មានរឿងរ៉ាវភ្ញាក់ផ្អើលមួយទាំងកណ្តាលអធ្រាត្របានកើតឡើងវេលាម៉ោង០០ និង១៥នាទី ឈានចូលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ ម្សិលមិញនេះ នៅក្នុងបន្ទប់ផ្ទះជួល ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយសារបុរសជាប្តីម្នាក់បានតាមទាន់ភរិយារបស់ខ្លួនកំពុងដេករួមភេទជាមួយប្រុសសាហាយ និងបានហៅសមត្ថកិច្ច និងក្រុមគ្រួសារបងប្អូនសាច់ញាតិ ព្រមទាំងអ្នកកាសែតឲ្យជួយធ្វើជាសាក្សីដឹងឮ ដើម្បីទុកឲ្យស្ថាប័នច្បាប់ដោះស្រាយតាមនីតិវិធី។
បុរសជាប្តីដែលតាមទាន់ប្រពន្ធកំពុងដេករួមភេទជាមួយប្រុសស្នេហ៍នោះ មានឈ្មោះ ហ៊ុន ឈុនហាវ អាយុ៣១ឆ្នាំ មុខរបរជាអ្នករត់រថយន្តតាក់ស៊ី និងស្រីជាប្រពន្ធលួចមានសាហាយស្មន់នោះមានឈ្មោះ ភឿន ធីតា អាយុ២៨ឆ្នាំ មុខរបរជាមេផ្ទះមានកូន២នាក់ (ប្រុសម្នាក់ និងស្រីម្នាក់) ឋិតក្នុងបន្ទុក។ រីឯបុរសជាប់ឈ្មោះជាសាហាយស្មន់ជាមួយប្រពន្ធគេនោះមានឈ្មោះ កឹម ប៊ុនកាត អាយុ២៦ឆ្នាំ មានមុខរបរជាមេកន្ទុយលេខ (ឆ្នោត) ខណៈអ្នកពាក់ព័ន្ធទាំង៣នាក់នោះរស់នៅក្នុងភូមិកើតហេតុជាមួយគ្នា។
ប្រភពព័ត៌មានពីបុរសជាប្តីបានឲ្យដឹងថា សាច់ញាតិ និងអ្នកជិតខាងតែងបានប្រាប់គាត់ថា ប្រពន្ធរបស់គាត់តែងណាត់ប្រុសសាហាយដេកនៅជាមួយគ្នាប្រហែល៤ខែមកហើយ ពេលគាត់មិននៅផ្ទះទៅរត់តាក់ស៊ីបាត់ៗ។ ពេលដំបូងគាត់មិនទាន់ជឿភ្លាមៗទេ តែគាត់បានសង្កេតតាមដានជាបណ្តើរៗ ដ្បិតគាត់ចាប់អារម្មណ៍ឃើញប្រពន្ធមានអាកប្បកិរិយាប្លែកដូចអ្នកជិតខាងប្រាប់មែន។ លុះបន្តមកគាត់ទទួលបានការនិយាយប្រាប់ពេញៗមាត់ពីអ្នកជិតខាង និងសាច់ញាតិបងប្អូនចូលពេញៗត្រចៀកពេក គាត់ក៏រៀបកម្លាំងចំនួន៣នាក់ឲ្យដាក់វេនគ្នាជាបីវេន មានព្រឹក ល្ងាច និងពេលយប់ ដើម្បីឃ្លាំមើលតាមដានឲ្យបានស្អិត។ ស្រាប់តែមកដល់យប់កើតហេតុពេលគាត់ចេញទៅរត់តាក់ស៊ីដូចសព្វដង អ្នកតាមដានបានទូរស័ព្ទប្រាប់មកគាត់ថា ប្រុសសាហាយរបស់ស្ត្រីជាប្រពន្ធគាត់បានមកចូលដេកជាមួយប្រពន្ធគាត់ទៀតហើយ។
បុរសជាប្តីដែលទទួលរងប្រពន្ធផិតក្បត់រូបនោះ បានបន្តឲ្យដឹងទៀតថា ដោយសារផ្ទះរបស់់គាត់កំពុងជួសជុលសាងសង់ ទើបគាត់ និងក្រុមគ្រួសារបានមកជួលបន្ទប់ស្នាក់នៅជាបណ្តោះអាសន្ន និងក៏បានក្លាយជាឱកាសឲ្យប្រពន្ធប្រព្រឹត្តផិតក្បត់រូបគាត់ពេលគាត់មិននៅផ្ទះចេញទៅរត់តាក់ស៊ីរហូតដល់តាមដានមានព័ស្តុតាងជាក់ស្តែងតែម្តង។
ចំណុចគួរឲ្យកត់សម្គាល់នៅក្នុងរឿងរ៉ាវប្តីតាមទាន់ប្រពន្ធផិតក្បត់កំពុងរួមភេទជាមួយប្រុសស្នេហ៍ក្នុងបន្ទប់ជួលនេះ គឺបុរសជាប្តីមិនបានប្រើអំពើហិង្សានាំឲ្យខុសច្បាប់អ្វីឡើយ ហើយបែរជាបានកោះហៅសមត្ថកិច្ចនគរបាល និងបងប្អូនសាច់ញាតិ ព្រមទាំងអ្នកកាសែតឲ្យធ្វើជាសាក្សីចូលរួមដឹងឮទុកឲ្យស្ថាប័នច្បាប់ដោះស្រាយដោយសន្តិវិធី និងតាមនីតិវិធី។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីហើយ៕