មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តពាក់ស្លាកលេខខេមរភូមិន្ទ បុកទៅលើទោចក្រយានយន្តទៀតហើយ កាលពីវេលាម៉ោង១២និង៣៥នាទីថ្ងៃត្រង់ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ឋិតក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី បណ្តាលឲ្យអ្នកជិះទោចក្រយានយន្តរងរបួសធ្ងន់ធ្ងរត្រង់ក្បាល ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដើម្បីសង្គ្រោះជាបន្ទាន់ ខណៈអ្នកបើកបររថយន្តបង្កបានព្យាយាមបើករត់គេចមិនទទួលខុសត្រូវ បានចម្ងាយជាង២០គីឡូម៉ែត្រ ទើបសមត្ថកិច្ចស្ទាក់ឃាត់ចាប់បាននៅត្រង់ចំណុចផ្លូវបំបែកជាបីអូរចង ។
ប្រភពព័ត៌មានពីសាក្សីជាប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយរថយន្តម៉ាក ISUZU ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខខេមរភូមិន្ទ10.2-9101 មួយគ្រឿង បើកបរពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន និងមកដល់ចំណុចកើតហេតុ ក៏បានពើបនឹងទោចក្រយានយន្តមួយគ្រឿងម៉ាក Smash Rivo ពណ៌ក្រហម គ្មានពាក់ស្លាកលេខ ជិះម្នាក់ឯងចេញពីតូបលក់សម្ភារៈគ្រឿងបន្លាស់រថយន្ត ក្នុងទិសដៅស្របគ្នាបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកជិះទោចក្រយានយន្តរងរបួសធ្ងន់ធ្ងរ ដួលបោកក្បាលដោយផ្លោងប៉ើងប្រមាណជាង២០ម៉ែត្រ ខណៈអ្នកបើកបររថយន្តបានបង្កើនល្បឿនព្យាយាមបើករត់គេចខ្លួនមិនទទួលខុសត្រូវ ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា អ្នកបើកបររថយន្តបង្កដែលសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរចងធ្វើការស្ទាក់ឃាត់បាននោះ មានឈ្មោះ អ៊ែល លី ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម មុខរបរជាអង្គរក្ស មានទីលំនៅខេត្តកំពង់ចាម ។ រីឯជនរងគ្រោះដែលជិះទោចក្រយានយន្តទទួលរងរបួសធ្ងន់ធ្ងរនោះមានឈ្មោះ ភា រក្ស ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ។
បច្ចុប្បន្នក្រៅពីជនរងគ្រោះដែលត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីនោះ គឺទោចក្រយានយន្ត រថយន្ត និងអ្នកបើកបររថយន្តបង្កើត្រូវបានបញ្ជូនយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ រង់ចាំដោះស្រាយតាមក្រោយ និងកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ ។
អនុលោមតាមមាត្រា៥, មាត្រា៦ និងមាត្រា១១ នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៧៧អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះ និងប្រកាសរបស់ក្រសួងការពារជាតិលេខ០៦៤/២០០៩ប្រ.ក ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការចេញប័ណ្ណ ស្លាកលេខចរាចរណ៍ និងប័ណ្ណសំគាល់ស្ថាប័ន កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ គឺរថយន្តដែលពាក់ស្លាកលេខខេមរភូមិន្ទ10.2-9101 ជារថយន្តរបស់ក្រសួងការពារជាតិ ប្រើប្រាស់ដោយក្រុមបេសកកម្មយោធាបរទេសសម្រាប់នៅសមរភូមិ និងការងារការពារជាតិ ជាមធ្យោបាយសម្រាប់ដឹកជញ្ជូនសម្ភារៈទ័ព ឬដឹកជញ្ជូនកងទ័ព ដោយត្រូវលាបពណ៌ត្រេអ៊ីទៀតផង ។ ប៉ុន្តែចំពោះរថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនត្រូវបានលាបពណ៌ត្រេអ៊ី និងក៏មិនឃើញមានដឹកដំណើររបស់យោធាបរទេសអ្វីឡើយ ។
តាមការកត់សម្គាល់ជាក់ស្តែងបានបង្ហាញឲ្យឃើញថា មានរថយន្តទំនើបៗជាច្រើនគ្រឿង រួមមានម៉ាក Landcruiser, Lexus និង Range Rover …ត្រូវបានគេយកមកធ្វើចរាចរណ៍តាមផ្លូវសាធារណៈយ៉ាងព្រោងព្រាត ដោយពាក់ស្លាកលេខខេមរភូមិន្ទ មិនបាច់លាបពណ៌ត្រេអ៊ី និងយកទៅប្រើប្រាស់សម្រាប់ការងារការពារជាតិអ្វីនោះទេ ដ្បិតរថយន្តទាំងនោះជារថយន្តកម្មសិទ្ធិឯកជន យកមកពាក់ស្លាកលេខខេមរភូមិន្ទ បំពានលើអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងប្រកាសរបស់ក្រសួងការពារជាតិ ប៉ុន្តែបែរជាសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាំគ្នាស្ងាត់មាត់ដូចគេចុក មិនមានវិធានការទាល់តែសោះ ទុកឲ្យប៉ះពាល់ដល់កិត្យានុភាពនៃកងយោធពលខេមរភូមិន្ទទាំងមូលទៅវិញ ៕