មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើល និងរន្ធត់មួយបានកើតឡើងនៅវេលាម៉ោង១៤និង៣០នាទីរសៀល នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤នេះ ក្នុងបរិវេណវិទ្យាល័យហ៊ុន សែន ខ្ចៅ ភូមិបឹងសាងលិច ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម ដោយគូស្នេហ៍វ័យក្មេងឋិតក្នុងការសិក្សាថ្នាក់ទី១១ ឆ្នាំបវេសនកាលថ្មីកំពុងនិយាយសាសងកៀកកើយគ្នាសុខៗ ស្រាប់តែខាងប្រុសទាញយកកូនកាំបិតចិតបន្លែចុងស្រួច ចាក់ទៅលើខាងស្រីជាដៃគូស្នេហាជាច្រើនកាំបិត បណ្តាលឲ្យស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មក្នុងថ្នាក់រៀន ហើយខាងប្រុសក៏បានធ្វើអត្តឃាតខ្លួនឯងដោយចាក់នឹងកាំបិតតាមក្រោយ ប៉ុន្តែមិនស្លាប់ បានត្រឹមរងរបួសធ្ងន់ធ្ងរ ។
សមត្ថកិច្ចនគរបាលស្រុកកងមាស បានបង្ហើបប្រាប់ឲ្យដឹងថា យុវតីជាសិស្សដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ ធី លីនដា អាយុ១៩ឆ្នាំ និងយុវសិស្សដែលទទួលរងរបួសធ្ងន់ដោយសារការធ្វើអត្តឃាតតែមិនស្លាប់ មានឈ្មោះ ទី រដ្ឋា អាយុ២០ឆ្នាំ ហើយអ្នកទាំង២មានទីលំនៅភូមិបឹងសាងលិច ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម ខណៈនៅមុនពេលកើតហេតុ តាមសាក្សីបានបញ្ជាក់ថា គូស្នេហ៍ទាំង២នាក់ជាសិស្សនោះបានចាកចេញពីផ្ទះរៀនគួរថ្នាក់ទី១១នៅវិទ្យាល័យហ៊ុន សែន ខ្ចៅ ។
តាមសាក្សីបានបញ្ជាក់ឲ្យដឹងថា ពេលគូសេ្នហ៍ជាសិស្សទាំង២នាក់កៀកកើយគ្នានៅក្នុងបន្ទប់រៀន មិនដឹងជាសាសងអំពីអ្វីនោះទេ លុះរហូតដល់ម៉ោងប្រមាណជាង១៥រសៀល ពេលសិស្សផ្សេងចេញពីរៀនសូត្រដើរទៅអើតមើលក្នុងបន្ទប់ថ្នាក់រៀនឋិតនៅចុងគេ ស្រាប់តែប្រទះឃើញសិស្សស្រីស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមគួរឲ្យសង្វេគទៅហើយ ដោយត្រូវរបួសនឹងកូនកាំបិតចំដើមទ្រូងក្រោមសុដន់ខាងស្តាំ២កន្លែង ខាងលើ១កន្លែង និងចុងដង្ហើម១កន្លែង ។ រីឯភាគីខាងប្រុសពេលដឹងថា សង្សារបណ្តូលចិត្តរបស់ខ្លួនស្លាប់ហើយនោះ ក៏បានយកកូនកាំបិតមកចាក់លើរាងកាយខ្លួនឯងចំនួន៣កាំបិត ក្នុងគោលបំណងធ្វើអត្តឃាតឲ្យស្លាប់ទាំង២នាក់ តែចៃដន្យមិនស្លាប់ ត្រឹមរងរបួសធ្ងន់ធ្ងរ និងត្រូវបានសាច់ញាតិក្រុមគ្រួសារបញ្ជូនតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោមសំឡេងស្រែកយំកងរំពងរបស់ក្រុមគ្រួសារសាច់ញាតិយុវតីដែលស្លាប់បាត់បង់ជីវិតដ៏គួឲ្យសោកស្តាយ ៕