សារព័ត៌មានចិន People´s Daily បានរាយការណ៍កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤ម្សិលមិញនេះឲ្យដឹងថា តាមរយៈយុទ្ធនាការបោសសម្អាតមន្ត្រី-បុគ្គលិកខ្មោចនៅទូទាំងប្រទេសនាឆ្នាំមុន ប្រទេសចិនបានរកឃើញមន្ត្រីខ្មោចមានចំនួន១៦២.៦២៩នាក់ ដែលជាប្រភេទមន្ត្រី-បុគ្គលិកមានតែឈ្មោះ ប៉ុន្តែគ្មានមុខធ្វើការ និងបានកាត់ចេញពីបញ្ជីបើកប្រាក់បៀវត្សរ៍របស់រដ្ឋាភិបាលរួចរាល់ហើយ ។
ខេត្ត Hebei ឋិតនៅភាគខាងជើងនៃប្រទេសចិន មានមន្ត្រី-បុគ្គលិកខ្មោចច្រើនជាងគេបំផុតរហូតដល់ទៅចំនួន៥៦.០០០នាក់ ត្រូវបានរកឃើញ ។
សកម្មភាពបោសសម្អាតមន្ត្រី-បុគ្គលិកខ្មោចនៅប្រទេសចិន គឺជាផ្នែកមួយនៃយុទ្ធនាការបោសសម្អាតអំពើពុករលួយជាទ្រង់ទ្រាយធំរបស់លោកប្រធានាធិបតីចិន Xi Jinping ចាប់តាំងពីលោកបានឡើងកាន់តំណែង ខណៈដែលលោកប្រធានាធិបតីរូបនេះបានអះអាងថា នឹងបោសសម្អាតអំពើពុករលួយពីស្រទាប់លើរហូតដល់ស្រទាប់ក្រោម ដោយគ្មានការយោគយល់ ៕