកទិញ(លោកចៅក្រម អាំង មាលតី) បានបង់ប្រាក់ទិញភូមិគ្រឹះនោះគ្រប់ចំនួនរួចហើយ ឲ្យទៅភាគីអ្នកលក់(លោកឧកញ៉ា ថោង សារ៉ាត់) ព្រមទាំងភាគីអ្នកទិញក៏បានចូលទៅរស់នៅក្នុងភូមិគ្រឹះនោះរួចរាល់ដែរ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៤ ។
នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤ ភាគីអ្នកទិញបានផ្តិតស្នាមមេដៃនៅលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការលក់-ទិញភូមិគ្រឹះនោះ ឲ្យមកភាគីអ្នកលក់យកទៅរត់ការដើម្បីបំពេញនីតិវិធីផ្ទេរសិទ្ធិគ្រប់គ្រងអចលនវត្ថុ ដោយភាគីអ្នកលក់បានតម្រូវឲ្យភាគីអ្នកទិញបង់ប្រាក់បន្ថែមចំនួន១.០០០ដុល្លារអាមេរិកថែមទៀត ។
លុះមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤ នៅលើឯកសារផ្ទេរសិទ្ធិអចលនវត្ថុមិនឃើញមានឈ្មោះភាគីអ្នកទិញ គឺលោកចៅក្រម អាំង មាលតី និងភរិយាទេ បែរជាមានឈ្មោះភាគីអ្នកលក់ គឺលោកឧកញ៉ា ថោង សារ៉ាត់ និងភរិយាជាម្ចាស់អចលនវត្ថុដើមទៅវិញ ទើបធ្វើឲ្យភាគីអ្នកទិញប្តឹងភាគីអ្នកលក់ចោទប្រកាន់ពីបទឆបោកតែម្តង ។
អ្នកស្រី ឌួង ថាវរី តំណាងឲ្យក្រុមហ៊ុន Meanchey International Investment និងតំណាងឲ្យលោកឧកញ៉ា ថោង សារ៉ាត់ និងភរិយាឈ្មោះ ទាវ ធីតា ជាប្រធានក្រុមហ៊ុន ធ្លាប់បានបំភ្លឺបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថា យោងតាមកិច្ចសន្យារវាងលោក អាំង មាលតី និងភរិយា ជា"ភាគីខ" ជាមួយក្រុមហ៊ុនជា"ភាគីក" ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣នោះ គឺតម្រូវឲ្យ"ភាគីខ"បង់ប្រាក់ថ្ងៃទិញផ្ទះគ្រប់ចំនួនឲ្យទៅ"ភាគីក" ទើប"ភាគីក"ធ្វើលិខិតផ្ទេរសិទ្ធិជូន"ភាគីខ" ទទួលស្គាល់ពីអាជ្ញាធរខណ្ឌ ។ ប៉ុន្តែបើ"ភាគីខ"ចង់ធ្វើប្លង់រឹង (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) គឺ"ភាគីខ"ជាអ្នកទទួលបន្ទុកលើការចំណាយទាំងស្រុង ជាពិសេសសេវាបង់ពន្ធប្រថាប់ត្រា៤%ជូនរដ្ឋ មានទឹកប្រាក់ចំនួន២០លានរៀល (ស្មើនឹង៥.០០០ដុល្លារអាមេរិក) ។
តំណាងលោកឧកញ៉ា ថោង សារ៉ាត់ និងភរិយា បានបំភ្លឺបញ្ជាក់ឲ្យដឹងទៀតថា ចំពោះទឹកប្រាក់ចុងក្រោយចំនួន១.០០០ដុល្លារអាមេរិក ដែលលោក អាំង មាលតី និងភរិយា ជា"ភាគីខ"បង់មកឲ្យក្រុមហ៊ុន ជា"ភាគីក"នោះ គឺជាថ្លៃសេវាលក់ផ្តាច់សម្រាប់ក្រុមហ៊ុនរត់ការចំណាយត្រឹមអាជ្ញាធរខណ្ឌ ដើម្បីបំពេញឯកសារលិខិតលក់ផ្តាច់ ជូន"ភាគីខ" មិនមែនជាថ្លៃសេវាសម្រាប់កសាងប្លង់រឹងជាស្ថាពរឡើយ ។ ដូច្នេះ អ្វីៗគឺខាងក្រុមហ៊ុនជាភាគីអ្នកលក់បានអនុវត្តន៍ទៅតាមកិច្ចសន្យាដែលបានធ្វើជាមួយភាគីអ្នកទិញ មិនមែនជាអំពើទុច្ចរិតក្នុងបទល្មើសឆបោកនោះឡើយ ។
លោកស្រីមេធាវី ម៉ៅ សំវុទ្ធារី អត្តលេខ១៧៩ ជាមេធាវីតំណាងដោយអាណត្តិ និងការពារក្តីឲ្យលោកចៅក្រម អាំង មាលតី ជាដើមបណ្តឹងរដ្ឋប្បវេណី មិនអាចសុំការបំភ្លឺបញ្ជាក់បានទេ ដ្បិតទូរស័ព្ទរបស់លោកស្រីមេធាវីរូបនេះពិបាកទំនាក់ទំនងណាស់ គឺម្តងទូរស័ព្ទមិនចូល(បានបិទ) ម្តងទូរស័ព្ទចូល តែមិនលើក និងម្តងលើកនិយាយទូរស័ព្ទដែរ តែឆ្លើយថាជាប់រវល់ ។
លោកឧកញ៉ា ថោង សារ៉ាត់ អាយុ៣៨ឆ្នាំ ក្រៅពីមានងារជាឧកញ៉ា(តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/១១០១/៤៣៦ ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០១) និងជាប្រធានក្រុមហ៊ុន Meanchey International Investment គឺលោកឧកញ៉ាវ័យក្មេងដែលមានឈ្មោះដើម ជាភាសាវៀតណាមថា "ប៊ិនទឹង" និងមានឪពុកឈ្មោះ ថោង ចំរើន រូបនេះ ជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២)ទៀតផង ។ លោកឧត្តមសេនីយ៍ឧកញ៉ាវ័យក្មេង ថោង សារ៉ាត់ ធ្លាប់មានរឿងក្តីក្តាំជាច្រើនករណី ទាំងនៅក្នុងស្ថាប័នតុលាការ ទាំងនៅក្រៅស្ថាប័នតុលាការ ប៉ុន្តែកន្លងមក លោកឧត្តមសេនីយ៍ឧកញ៉ារូបនេះ មិនដែលចាញ់ដៃគូក្តីក្តាំឡើយ ដោយសារតែប៉ះជាមួយអ្នកល្មមៗ និងអ្នកទាបៗ ។ ឥឡូវបានប៉ះជាមួយប្រធានសាលាដំបូងរាជធានីភ្នំពេញដ៏មានឥទ្ធិពលតែម្តង គឺសំណុំរឿងនេះនឹងល្អមើលជាក់ជាមិនខាន ។
លោកចៅក្រម អាំង មាលតី អាយុ៥៨ឆ្នាំ បានចូលបម្រើការងាររដ្ឋនាអំឡុងឆ្នាំ១៩៨៣ ។ លោកចៅក្រមរូបនេះធ្លាប់កាន់តំណែងជាប្រធានសាលាដំបូងខេត្តសៀមរាបនាអំឡុងចុងឆ្នាំ២០០៥ (ឡើងឋានៈបន្តពីអនុប្រធានសាលាដំបូង) និងត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យនាអំឡុងចុងឆ្នាំ២០០៧ ។ ក្រោយមកទៀត ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងរាជធានីភ្នំពេញទល់បច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៤/៤៤៨ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤ ។
ប្រការគួរឲ្យចាប់អារម្មណ៍ផងដែរនោះ គឺក្រោយមានការប៉ះទង្គិចរឿងក្តីក្តាំជាមួយលោកឧត្តមសេនីយ៍ឧកញ៉ាវ័យក្មេង ថោង សារ៉ាត់ ពាក់ព័ន្ធនឹងរឿងទិញភូមិគ្រឹះមានតម្លៃជាង២២ម៉ឺនដុល្លារអាមេរិកនោះ ទើបមជ្ឈដ្ឋាននានាអាចដឹងយ៉ាងច្បាស់ថា លោកចៅក្រម អាំង មាលតី មានលុយទិញវីឡានៅរាជធានីភ្នំពេញសម្រាប់រស់នៅ និងបំពេញការងារជាប្រធានសាលាដំបូងរាជធានីភ្នំពេញដ៏មានឥទ្ធិពលម្នាក់យ៉ាងហ៊ឺហា ។
មជ្ឈដ្ឋានទូទៅកំពុងរង់ចាំតាមដានមើលថា តើលោកឧត្តមសេនីយ៍ឧកញ៉ាវ័យក្មេង ថោង សារ៉ាត់ ដែលជាជនសង្ស័យត្រូវវ័ណ្ឌកក្រោមទម្ងន់នៃបណ្តឹងព្រហ្មទណ្ឌរបស់មេតុលាការ(តំណាងអយ្យការចោទប្រកាន់បើកការស៊ើបសួរឲ្យក្លាយជាជនត្រូវចោទ) ឬមេតុលាការ អាំង មាលតី ត្រូវវ័ណ្ឌកទៅថ្ងៃអនាគត ក្រោមបណ្តឹងចោទប្រកាន់ពីបទបរិហារបង្កាច់កេរ្តិ៍ ពីសំណាក់លោកឧត្តមសេនីយ៍ឧកញ៉ា ថោង សារ៉ាត់ វិញឬយ៉ាងណា ? ៕