ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

ភរិយា​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ គឺ​លោក​ជំទាវ​ឧកញ៉ា​ ម៉ៅ​ ម៉ា​ល័យ​ ត្រូវ​បាន​ជនបរទេស​ប្តឹង​ពី​បទ​ឆបោក​និង​រំលោភ​លើ​ទំនុកចិត្ត​

​មានរឿង​រ៉ាវ​វឹកវរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បាន​កើតឡើង​ក្នុង​ក្រុម​គ្រួសារ​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ កែ​ គឹ​ម​យ៉ា​ន​ ឧបនាយករដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​ទៀត​ហើយ​ បន្ទាប់​ពី​បាន​ធ្លាប់​កើតឡើង​លើក​ទី​១​កាល​ដើមឆ្នាំ​២០០៩​ ដោយ​រាជរដ្ឋាភិបាល​បាន​រក​ឃើញ​ភាព​មិន​ស្របច្បាប់​លើ​កម្មសិទ្ធិ​ដីធ្លី​ និង​ការ​ប្រើប្រាស់​កងកម្លាំង​ ព្រមទាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ ពាក់ព័ន្ធ​នឹង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ កែ​ គឹ​ម​យ៉ា​ន​ អតីត​អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​ រហូត​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ សម្រេច​បញ្ឈប់​មុខ​តំណែង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ កែ​ គឹ​ម​យ៉ា​ន​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០០០០៨​ ចេញពី​អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​យ៉ាង​តក់ក្រហល់​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១០៩/០៦១​ ចុះ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០០៩​ ។​ ប៉ុន្តែ​ឥឡូវនេះ​ គឺ​លោក​ជំទាវ​ឧកញ៉ា​ ម៉ៅ​ ម៉ា​ល័យ​ កែ​ គឹ​ម​យ៉ា​ន​ ជា​ភរិយា​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ កែ​ គឹ​ម​យ៉ា​ន​ ត្រូវ​បាន​ជនជាតិ​អង់គ្លេស​ម្នាក់​ប្តឹង​ចោទប្រកាន់​ពី​បទ​ឆបោក​ និង​រំលោភ​លើ​ទំនុកចិត្ត​ ប្រព្រឹត្ត​នៅ​ខេត្ត​ បន្ទាយ​មាន​ជ័យ​អំឡុង​ឆ្នាំ​២០០៩-២០១២​ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០១៤​ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ផ្ទេរ​សមត្ថកិច្ច​សំណុំរឿង​ក្តី​នេះ​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​ជំនួស​វិញ​ ។​

​មិន​ត្រឹមតែ​លោក​ជំទាវ​ ឧកញ៉ា​ ម៉ៅ​ ម៉ា​ល័យ​ កែ​ គឹ​ម​យ៉ា​ន​ ដែល​អះអាង​ថា​ជា​អគ្គ​នាយិកា​ក្រុមហ៊ុន​ YLP​ Group​ និង​ជា​តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​មាន​ជ័យ​ម្នាក់​ប៉ុណ្ណោះ​ទេ​ ដែល​ត្រូវ​បាន​ជនបរទេស​ជា​ពាណិជ្ជករ​បាន​ប្តឹង​ពី​បទល្មើស​ព្រហ្មទណ្ឌ​ គឺ​មាន​មនុស្ស​ចំនួន​៧​នាក់​ផ្សេង​ទៀត​ ក្នុង​នោះ​មាន​មេធាវី​ចំនួន​២​នាក់​ផង​ ក៏​ត្រូវ​បាន​លោក​ Gregg​ Thomas​ Fryett​ ហៅ​ Gregg​ ជនជាតិ​អង់គ្លេស​ ប្តឹង​ចោទប្រកាន់​ពី​បទ​ឆបោក​ និង​រំលោភ​លើ​ទំនុកចិត្ត​ផង​ដែរ​ ។​

​សូម​បញ្ជាក់​ជូន​ដែរ​ថា​ យោង​តាម​របាយការណ៍​សំយោគ​លេខ​០០២/១៤​របក​.​អប​ព​ ចុះ​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៤​ របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​ លោក​ ផា​ន់​ វណ្ណ​រ័​ត្ន​ ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ធ្លាប់​បាន​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​ និង​ដាក់​ឲ្យ​ឋិត​ក្រោម​ការ​ត្រួតពិនិត្យ​ទៅ​លើ​ក្រុមហ៊ុន​ YLP​ Group​ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​មាន​ជ័យ​ ពី​បទ​ ការ​សំអាត​ប្រាក់​ ប្រព្រឹត្ត​នៅ​ខេត្តបន្ទាយមានជ័យ​ តាម​បញ្ញត្តិ​មាត្រា​៣​ ចំណុច​ក​ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សំអាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម​ ដោយ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ​៣៣​ដក​សស​ ចុះ​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៤​ ។​

​ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ក្នុង​ដំណាក់កាល​ស៊ើបសួរ​ គឺ​លោក​ អាំង​ មាលតី​ អតីត​ជា​ប្រធាន​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ និង​ជា​ចៅក្រម​ស៊ើបសួរ​ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​អនុវត្តន៍​បំពាន​លើ​នីតិវិធី​យ៉ាងធ្ងន់ធ្ងរ​ ទើប​ធ្វើ​ឲ្យ​លោក​ Gregg​ ដាក់​ពាក្យ​ប្តឹង​មោឃភាព​លើ​នីតិវិធី​ទាំងនោះ​ចោល​ជា​អសារ​បង់​ ទៅ​ស្ថាប័ន​តុលាការ​គ្រប់​ជាន់ថ្នាក់​ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​នៅឡើយ​ទេ​ ។​ ទោះ​យ៉ាងណា​ក៏​ដោយ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ នឹង​បន្ត​ធ្វើការ​តាមដាន​សំណុំរឿង​ក្តី​ដ៏​រសើប​នេះ​យក​មក​ចុះ​ផ្សាយ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​បាន​ជ្រាប​ជា​ព័ត៌មាន​ និង​បាន​ពិចារណា​តទៅ​ទៀត​ ។​

​លោក​ជំទាវ​ ម៉ៅ​ ម៉ា​ល័យ​ កែ​ គឹ​ម​យ៉ា​ន​ ភរិយា​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ កែ​ គឹ​ម​យ៉ា​ន​ ឧបនាយករដ្ឋមន្ត្រី​ ទទួល​បន្ទុក​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​ និងជាដន្លងដងស្នែងជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​ប្រកបរ​បរមុខ​ជំនួញ​យ៉ាង​សកម្ម​ ក្នុង​នាម​ជា​អភិបាល​ក្រុមហ៊ុន​ ហ្គ្រេ​ន​ភ្នំពេញ​ ហ្គោ​ល​ ខូ​លី​មី​ធី​ត​ និង​ក្នុង​សំណុំរឿង​ក្តី​ខាងលើ​នេះ​ លោក​ជំទាវ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ជា​អគ្គ​នាយិកា​ក្រុមហ៊ុន​ YLP​ Group​ និង​តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​មាន​ជ័យ​ ។​

​លោក​ជំទាវ​ ម៉ៅ​ ម៉ា​ល័យ​ កែ​ គឹ​ម​យ៉ា​ន​ ត្រូវ​បាន​ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រាស់​បង្គាប់​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣០៨/២៧៨​ ចុះ​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០០៨​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.