មន្ត្រីរាជការបម្រើការងារនៅក្រោមឱវាទមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ បាននាំគ្នាបរិហាររិះគន់ឯកឧត្តម ជា ជាតិ ជាប្រធាមន្ទីរនិងជាទីប្រឹក្សាឯកឧត្តមបណ្ឌិត ងួន ញ៉ិល អតីតអនុប្រធានទី១រដ្ឋសភា នីតិកាលទី៥ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំថា ឯកឧត្តមប្រធានមន្ទីរ និងជាទីប្រឹក្សាឯកឧត្តមបណ្ឌិត ងួន ញ៉ិល រួចនេះ ក្រៅពីពូកែជំនាញខាងប្រព្រឹត្តអំពើពុករលួយ កិបកេងថវិកាជាតិ និងថវិការបបនិវត្តន៍ជន និងអតីតយុទ្ធជននោះ គឺថ្លើមធំហ៊ានរំលោភបំពានប្លន់យកដីធ្លីប្រជារាស្ត្រចំនួន៣៤គ្រួសារ ស្មើនឹង៥៤ហិកតា នៅចំណុចដីស្រែវាលក្រោម តំបន់បាតព្រលាក ឋិតក្នុងភូមិពោធិ៍តាអ៊ុន សង្កាត់ស្រយូវ ក្រុងស្ទឹងសែន (អតីតស្រុកស្ទឹងសែន) ខេត្តកំពង់ធំ ធ្វើឲ្យប្រជារាស្ត្រជាម្ចាស់ដីខឹងសម្បាក្តៅក្រហាយ និងប្តឹងទៅស្ទើរគ្រប់ស្ថាប័ន តែមិនទាន់មានដំណោះស្រាយនៅឡើយទល់បច្ចុប្បន្ន ។
លោក ឃុត នាង និងលោក ភោ ភឿក តំណាងប្រជារាស្ត្រចំនួន៣៤គ្រួសារ បានឲ្យដឹងថា ដីធ្លីដែលលោក ជា ជាតិ រំលោភបំពានយកនោះគឺជាដីស្រែដែលពួកគាត់បានកាន់កាប់ និងអាស្រ័យផល តាំងពីអំឡុងឆ្នាំ១៩៨៧ ដោយអ្នកខ្លះទទួលបានចំណែកដីធ្លីពីរដ្ឋចំនួន១ហិកតា ឬ២ហិកតា ។ ស្រាប់តែមកដល់ដើមឆ្នាំ២០០៦ ដីធ្លីរបស់ពួកគាត់ត្រូវបានលោក ជា ជាតិរំលោភបំពានយកធ្វើជាកម្មសិទ្ធិនិងបានយកដីធ្លីនេះធ្វើជាអាងទឹកបម្រើឲ្យផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ ។
ក្រុមតំណាងប្រជារាស្ត្របានលើកឡើងឲ្យដឹងដែរថា ក្រោយមានករណីរំលោភបំពានដីធ្លីពីសំណាក់លោក ជា ជាតិ រួចមក ពួកគាត់បានប្តឹងទៅអាជ្ញាធរឃុំ ស្រុក ខេត្ត និងឯកឧត្តម ងួន ញ៉ិល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំផងដែរ តែមិនទទួលបានលទ្ធផលឡើយ ។ លុះមកដល់ឆ្នាំ២០០៨ ពួកគាត់បានយករឿងរ៉ាវនេះប្តឹងសុំអន្តរាគមន៍ពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទើបត្រូវបានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចេញលិខិតផ្លូវការបញ្ជូនមកឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ពិនិត្យនិងដោះស្រាយ ប៉ុន្តែនៅតែស្ងាត់ឈឹងដូចចោរលួចសេះដដែល ។
