ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កម្ពុជា​ចាត់ការ​បាន​ត្រឹម​មន្ត្រី​តូចតាច​ថ្នាក់​ក្រោម​ រីឯ​មន្ត្រី​ថ្នាក់លើ​ធ្វើ​ឫក​គ្រហើៗ​រួចខ្លួន​រហូត​

​កាលពី​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​មាន​ឯកឧត្តម​បណ្ឌិត​ ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ ជា​ប្រធាន​ បាន​ចាប់​ឃាត់ខ្លួន​លោក​ ហ៊ី​ ណា​រិ​ន​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ចំនួន​៨​ករណី​ ដោយ​បាន​កិបកេង​ប្រាក់​ប្រមាណ​២.៧១២.២៣៦.០០០​រៀល​(​ជិត​៧០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​)​ ទុកជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ នាំ​ឲ្យ​មានការ​អបអរសាទរ​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​នានា​ចំពោះ​ចំណាត់ការ​មួយ​នេះ​ ខណៈ​មជ្ឈដ្ឋាន​ជា​ច្រើន​ទៀត​បាន​លើក​ឡើង​ថា​ យោង​តាម​ស្ថានភាព​សង្គម​ខ្មែរ​បច្ចុប្បន្ន​ បើ​ត្រឹម​ឋានៈ​ជា​អធិការ​នគរបាល​ខណ្ឌ​មួយ​ ថ្លើមធំ​ហ៊ាន​ពុក​រលួយ​ដល់​ថ្នាក់​ហ្នឹង​ទៅ​ហើយ​ ចុះ​ទម្រាំ​ថ្នាក់​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ទាំងមូល​ អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ រហូត​ដល់​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​នាយក​រដ្ឋមន្ត្រី​ តើ​នឹង​មាន​លទ្ធភាព​ពុក​រលួយ​កម្រិត​ប៉ុនណា​ទៅ​ ដ្បិត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​មានឱកាស​កាន់កាប់​មុខ​តំណែង​រយៈពេល​ជាង​២០​ឆ្នាំ​ ព្រមទាំង​ស្រុក​ខ្មែរ​មាន​វប្បធម៌​"​ថ្នាក់​ក្រោម​សូក​សែន​ថ្នាក់លើ​"​ផង​នោះ​ ?

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ អនុលោម​តាម​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​អនុម័ត​ដោយ​រដ្ឋសភា​ប្រភព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងស្រុង​ នា​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១០​នោះ​ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​រួច​ហើយ​អំពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​អ្នក​កាន់​តំណែង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​មិន​ឯករាជ្យ​ ឋិត​ក្រោម​អំណាច​របស់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ទោះបី​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ចំនួន​១០​នាក់​ផ្សេង​ទៀត​ ក្រៅពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ស្វ័យប្រវត្តិ​ក៏​ដោយ​ ។​

​ដូច្នេះ​ហើយ​ ទើប​តាម​ការ​កត់សម្គាល់​ជាក់ស្តែង​កន្លង​មក​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​តែង​ចាត់ការ​យ៉ាង​ក្តៅ​គគុក​តាម​ត្រឹម​មន្ត្រី​ថ្នាក់​ក្រោម​តូចតាច​ ល្មមៗ​ ឬ​មន្ត្រី​មាន​ខ្នងបង្អែក​ បក្ខពួក​មិន​ក្រាស់​ប៉ុណ្ណោះ​ រីឯ​មន្ត្រី​ស្រទាប់​ថ្នាក់លើ​ធ្វើ​ឫក​គ្រហើៗ​រួចខ្លួន​រហូត​ ខណៈ​មន្ត្រី​ស្រទាប់​លើ​មួយ​ចំនួន​ថ្នាក់​រដ្ឋមន្ត្រី​ ទេស​រដ្ឋមន្ត្រី​ ឧបនាយករដ្ឋមន្ត្រី​ រហូត​ដល់​នាយក​រដ្ឋមន្ត្រី​ ជា​អាទិ៍​ ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ អតីតរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ និង​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​,​ ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ អតីតរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ និង​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​,​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​,​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​ដន្លងដងស្នែង​នាយក​រដ្ឋមន្ត្រី​ និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​គេ​សង្ស័យ​យ៉ាង​ខ្លាំង​ថា​ មានការ​ប្រឡាក់ប្រឡូស​ទៅ​នឹង​អំពើ​ពុក​រលួយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ និង​ប្រមូល​កើប​បានទ្រព្យ​សម្បត្តិ​មហាសាល​ ។​

​ក្រុម​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ក្រៅពី​ការ​ចាត់វិធានការ​អប់រំ​ និង​បង្ការ​ទប់ស្កាត់​នោះ​ គឺ​ការ​អនុវត្ត​ច្បាប់​បង្ក្រាប​បទល្មើស​ពុក​រលួយ​ សំដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ត្រូវ​តែ​ឲ្យ​មាន​តុល្យភាព​ទៅ​នឹង​ការ​ចំណាយ​របស់​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​មួយ​ឆ្នាំៗ​ ឬ​ក្នុង​មួយ​អាណត្តិ​ ដោយ​ត្រូវ​ផ្តោត​ថា​ តើ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​រក​ប្រាក់​ចូល​ថវិកាជាតិ​វិញ​បាន​ប៉ុន្មាន​ពី​ផល​នៃ​អំពើ​ពុក​រលួយ​ដែល​ខ្លួន​បាន​បង្ក្រាប​ក្នុង​មួយ​ឆ្នាំៗ​ ឬ​ក្នុង​មួយ​អាណត្តិ​ ?​ ប្រសិនបើ​ចំណូល​-​ចំណាយ​ថវិកាជាតិ​សម្រាប់​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​មាន​តុល្យភាព​ទេ​ "​ចាយ​ ឬ​ចេញ​ច្រើន​ជាង​ចូល​"​ គឺ​ការ​បង្កើត​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ត្រឹមតែ​ឲ្យ​ល្អមើល​ ដើម្បី​បង្អួត​ភ្នែក​សហគមន៍​ជាតិ​ និង​អន្តរជាតិ​ ខណៈ​ដែល​យន្តការ​នៃ​ការ​បង្ក្រាប​បទល្មើស​ពុក​រលួយ​នៅ​កម្ពុជា​ ត្រូវ​បាន​គេ​មើលឃើញ​ផង​ដែរ​ថា​ "​ចាត់ការ​ពី​ខាងក្រោម​"​ មិន​អាច​"​ចាត់ការ​ពីលើ​"​ ដែល​ជា​ឫសគល់​នៃ​អំពើ​ពុក​រលួយ​ឡើយ​ ។​

​សូម​រដ្ឋសភា​នីតិកាល​ទី​៥​ដែល​ជា​អង្គការ​អំណាចនីតិប្បញ្ញត្តិ​មេត្តា​គិតគូរ​លៃលក​យ៉ាងណា​ឲ្យ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​ទាំងមូល​ ជា​ពិសេស​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​ឯករាជ្យ​ភាព​ពិតប្រាកដ​ក្នុង​ការ​បំពេញ​មុខងារ​ តាម​រយៈ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.