ប្រភពព័ត៌មានពីមន្ត្រីរាជការក្រោមឱវាទមន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានបង្ហើបប្រាប់ឲ្យដឹងថា កាលពីឆ្នាំ២០១៣កន្លងទៅ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានចំណាយថវិកាជាតិមិនមែនកម្មវិធីសរុបអស់ចំនួន៣៦៧.៣៨៧.៩០០រៀល ខណៈថវិកាជំពូក៦០(៧១.០៨៥.៧០០រៀល) ជំពូក៦១(២៦.២១០.០០០រៀល) និងជំពូក៦២(២៦.៣៦៨.២០០រៀល) ត្រូវបានលោក ហា ប៊ុនឡេង ជាប្រធានការិយាល័យគណនេយ្យសមគំនិតជាមួយលោកស្រី ទូច ស៊ីថុល អតីតជាប្រធានមន្ទីរកិបកេងស្ទើរអស់បាក់កណ្តាល និងថវិកាជំពូក៦៥(៤៩.៩៨០.០០០រៀល) ដែលជាខ្ទង់ថវិកាសម្រាប់ទិញអង្ករ និងសម្ភារៈឧបត្ថម្ភដល់សហគមន៍ក្រីក្រនោះ ត្រូវបានលោកប្រធានការិយាល័យគណនេយ្យ ហា ប៊ុនឡេង និងលោកស្រីជាអតីតប្រធានមន្ទីរស៊ីដាច់ប៉ិតតែម្តង មិនបានធ្លាក់ដល់ដៃប្រជារាស្ត្រក្រីក្រក្នុងសហគមន៍ឡើយ ។
ក្រុមមន្ត្រីបានឲ្យដឹងដែរថា ក្រោយពេលលេចចេញបែកធ្លាយអំពើពុករលួយស៊ីដាច់ថវិកាជំពូក៦៥ចំនួនជិត៥០លានរៀល ក្រោមស្នាដៃរបស់លោក ហា ប៊ុនឡេង រួចមក លោកប្រធានការិយាល័យគណនេយ្យនៃមន្ទីរកិច្ចការនារីខេត្តកំពង់ធំរូបនេះ បានឆ្លើយដោះបន្ទុកដែលមិនគួរឲ្យជឿជាក់ថា មកពីក្រុមហ៊ុនរបស់លោកឧកញ៉ា ហេង សំណាង និងជាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំទទួលបានថវិកាពីមន្ទីរ ដែលដកចេញពីរតនាគារជាង១ឆ្នាំហើយ ប៉ុន្តែមិនបានផ្តល់អង្ករឲ្យមន្ទីរ ជាហេតុធ្វើឲ្យមន្ទីរគ្មានអង្ករសម្រាប់ចែកជូនសហគមន៍(Sic!) ។
យោងតាមការឆ្លើយបំភ្លឺយករួចខ្លួនដែលមិនគួរឲ្យជឿរបស់លោកប្រធានការិយាល័យគណនេយ្យ ហា ប៊ុនឡេង ទាក់ទងនឹងការចាយវាយថវិកាជាតិជំពូក៦៥ជិត៥០លានរៀលរបស់មន្ទីរនោះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញថា ក្រុមហ៊ុនរបស់លោកឧកញ៉ា ហេង សំណាង អាចមានការសមគំនិតគ្នាជាមួយលោក ហា ប៊ុនឡេង ទើបលោក ហា ប៊ុនឡេង អូសឲ្យមានការពាក់ព័ន្ធជាមួយគ្នានឹងអំពើពុករលួយនៅមន្ទីរកិច្ចការនារីខេត្តកំពង់ធំដូច្នេះ ។
ព័ត៌មានបានឲ្យដឹងទៀតថា គម្រោងចំណាយថវិកាជាតិសម្រាប់ឆ្នាំ២០១៤របស់មន្ទីរកិច្ចការនារីខេត្តកំពង់ធំ ដែលមិនទាន់អនុវត្តន៍ចប់មានចំនួន៤៩៩លានរៀល (ក្នុងនោះថវិកាជំពូក៦០ចំនួន៦៥លានរៀល, ជំពូក៦១ចំនួន៣០លានរៀល, ជំពូក៦២ចំនួន៣២លានរៀល,ជំពូក៦៤ចំនួន៣១៣លានរៀល និងជំពូក៦៥ចំនួន៥៩លានរៀល) ហើយការចំណាយថវិកាទាំងនោះត្រូវបានគេសង្ស័យថា ក៏មានបង្កប់ដោយអំពើពុករលួយស្រដៀងគ្នានឹងឆ្នាំ២០១៣ដែរ ។
សូមឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី មេត្តាមានវិធានការបើកការស៊ើបអង្កេតស្រាវជ្រាវ ទៅលើករណីការប្រព្រឹត្តអំពើពុករលួយនៅក្នុងមន្ទីរកិច្ចការនារីខេត្តកំពង់ធំនោះផង ៕