ដោយឡែក មន្ត្រីរាជការបម្រើការងារនៅខេត្តកំពង់ធំ បានទម្លាយឲ្យដឹងថា ក្រៅពីមានបញ្ហាដីធ្លីជាមួយប្រជារាស្ត្រ ដោយសារអាងខ្លួនជាមន្ត្រីមានលុយ និងមានបក្ខពួកខ្សែធំជាទីប្រឹក្សាអនុប្រធានរដ្ឋសភា គឺលោក ជា ជាតិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ បានប្រព្រឹត្តអំពើពុករលួយកិបកេងថវិកាជាតិក្នុងជំពូក៦០, ជំពូក៦១,ជំពូក៦២, ជំពូក៦៤ និងជំពូក៦៥ ក្នុងមួយឆ្នាំៗបានប្រាក់រាប់រយលានរៀល ដាក់បោប៉ៅចែកគ្នាចាយជាមួយបក្ខពួករបស់គាត់ ព្រមទាំងកិបកេងប្រាក់ខែនិវត្តន៍ជន និងអតីតយុទ្ធជន ទោះបីប្រាក់ទាំងនោះត្រូវបានបើកតាមប្រព័ន្ធធនាគារក៏ដោយ ។
សូមបញ្ជាក់ជូនថា កាលពីឆ្នាំ២០១៣កន្លងទៅ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ បានចំណាយថវិកាជាតិអស់ចំនួន ១៣.៣១៦.៨១៦.១០១រៀល (ក្នុងនោះជំពូក៦០អស់ចំនួន៧៥.៧៨៦.៩១០រៀល, ជំពូក៦១អស់ចំនួន២៧៥.៣៤៨.០០០រៀល, ជំពូក៦២អស់ចំនួន៥១.៤៤១.៨០០រៀល, ជំពូក៦៤អស់ចំនួន១២.៦៣៧.៦៦៤.៤០០រៀល និងជំពូក៦៥អស់ចំនួន២៧៦.៥៧៥.៨០០រៀល) ។ ចំពោះគម្រោងចំណាយថវិកាដែលបាននិងកំពុងបន្តអនុវត្តន៍នៅឆ្នាំ២០១៤នេះ មានចំនួន១៨.៤៤០.០០០.០០០រៀល(ក្នុងនោះជំពូក៦០ចំនួន៦០លានរៀល, ជំពូក៦១ចំនួន៧៥លានរៀល, ជំពូក៦២ចំនួន៦០លានរៀល, ជំពូក៦៤ចំនួន១៧.៩២៥.០០០.០០០រៀល និងជំពូក៦៥ ចំនួន៣២០លានរៀល) ។ ទោះបីថវិកាទាំងនេះមិនទាន់បានបិទបញ្ចប់ការចំណាយក៏ដោយ ក៏គេអាចសង្កេតឃើញថា នៅតែមានបង្កប់ដោយអំពើពុករលួយដដែល គ្រាន់តែបានប្តូររូបភាពបត់បែនទំនើបកម្មជាងមុន ស្របពេលដែលក្រុមមន្ត្រីអធិការកិច្ច ឬ មន្ត្រីសវនកម្ម"ជើងដប់"ចុះត្រួតពិនិត្យតែបញ្ជីស្នាមរៀបចំរួចជាស្រេច រួចដើរផឹកស៊ីជាមួយគ្នា និងយកស្រោមសំបុត្រត្រឡប់មកវិញធ្វើរបាយការណ៍ថា រកមិនឃើញកំហុសឆ្គងរបស់លោកប្រធានមន្ទីរដ៏មហិមា ជា ជាតិ ឡើយ ។
លោក ជា ជាតិ ក្នុងឋានៈជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ ធ្លាប់ត្រូវបានតែងតាំងជាទីប្រឹក្សាឯកឧត្តមបណ្ឌិត ងួន ញ៉ិល អតីតអនុប្រធានទី១រដ្ឋសភា នីតិកាលទី៥ មានឋានៈស្មើអនុរដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៣/១០៨៥ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៣ ទើបទទួលបានងារជា "ឯកឧត្តម" ទល់សព្វថ្ងៃ ៕