លោកស្រី Julia Pierson នាយិកាភ្នាក់ងារកម្លាំងសម្ងាត់ការពារប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama បានសុំលាលែងពីមុខតំណែងកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ បន្ទាប់ពីបានទទួលស្គាល់ថា មានភាពទន់ខ្សោយ ឬអសមត្ថភាពក្នុងកិច្ចការពារសន្តិសុខរបស់លោកប្រធានាធិបតី Barack Obama ហើយសំណើនៃការសុំលាលែងពីតំណែងនេះទទួលបានការយល់ស្របពីសំណាក់លោក Jeh Johnson រដ្ឋមន្ត្រីសន្តិសុខផ្ទៃក្នុងអាមេរិករួចហើយ ។
ពាក់ព័ន្ធនឹងតួនាទីរបស់កងកម្លាំងភ្នាក់ងារសម្ងាត់ជាប៉ូលិសពិសេស ទទួលបន្ទុកការពារលោកប្រធានាធិបតីសហរដ្ឋអាមេរិក ក្រោមការគ្រប់គ្រងរបស់លោកស្រី Julia Pierson បានលេចចេញនូវរឿងអាស្រូវផ្ទួនៗគ្នា រហូតបង្កឲ្យមានការរិះគន់ពីបណ្តាសមាជិកសភា ក្រោយមានសកម្មភាពលុកចូលក្នុងសេតវិមានដោយអតីតទាហានអាមេរិក ដែលធ្លាប់បញ្ជូនទៅច្បាំងនៅអ៊ីរ៉ាក់ កាលពីវេលាល្ងាចនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤កន្លងទៅ ។ អតីតយុទ្ធជនអាមេរិកធ្លាប់ច្បាំងនៅអ៊ីរ៉ាក់ ដែលមានឈ្មោះ Omar Gonzales អាយុ៤២ឆ្នាំ មានដើមកំណើតនៅ Texas រូបនោះ បានឡើងផ្លោះរបងដែកកម្ពស់២,៣០ម៉ែត្រភាគខាងជើង កាត់តាមបរិវេណសេតវិមានចម្ងាយជាង៦០ម៉ែត្រ និងច្រកទ្វារសំខាន់ចូលអគារជាន់ផ្ទាល់ដី រហូតដល់រត់កាត់បន្ទប់ជាច្រើន មុនពេលភ្នាក់ងារពិសេសចាប់ខ្លួនបាននៅបន្ទប់ East Room ជាមួយនឹងកាំបិតបត់មួយក្នុងហោប៉ៅ ខណៈលោកប្រធានាធិបតី Barack Obama ទើបចាកចេញពីសេតវិមាន ។ ក្រោយមក នៅក្នុងរថយន្តរបស់អតីតយុទ្ធជនរូបនោះត្រូវបានឆែកឃើញមានគ្រាប់កាំភ្លើងមួយចំនួន ។
រឿងរ៉ាវដែលនាំឲ្យសភាសហរដ្ឋអាមេរិកខឹងសម្បាក្តៅក្រហាយជាបន្តបន្ទាប់នោះ គឺកាលពីខែមីនា ឆ្នាំ២០១៤កន្លងទៅ មានភ្នាក់ងារសម្ងាត់ដទៃៗត្រូវបានគេប្រទះឃើញផឹកស្រាស្រវឹងជោកនៅប្រទេសហូល្លង់ ។ កាលពីឆ្នាំ២០១២ បណ្តាភ្នាក់ងារសម្ងាត់ដែលមានបេសកកម្មនៅប្រទេសកូឡុំប៊ី បែរជានាំស្រីរកស៊ីផ្លូវភេទមកដេកជាមួយទៅវិញ ។
ដោយឡែក កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ បុរសម្នាក់បានបាញ់កាំភ្លើងសំដៅសេតវិមានចេញពីរថយន្តរបស់ខ្លួន ហើយស្នាមគ្រាប់កាំភ្លើងនោះ ត្រូវបានរកឃើញរយៈពេលច្រើនថ្ងៃក្រោយមក ៕