បុរសជាមន្ត្រីនគរបាលម្នាក់មានឋានៈជានាយរងប៉ុស្តិ៍រដ្ឋបាលសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានឃាតកមិនស្គាល់មុខប្រើដែកចំពុះទង់ចាក់ពីក្រោយខ្នងបណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេចក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២០ និង១៥នាទីយប់ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤ កន្លងទៅថ្មីៗនេះ ខណៈជនរងគ្រោះកំពុងបណ្តើរទោចក្រយានយន្តរបស់អង្គភាពមួយគ្រឿងពាក់ស្លាកលេខនគរបាល 1-4864 ពណ៌ខ្មៅ តាមបណ្តោយផ្លូវមាត់ស្ទឹងសង្កែ ត្រើយខាងលិច ទល់មុខមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបាត់ដំបង ក្បែរស្ពានឯកឧត្តម ស ខេង ឋិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដើម្បីចតទុកដាក់ទោចក្រយានយន្ត ចូលទៅមើលស្តង់ពិព័រណ៍លក់អីវ៉ាន់ ដែលគេទម្លាក់ការសង្ស័យថា ជាទំនាស់រឿងរ៉ាវស្នេហាត្រីកោណ។
សមត្ថកិច្ចអាវុធហត្ថក្រុងបាត់ដំបង បានឲ្យដឹងថា មន្ត្រីនគរបាលរងគ្រោះ ដែលមានឋានៈជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសឿនោះ មានឈ្មោះ ស្រី វ៉ាន់រ៉ា អាយុ៣៧ឆ្នាំ រស់នៅភូមិបាឡូត ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
តាមការបញ្ជាក់របស់សាក្សីដែលប្រាប់ទៅសមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោង និងកន្លែងកើតហេតុខាងលើ ខណៈបុរសរងគ្រោះកំពុងបណ្តើរ និងរកកន្លែងចតទោចក្រយានយន្តចូលទៅរកទិញអីវ៉ាន់ក្នុងស្តង់ពិព័រណ៍លក់អីវ៉ាន់នោះ ស្រាប់តែមានមនុស្សជិះទោចក្រយានយន្តមួយគ្រឿងតាមពីក្រោយដកកាំបិតចំពុះទង់ប្រវែងជាង២តឹកចាក់ជាប់ពីក្រោយចំត្រង់បោះដៃផុតបណ្តាលឲ្យបុរសរងគ្រោះប្រកាច់ស្លាប់ភ្លាមៗក្នុងថ្លុកឈាម ខណៈនាយប់កើតហេតុនោះដែរ មនុស្សពាក់ព័ន្ធមួយចំនួនត្រូវបានសមត្ថកិច្ចនគរបាលហៅទៅសាកសួរ។
មជ្ឈដ្ឋានប្រជាពលរដ្ឋជាច្រើននាក់បាននិយាយពេញៗមាត់ថា ករណីឃាតកម្មនេះ គឺជារឿងទំនាស់ស្នេហាត្រីកោណ ព្រោះបុរសរងគ្រោះដែលជាមន្ត្រីនគរបាលនោះមានប្រពន្ធដើម ប្រពន្ធចុង និងកូនស្រីធម៌ក្រមុំស្អាតៗ និងអ្នកខ្លះទៀតបាននិយាយថា ប្រពន្ធដើមមានប្រុសថ្មី រីឯប្រពន្ធចុងក៏មានប្រុសថ្មី ហើយបុរសជាប្តីជាជនរងគ្រោះបែរជាមានកូនស្រីធម៌ក្រមុំទៀត (កូនស្រីធម៌ជាកូនជាងអ៊ុតសក់របស់ប្រពន្ធចុង)។
ទោះយ៉ាងណាក៏ដោយសំណុំរឿងឃាតកម្មដ៏រន្ធត់មួយនេះទុកឲ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញាឃាតកដៃដល់ ឈានទៅចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ទៅចុះ៕