ប្រភពព័ត៌មានពីខេត្តសៀមរាប បានឲ្យដឹងថា នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១៦រសៀល នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ ម្សិលមិញនៅចំណុចភូមិមាត់ខ្លា ឃុំអន្លង់សំណ ស្រុកជីក្រែង ជាព្រំប្រទល់ខេត្តសៀមរាប-កំពង់ធំ និងត្រូវបានបញ្ជូនខ្លួនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់ការបន្តនៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤នេះ ពាក់ទងនឹងការប្រព្រឹត្តល្មើសច្បាប់ ខុសតួនាទីភារកិច្ច កំហែងយក និងបង្ខាំងមនុស្សជំរិតទារប្រាក់ ។
ព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ទាំង៤នាក់ដែលត្រូវបានចាប់ខ្លួននោះ រួមមាន ៖ ១-លោកវរសេនីយ៍ទោ ឈៀង លាងពៅ អាយុ៤៧ឆ្នាំ មានទីលំនៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ, ២-លោកវរសនីយ៍ទោ ម៉ា តៃយ៉ា អាយុ៥៤ឆ្នាំ មានទីលំនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ៣-លោកអនុសេនីយ៍ទោ ជា ខេង អាយុ៥៦ឆ្នាំ មានទីលមណសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង៤-លោកព្រិន្ទបាលឯក យឹម ថាណា អាយុ៣៣ឆ្នាំ មានទីលំនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈដែលមន្ត្រីនគរបាលសេដ្ឋកិច្ចទាំង៤នាក់នេះមានបេសកកម្មចុះបង្ក្រាបបទល្មើសជលផលក្នុងបណ្តាខេត្តចំនួន៥ ជុំវិញបឹងទន្លេសាប គឺខេត្តបាត់់ដំបង, ខេត្តកំពង់ឆ្នាំង, ខេត្តពោធិ៍សាត់, ខេត្តកំពង់ធំ និងខេត្តសៀមរាប ។
តាមការអះអាងពីសមត្ថកិច្ចបានឲ្យដឹងថា មន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃទាំង៤នាក់នេះ ត្រូវបានប្រជានេសាទ ដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោយប្តឹងចោទប្រកាន់ពីបទកំហែងយក និងបង្ខាំងមនុស្សជំរិតទារប្រាក់តាមរយៈការបង្ខំប្រជានេសាទឲ្យបង់ប្រាក់ពី៨លានរៀលទៅ១៣លានរៀលក្នុងម្នាក់ៗ តែត្រូវប្រជានេសាទ សុំបញ្ចុះថ្លៃត្រឹមចំនួនពី៤លានរៀលទៅ៥លានរៀល ជាថ្នូរនឹងការដោះលែងមកវិញ ។
ក្នុងពេលចាប់ឃាត់ខ្លួនមន្ត្រីនគរបាលសេដ្ឋកិច្ចទាំង៤នាក់ ព្រមទាំងអ្នកបើកកាណូតចំនួន២នាក់ផ្សេងទៀតផងនោះ សមត្ថកិច្ចធ្វើការដកហូតបានលុយចំនួន៤.៣៥០.០០០រៀល សៀវភៅកត់ត្រាឈ្មោះ អ្នកបង់ប្រាក់ចំនួន១ក្បាល(៩៧សន្លឹក) អាវុធម៉ាក AK47 ចំនួន២ដើម បង់ចំនួន២ មានគ្រាប់ចំនួន៥៤គ្រាប់ អាវុធខ្លីម៉ាក K59 ចំនួន១ដើម បង់ចំនួន១ មានគ្រាប់ចំនួន៥គ្រាប់ កាណូតម៉ាស៊ីន D16 ចំនួន១គ្រឿង និងកាណូតស្មាច់មានម៉ាស៊ីនចំនួន១គ្រឿង ៕