ប្រភពព័ត៌មានពីខេត្តព្រះសីហនុ បានឲ្យដឹងថា កូនប្រុសលោកមេឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ម្នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកចាប់ឃាត់ខ្លួន នៅវេលាព្រឹកនថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤នេះ ក្នុងរឿងពាក់ព័ន្ធនឹងការរកស៊ីចែកចាយថ្នាំញៀនដ៏សកម្មក្នុងភូមិសាស្ត្រស្រុកព្រៃនប់ និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជនសង្ស័យរកស៊ីចែកចាយថ្នាំញៀន និងត្រូវជាកូនប្រុសលោកមេឃុំវាលរេញ វ៉ិត គង់ ដែលត្រូវប៉េអឹមចាប់ឃាត់ខ្លួននោះ មានឈ្មោះ គង់ អាង អាយុ២៨ឆ្នាំ រស់នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ។
ក្នុងបេសកកម្មចាប់ឃាត់ខ្លួនកូនប្រុសលោកមេឃុំវាលរេញ វ៉ិត គង់ ពាក់ព័ន្ធនឹងការរកស៊ីចែកចាយថ្នាំញៀននេះ សមត្ថកិច្ចរឹបអូសបានវត្ថុតាងមួយចំនួន រួមមាន ៖ ថ្នាំញៀនចំនួន៦កញ្ចប់តូច កាំភ្លើងកែច្នៃបាញ់គ្រាប់ឃ្លីចំនួន២ដើម ដាវសាម៉ូរ៉ៃចំនួន២ដើម និងសម្ភារៈផ្សេងៗជាច្រើនទៀត ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តចាត់ការតាមនីតិវិធីនៃច្បាប់ ៕