ក្រោយកិច្ចប្រជុំរបស់ក្រុមប្រឹក្សាការពារជាតិរួចមក នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ម្សិលមិញនេះ ក្រុងប៉ារីស បានសម្រេចបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនធុន Rafale ចំនួន៣គ្រឿងបន្ថែមទៀត រួមទាំងបញ្ជូននាវាពិឃាតការពារអាកាសមួយគ្រឿងផង មកកាន់ឈូងសមុទ្រពែក្សរ៍ ក្នុងក្រខ័ណ្ឌពង្រឹងកម្លាំងយោធា សម្រាប់ប្រតិបត្តិការប្រឆាំងក្រុមឧទ្ទាមបំបែករដ្ឋអ៊ិស្លាម(ISIS)នៅក្នុងដែនដីប្រទេសអ៊ីរ៉ាក់ ។
សេនាធិការដ្ឋានកងទ័ពបារាំងបានបញ្ជាក់ឲ្យដឹងថា យោធូបករណ៍របស់បារាំងនាពេលនេះ គឺមានយន្តហោះចម្បាំងធុន Rafale ឡើងដល់ចំនួន១០គ្រឿង សម្រាប់អន្តរាគមន៍ខាងផ្នែកយោធានៅប្រទេសអ៊ីរ៉ាក់ ។ យន្តហោះទាំងនោះបានដាក់ពង្រាយនៅមូលដ្ឋានយោធាបារាំង Aldharra ក្នុងប្រទេសអារ៉ាប់អេមីរ៉ាត ជាទីកន្លែងដែលយន្តហោះបារាំងហោះហើរចេញដើម្បីបំពេញបេសកកម្មស៊ើបការណ៍ ឬវាយប្រហារបណ្តាទីតាំងរបស់ក្រុមឧទ្ទាម ISIS ក្នុងដែនដីប្រទេសអ៊ីរ៉ាក់ ដែលបានចេញប្រតិបត្តិការចាប់តាំងពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤មកម្ល៉េះ ។
យន្តហោះចម្បាំង Dassault Rafale ដែលផលិតដោយក្រុមហ៊ុន Dassault Aviation របស់បារាំងនោះ អាចហោះហើរក្នុងល្បឿនប្រមាណ២.១៣០គីឡូម៉ែត្រក្នុង១ម៉ោង គឺល្បឿនលឿនជាងសំឡេងរបស់វារហូតដល់ទៅ២-៣ដង និងអាចបំពាក់សពា្វវុធជាច្រើន ។ យន្តហោះចម្បាំងធុននេះមានតម្លៃក្នុងរង្វង់ពី៩០លានដុល្លារអាមេរិកទៅ១០១លានដុល្លារអាមេរិកក្នុង១គ្រឿង ៕