តាមរយៈ Timeline នៃបណ្តាញព័ត៌មានសង្គម Facebook ឯកឧត្តម ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានប្រកាសកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ម្សិលមិញថា ឯកឧត្តមបានទៅព្យាបាល និងដាក់ធ្មេញចំនួន១ក្នុងតម្លៃដ៏ខ្ពស់ គឺ១.៥០០ដុល្លារអាមេរិក ហើយឯកឧត្តមបានបង់រំលោះនៅសល់តែ១.០០០ដុល្លារអាមេរិកទៀតប៉ុណ្ណោះ ប៉ុន្តែពេទ្យធ្មេញបានប្រកាសទារលុយពីឯកឧត្តមដែលនៅជំពាក់នោះតាមរយៈវិទ្យុអាស៊ីសេរី ។
ឯកឧត្តមជាសមាជិករាជរដ្ឋាភិបាលកម្ពុជា ដែលមានសញ្ជាតិអាមេរិក ដើមកំណើតខ្មែររូបនេះ បានបញ្ជាក់ឲ្យដឹងថា ការព្យាបាលនិងដាក់ធ្មេញចំនួន១នោះ ឯកឧត្តមទទួលបានវិក្កយបត្រមួយ ដែលធ្វើឲ្យឯកឧត្តមរន្ធត់ញ័រដៃញ័រជើងហួសពីការស្មាន ដែលអាចចាត់ទុកថា ជាតម្លៃប្លន់ពីអតិថិជន ដោយមិនបានប្រាប់ឯកឧត្តមឲ្យដឹងខ្លួនជាមុន ។
ការប្រកាសរបស់ឯកឧត្តម ផៃ ស៊ីផាន តាម Facebook បែបនេះ បានធ្វើឲ្យប្រិយមិត្តអ្នកលេង Facebook មួយចំនួនសន្និដ្ឋានថា ឯកឧត្តម ផៃ ស៊ីផាន ចាប់ផ្តើមល្បីឈ្មោះក្នុង Facebook សាជាថ្មីទៀតហើយក្នុងរឿងព្យាបាល និងដាក់ធ្មេញដោយបង់រំលោះ តែនៅជំពាក់ថ្លៃព្យាបាលនិងដាក់ធ្មេញរហូតដល់ទៅ១.០០០ដុល្លារអាមេរិក បន្ទាប់ពីឯកឧត្តមបានរៀបការជាមួយស្ត្រីវ័យក្មេងយកធ្វើជាភរិយាកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤កន្លងមក ។
យោងតាមវិក្កយបត្រជាព័ស្តុតាងទាក់ទងនឹងការព្យាបាល និងដាក់ធ្មេញមាសចំនួន១របស់ឯកឧត្តម ផៃ ស៊ីផាន បានបង្ហាញថា ឯកឧត្តម ផៃ ស៊ីផាន បានព្យាបាលនិងដាក់ធ្មេញកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ (មុនពេលរៀបអាពាហ៍ពិពាហ៍)នៅមន្ទីរព្យាបាលធ្មេញម៉ាស្ទ័រឃែរ (Master Care Dental Clinic) មានអាសយដ្ឋានផ្ទះលេខ៦៩១ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងតម្លៃសរុបចំនួន១.៤៦២ដុល្លារអាមេរិក គឺមិនមែន១.៥០០ដុល្លារអាមេរិក ដូចការប្រកាសរបស់ឯកឧត្តម ផៃ ស៊ីផាន ឡើយ ។
ដោយសារឯកឧត្តម ផៃ ស៊ីផាន ជាសមាជិករាជរដ្ឋាភិបាល ក្រោមឱវាទសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី និងក្រោមឱវាទឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាដន្លងដងស្នែងបុរសខ្លាំងនោះ ទើបរឿងរ៉ាវរបស់ឯកឧត្តម ផៃ ស៊ីផាន ត្រូវបានប្រិយមិត្តអ្នកលេង Facebook លើកយកមកពិភាក្សា គ្រាន់បានកែអផ្សុកដូចតទៅ ៖
១-អាចមកពីចរិតរបស់ឯកឧត្តម ផៃ ស៊ីផាន ផ្ទាល់ដែលចង់ល្បីឈ្មោះ ព្រោះរឿងជំពាក់លុយថ្លៃព្យាបាល និងដាក់ធ្មេញចំនួន១.០០០ដុល្លារអាមេរិក តាមវិធីបង់រំលោះ ។
២-អាចមកពីឯកឧត្តម ផៃ ស៊ីផាន ចង់បង្ហាញថា ឯកឧត្តមជាមន្ត្រីស្អាតស្អំ មិនពុករលួយ ឬធ្វើជាសមាជិករាជរដ្ឋាភិបាលមិនចំកន្លែងខ្លាញ់ ទើបគ្មានលុយក្រាស់ក្រែលដូចមន្ត្រីថ្នាក់សមាជិករាជរដ្ឋាភិបាលដទៃទៀត សូម្បីតែថ្លៃព្យាបាលនិងដាក់ធ្មេញចំនួន១ ក៏ត្រូវជំពាក់ និងបង់រំលោះដែរ ។
៣-អាចមកពីឯកឧត្តម ផៃ ស៊ីផាន ចង់បង្ហាញឲ្យឃើញថា គ្រប់ការចុះចូលទៅបម្រើជីវភាពនយោបាយឲ្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកាន់កាប់អំណាចផ្តាច់មុខនៅកម្ពុជានោះ មិនមែនសុទ្ធតែមានឱកាសបានក្លាយទៅជាមន្ត្រីថ្នាក់សមាជិករាជរដ្ឋាភិបាល មានទ្រព្យសម្បត្តិមហាសាលហូរហៀរនោះទេ ។
មានប្រិយមិត្តអ្នកអានគាំទ្រគេហទំព័រសារព័ត៌មានដើមត្នោតមួយចំនួន បានទូរស័ព្ទប្រាប់ឲ្យដឹងថា ទំនងជាពួកគេអាចកៀរគរបង្កើតជាមូលនិធិប្រមូលលុយកាក់ចូលរួមបង់រំលោះថ្លៃព្យាបាលនិងដាក់ធ្មេញរបស់ឯកឧត្តម ផៃ ស៊ីផាន ដើម្បីជួយសម្រាលបន្ទុកឯកឧត្តមរូបនេះ កុំឲ្យម្ចាស់គ្លីនិកធ្មេញតាមទារលុយឯកឧត្តមតាមរយៈវិទ្យុអាស៊ីសេរី មានទីស្នាក់ការនៅសហរដ្ឋអាមេរិកតទៅទៀត ក្នុងករណីម្ចាស់គ្លីនិកនោះយល់ព្រម ៕