នារសៀលថ្ងៃសុក្រ ទី០៣ ខែតុលា ឆ្នាំ២០១៤នេះ កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី បានសាងកំណត់ត្រាថ្មីមួយប្រកបដោយមោទកភាពដ៏ធំធេងដល់កម្ពុជា តាមរយៈការទទួលបានមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតកីឡា Asian Games លើកទី១៧ នៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង ដែលជាមេដាយមាសដំបូងបំផុតបើគិតចាប់តាំងពីកម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីបមួយនេះ នាអំឡុងឆ្នាំ១៩៥៤មក និងក៏ជាការចាប់ផ្តើមទទួលបានមេដាយឡើងវិញផងដែរសម្រាប់កម្ពុជា បន្ទាប់ពីខកខានអស់រយៈពេល៤៤ឆ្នាំកន្លងមក ។
លទ្ធផលនៃការទទួលបានមេដាយមាសកម្រិតអន្តរជាតិរបស់កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី អាយុ១៩ឆ្នាំរូបនេះ លើប្រភេទទម្ងន់៧៣គីឡូក្រាម បន្ទាប់ពីបានយកឈ្មះកីឡាការិនីអ៊ីរ៉ង់ Rouhani Fatemeh នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល៧ទល់នឹង៤ ។ មុនមកកាន់វគ្គផ្តាច់ព្រ័ត្រ វីរកីឡាការិនីរូបនេះបានផ្តួលកីឡាការិនីអ៊ូបេគីស្ថាន Abdullaeva Umida ក្នុងលទ្ធផល៩ទល់នឹង៧នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ និងផ្តួលកីឡាការិនីហ្វីលីពីន Alora Kirstie Elaine ក្នុងលទ្ធផល៦ទល់នឹង៥ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
ព្រឹត្តិការណ៍ឈ្នះមេដាយមាសនាំមកជូនប្រទេសជាតិ ដោយកីឡាការិនី ស៊ន សៀវម៉ី បានធ្វើឲ្យអ្នកគាំទ្រកម្ពុជាទាំងក្នុង ទាំងក្រៅប្រទេសមានការរំជួលចិត្តត្រេកអរឥតឧបមាចំពោះជ័យជម្នះប្រកបដោយមោទកភាពសម្រាប់ជាតិ និងកីឡាការិនីវ័យក្មេង ស៊ន សៀវម៉ី ។
យោងតាមស្មារតីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៥៣២អនក្រ.បក ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្តីពីគោលការណ៍នៃការផ្តល់ប្រាក់រង្វាន់ចំពោះជ័យលាភី និងប្រាក់ឧបត្ថម្ភចំពោះគ្រូបង្វឹក ដើម្បីជាការលើកទឹកចិត្តក្នុងការប្រកួតកីឡាជាលក្ខណៈអន្តរជាតិនោះ គឺ វីរកីឡាការិនី ស៊ន សៀវម៉ី នឹងត្រូវទទួលបានប្រាក់រង្វាន់ពីរាជរដ្ឋាភិបាលចំនួន៨០លានរៀល ៕