នាវេលាម៉ោង០២និង៣៥នាទីរំលងអធ្រាត្រ ឈានចូលព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤នេះ នៅត្រង់ចំណុចបណ្តោយមហាវិថីម៉ៅសេទុង សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ មានរថយន្ត Toyota Camry បាឡែន មួយគ្រឿង បើកបរដោយស្រីស្រស់ក្មេងស្លៀកខ្លីបញ្ចេញសាច់ខ្ចីញ៉ិញ ម្នាក់ និងមានស្រីស្រស់ក្មេងម្នាក់ទៀតរួមដំណើជាមួយបានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវទាំងកំរោល បណ្តាលឲ្យនារីវ័យក្មេងជាអ្នកបើកបរដេកសន្លប់លើទ្រូងផ្លូវ និងម្នាក់ទៀតរត់គេចខ្លួនបាត់ ខណៈរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត Toyota Camry បាឡែន មួយគ្រឿងបើកបរដោយស្រីស្រស់ក្មេងម្នាក់ទាំងអាការៈស្រវឹងស្រាជោកជាំ និងមាននារីវ័យក្មេងម្នាក់ទៀតរួមដំណើរជាមួយ ក្នុងល្បឿនយ៉ាងលឿនពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុ រថយន្តក៏បានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវទាំងកំរោល ធ្វើឲ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ ក្នុងនោះគេឃើញអ្នកបើកបរជាស្រីស្រស់ក្មេងស្លៀកខ្លី បញ្ចេញសាច់ខ្ចីញ៉ិញដេកសន្លប់លើដងផ្លូវ ព្រោះស្រវឹងខ្លាំង រីឯនារីវ័យក្មេងម្នាក់ទៀតដែលរួមដំណើរជាមួយ បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល ខណៈសមត្ថកិច្ចបានទំនាក់ទំនងទៅកាន់ក្រុមគ្រួសារនារីរងគ្រោះ ព្រោះបើកបរទាំងស្រវឹងស្រា នាំទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលជំនាញ បានចុះវាស់វែង និងអូសយករថយន្តបង្កហេតុទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមច្បាប់ ខណៈសមត្ថកិច្ចមិនទាន់បានបង្ហើបប្រាប់អំពីអត្តសញ្ញាណរបស់ស្រីស្រស់ក្មេងស្រវឹងស្រា បើករថយន្តបុកបង្គោលភ្លើងទាំងកំរោលនោះនៅឡើយ ។
សូមអ្នកបើកបរយានយន្តទាំងអស់ មេត្តាបង្កើននូវស្មារតីប្រុងប្រយ័ត្ន និងត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ពីព្រោះគ្រោះថ្នាក់ចរាចរណ៍ជាឃាតកលាក់មុខដ៏គ្រោះថ្នាក់បំផុត ៕