កាលជំនាន់ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុង អឿន នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០០០៣៧២ អតីតធ្វើជាអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកចៅក្រម អាំង មាលតី អតីតជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ (បច្ចុប្បន្នជាប្រធានសាលាដំបូងរាជធានីភ្នំពេញ) លេចចេញមានរឿងរ៉ាវជម្លោះទាស់ទែងកាច់កុងប៉ែងជើងគ្នា ធ្វើឲ្យកក្រើកខេត្តបន្ទាយមានជ័យ ជាពិសេសចាប់តាំងពីលោក វណ្ណ សុផាណ្ណា នាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដាក់ពាក្យបណ្តឹងចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១២ ទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយប្តឹងតំណាងក្រុមហ៊ុនអភិវឌ្ឍន៍មានជ័យ និងតំណាងក្រុមហ៊ុន International Green Energy(IGE) និងបក្ខពួក ពីបទកាប់រាន ដុត ឈូសឆាយដីព្រៃឈើរបស់រដ្ឋធ្វើកម្មសិទ្ធិ ឋិតនៅភូមិខ្លែងពណ៌ និងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បង្កើតជាសំណុំរឿងព្រហ្មទណ្ឌលេខ២២២ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ របស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ រហូតនាំឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុង អឿន អតីតអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ធ្វើរបាយការណ៍មួយច្បាប់លេខ១២៧៧ខបជ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១២ គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំមានវិធានការទៅលើសកម្មភាពមិនប្រក្រតីរបស់លោក វណ្ណ សុផាណ្ណា នាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប, លោក តួ ធានទឺ អតីតអភិបាលរងខេត្តបន្ទាយមានជ័យ និងលោក អាំង មាលតី អតីតប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ។
របាយការណ៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុង អឿន អតីតអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានរាយការណ៍គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថា ៖ ១-លោក វណ្ណ សុផាណ្ណា បានប្រើប្រាស់សិទ្ធិអំណាចមិនសមស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន មិនបានសុំយោបល់ឯកភាពពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្ត ដោយដាក់ពាក្យបណ្តឹងចោទប្រកាន់ក្រុមហ៊ុនលើចំណុចមួយចំនួនខុសពីសមត្ថកិច្ចរបស់ខ្លួន ហើយចេញបញ្ជាឲ្យនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តធ្វើការឃាត់ឃាំង រឹបអូសយកសម្ភារៈ គ្រឿងចក្រទាំងអស់របស់ក្រុមហ៊ុនមករក្សាទុកដោយគ្មានដីកាពីតុលាការ ។ ការចេញបញ្ជាទៅមន្ត្រីរដ្ឋបាលព្រៃឈើក្រោមឱវាទរបស់ខ្លួន ដោយអះអាងថា ជាបញ្ជារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ។ ២-លោក តួ ធានទឺ អតីតអភិបាលរងខេត្តបន្ទាយមានជ័យ និងបច្ចុប្បន្នជាទីប្រឹក្សាឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានអះអាងថា ខ្លួនឋិតនៅក្នុងអង្គភាពបញ្ជាការដ្ឋានអង្គរក្សសម្តេចតេជោ មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយបានបោះពុម្ព និងប្រើប្រាស់នាមប័ណ្ណរបស់ខ្លួន ។ កន្លងមក បុគ្គលរូបនេះធ្លាប់បានប្រព្រឹត្តបទល្មើសជាច្រើនពាក់ព័ន្ធនឹងករណីញុះញង់ ប្រមូលផ្តុំកម្លាំងបាតុកម្ម និងធ្វើការរុករានទន្ទ្រានដីព្រៃដោយខុសច្បាប់ និងមានសំណុំរឿងបណ្តឹងពីខណ្ឌរដ្ឋបាលព្រៃឈើទៅតុលាការ រួមទាំងការបោកប្រាស់លុយកាក់ជាច្រើនពីបុគ្គលឯកជន និងក្រុមហ៊ុនករណីលក់-ទិញដីព្រៃរបស់រដ្ឋ ។ បុគ្គលរូបនេះបានប្រើប្រាស់សិទ្ធិអំណាចជាទីប្រឹក្សារបស់ថ្នាក់ដឹកនាំ ធ្វើការគំរាមកំហែងទាំងស្ថាប័នមានសមត្ថកិច្ច ដើម្បីបិទបាំងអំពើទុច្ចរិតដែលបានប្រព្រឹត្តកន្លងមក និងធ្វើឲ្យស្ថាប័នតុលាការក្លាយជាដៃគូស្របច្បាប់របស់ខ្លួន មិនអាចចោទប្រកាន់ និងផ្តន្ទាទោសបានឡើយ ។ ក្នុងករណីនេះ បុគ្គលរូបនេះជាមេគំនិតបានសមគំនិតគ្នាជាមួយលោក វណ្ណ សុផាណ្ណា និងលោក អាំង មាលតី បង្កបញ្ហាយ៉ាងស្មុគស្មាញ ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន ។ ៣-លោក អាំង មាលតី ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ក្នុងចន្លោះនៃអាណត្តិការងារបានប្រើប្រាស់សិទ្ធិអំណាចឯករាជ្យរបស់ខ្លួន ប្រព្រឹត្តនូវអំពើពុករលួយយ៉ាងខ្លាំង (ធ្លាប់បានទទួលការព្រមានពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន) ដោយធ្វើការគំរាមកំហែងចេញបញ្ជាប្រើប្រាស់កម្លាំងសមត្ថកិច្ច(កងរាជអាវុធហត្ថ-នគរបាល)តាមទំនើងចិត្តរបស់ខ្លួនដោយគ្មានការសុំយោបល់ពីមេបញ្ជាការ ឬស្នងការនៃកម្លាំងសមត្ថកិច្ចទាំង២នេះ ។ រាល់សកម្មភាពទាំងឡាយរបស់បុគ្គលរូបនេះមិនដែលសុំយោបល់ សហការ និងគោរពសិទ្ធិអំណាចគ្រប់គ្រងរដ្ឋបាលដែនដីរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឡើយ ។ ជាមួយនេះដែរ ករណីរឿងរឹបអូសគ្រឿងចក្ររបស់ក្រុមហ៊ុនខាងលើ ក៏ជាបទបញ្ជារបស់លោក អាំង មាលតី ដោយគ្មានដីការបស់ព្រះរាជអាជ្ញាដែរ ។
ជាមួយនឹងរបាយការណ៍របស់ខ្លួន ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុង អឿន អតីតអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើសំណូមពរចំពោះបុរសខ្លាំងជានាយករដ្ឋមន្ត្រី ដូចតទៅ ៖ ១-សូមផ្ទេរតួនាទី ភារកិច្ចរបស់លោក វណ្ណ សុផាណ្ណា នាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប កុំឲ្យមកទទួលទិសខាងជើងបឹងទន្លេសាបនេះតទៅទៀត ដើម្បីកុំឲ្យបង្កភាពអវិជ្ជមានលើក្រុមហ៊ុនវិនិយោគស្របច្បាប់ ក៏ដូចជាភាពមិនប្រក្រតី រំលោភសមត្ថកិច្ចមកលើរដ្ឋបាលដែនដីខេត្ត ព្រោះបុគ្គលរូបនេះតែងប្រើអំណាចផ្តាច់ការមិនស្តាប់ការជូនយោបល់បំភ្លឺពីខណ្ឌរដ្ឋបាលព្រៃឈើថ្នាក់ក្រោមទេ ។ ២-សូមមានវិធានការផ្លូវច្បាប់ចំពោះលោក តួ ធានទឺ អតីតអភិបាលរងខេត្តបន្ទាយមានជ័យ និងបច្ចុប្បន្នជាទីប្រឹក្សាឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានអះអាងថា ខ្លួនឋិតនៅក្នុងអង្គភាពបញ្ជាការដ្ឋានអង្គរក្សសម្តេចតេជោ មានឋានៈស្មើអនុរដ្ឋលេខាធិការ ។ ៣-សូមមេត្តាផ្ទេរតួនាទី ភារកិច្ចរបស់លោក អាំង មាលតី ប្រធានសាលាដំបូងខេត្តចេញពីខេត្តបន្ទាយមានជ័យ ព្រោះលើសអាណត្តិរយៈពេល៤ឆ្នាំនៃការងាររបស់ខ្លួន ។ ប្រសិនបើបុគ្គលរូបនេះនៅតែបន្តការងារក្នុងខេត្តតទៅទៀត នឹងបង្កការលំបាកយ៉ាងធ្ងន់ធ្ងរដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់មូលដ្ឋាន ។ ៤-សូមមេត្តាផ្ទេរតួនាទី ភារកិច្ចរបស់លោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារង ត្រូវជាប្អូនបង្កើតរបស់លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ព្រោះកន្លងមកបានបង្កភាពមិនប្រក្រតីជាច្រើនករណីរឿងធ្វើឲ្យប្រជាពលរដ្ឋ រួមទាំងកម្លាំងសមត្ថកិច្ចមានការថ្នាំងថ្នាក់យ៉ាងខ្លាំងចំពោះបុគ្គលរូបនេះ ។
ក្រោយមក នាយកក្រុមហ៊ុនមួយចំនួន និងមន្ត្រីសាលាខេត្តបន្ទាយមានជ័យមួយចំនួន ដូចជាលោក សោម សូខេន អតីតអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានសាលាខេត្តបន្ទាយមានជ័យ, លោក អ៊ុក កែវរតនៈ ព្រមទាំងគូកន ត្រូវបានលោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បើកការស៊ើបសួរចោទប្រកាន់ពីបទក្លែងបន្លំអក្សរក្នុងឯកសារសាធារណៈ ពីបទឆបោក និងពីបទកាប់រានព្រៃ ឈូសឆាយដីព្រៃ និងហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ ដោយដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ២៧អក.បជ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣, លេខ៥៤អក.បជ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ និងលេខ៥៥អក.បជ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ ។ ក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌដ៏រសើបនេះ មានលោក អាំង មាលតី អតីតប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើជាចៅក្រមស៊ើបសួរ ។
ទោះយ៉ាងណាក៏ដោយ នៅទីបំផុតគេមិនបានឃើញបុរសខ្លាំងជានាយករដ្ឋមន្ត្រីមានវិធានការផ្លូវច្បាប់ជាដុំកំភួនទៅលើលោកចៅក្រម អាំង មាលតី អតីតជាមេតុលាការខេត្តបន្ទាយមានជ័យ តាមរបាយការណ៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុង អឿន អតីតអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នោះឡើយ គឺបានត្រឹមបញ្ចប់មុខតំណែងឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុង អឿន ជាម្ចាស់របាយការណ៍ពីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្រោមរូបភាពដាក់ឲ្យចូលនិវត្តន៍ និងផ្លាស់ប្តូរភារកិច្ចលោកចៅក្រម អាំង មាលតី ពីប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ឲ្យមកជាប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៤/៤៤៨ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤ យ៉ាងហ៊ឺហាថែមទៀតទៅវិញ ខណៈដែលសំណុំរឿងក្តីព្រហ្មទណ្ឌខាងលើក៏ត្រូវបានអូសសណ្តោងផ្ទេរសមត្ថកិច្ចមកកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តផងដែរ ។
សូមបញ្ជាក់ជូនដែរថា មានជនជាតិអង់គ្លេសជាពាណិជ្ជករម្នាក់ គឺលោក Gregg Thomas Fryett ហៅ Gregg អាយុ៤៧ឆ្នាំ បានទទួលរងគ្រោះនៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌខាងលើនេះ រហូតដល់ថ្នាក់ជាប់ឃុំខ្លួននៅពន្ធនាគារព្រៃស(ម១)នៅឡើយ ហើយគេហទំព័រសារព័ត៌មានដើមត្នោតនឹងលើកយកមកចុះផ្សាយលំអិតនៅលេខក្រោយជាបន្តបន្ទាប់ទៀត ៕