ដោយសារជាអ្នកមានទ្រព្យធន និងបានបរិច្ចាគលុយកាក់ចាប់ពី១០ម៉ឺនដុល្លារអាមេរិកឡើងទៅ ក្នុងការចូលរួមចំណែកកសាងសមិទ្ធផលនានាជូនសង្គមជាតិ ទោះតាមផ្លូវពុទ្ធចក្រក្តី ទោះតាមផ្លូវអាណាចក្រក្តី ទើបជនទាំងនោះត្រូវបានព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ត្រាស់បង្គាប់តែងតាំងជាឧកញ៉ា ខណៈដែលមានលោកជំទាវជាភរិយារបស់មន្ត្រីស៊ីវិល និងមន្ត្រីប្រដាប់អាវុធជាច្រើននាក់ហើយ ត្រូវទទួលបានការតែងតាំងជាឧកញ៉ាជាហូរហែ ។ ប៉ុន្តែមជ្ឈដ្ឋាននានាមានការងឿងឆ្ងល់ដែរថា បើនិយាយពីស្នាដៃក្នុងការបរិច្ចាគធនធានកសាងសមិទ្ធផលជូនជាតិរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺទំនងជាមានទំហំមហាធំធេងណាស់ទៅហើយ ចុះហេតុអ្វីបានជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មិនទទួលបានការតែងតាំងជាឧកញ៉ាដូចភរិយារបស់ថ្នាក់ដឹកនាំមួយចំនួនទៀតទៅវិញ ?
ភរិយារបស់ថ្នាក់ដឹកនាំ ឬមន្ត្រីជាន់ខ្ពស់មួយចំនួនដែលទទួលបានការតែងតាំងជាឧកញ៉ា រួមមាន ៖ ១-លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ជាភរិយារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កែ គឹមយ៉ាន អតីតអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ(តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៣០៨/២៧៨ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០០៨) ២-លោកជំទាវ ឡុង សាខន ស៊ិន សុង ភរិយារបស់សពឯកឧត្តម ស៊ិន សុង (តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៩០៩/៩០៥ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៩) ៣-លោកជំទាវ ចាប ច័ន្ទម៉ានីកា ភរិយារបស់ឯកឧត្តមឧកញ៉ា ជា ចំរើន អតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល (តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១០/៤៨០ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១០) ៤-លោកជំទាវ អ៊ុក ម៉ាលី ម៉ា ឈឿន ភរិយារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ា ឈឿន អតីតប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា (តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១០/៥៣៧ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១០) ៥-លោកជំទាវ ហុង សុជាតា សួន សិទ្ធី ភរិយាឯកឧត្តមឧកញ៉ា សួន សិទ្ធី អតីតអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (CIB) និងបច្ចុប្បន្នជាអនុប្រធានអាជ្ញាធរសវនកម្មជាតិ(តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១២/៤៨៤ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១២) ៦-លោកជំទាវ នឹម គឹមវ៉ា ជឿន សុវណ្ណថា ភរិយារបស់លោកឧត្តមសេនីយ៍ ជឿន សុវណ្ណថា មេបញ្ជាការយោធភូមិភាគទី២(តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១២/៤៩៨ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២)…។ល។
ក្នុងចំណោមភរិយារបស់មន្ត្រីជាន់ខ្ពស់នៅកម្ពុជា គឺមានតែភរិយារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រីម្នាក់គត់ ដែលទទួលបានគោរមងារជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ ប៉ុន្តែសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គួរតែត្រូវបានតែងតាំងគោរមងារជាឧកញ៉ាបន្ថែមទៀត ទើបស័ក្តិសមនឹងទំហំនៃការបរិច្ចាគធនធានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ដិត លើការកសាងសមិទ្ធផលនានា ឬក៏អង្គព្រះមហាក្សត្រ និងបុរសខ្លាំងជានាយករដ្ឋមន្ត្រី ភ្លេចត្រាស់បង្គាប់ និងទូលថ្វាយតែងតាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាឧកញ៉ាទេដឹង ? ៕