បន្ទាប់ពីធ្វើការស៊ើបអង្កេតអស់រយៈពេល០៨ខែ និងបានជួបប្រមូលព័ត៌មានពីមន្ត្រីនគរបាលដែលបម្រើការងារនៅក្នុងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៤១រូប និងការប្រមូលព័ត៌មានពីប្រភពនានាជាច្រើនរួចមក អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជាប្រធាន បានធ្វើការចាប់ឃាត់ខ្លួនលោក ហ៊ី ណារិន ជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ម្សិលមិញនេះ ខណៈដែលនាពេលកន្លងមក អង្គភាពប្រឆាំងអំពើពុករលួយធ្លាប់បានទទួលពាក្យបណ្តឹងពីមជ្ឈដ្ឋាននានាដែលប្តឹងលោក ហ៊ី ណារិន ចំនួន៥លើក ហើយអង្គភាពបានស្នើឲ្យលោក ហ៊ី ណារិន ធ្វើការបំភ្លឺ និងស្នើឲ្យមានការកែលំអចំនួន២លើករួចមកហើយ ប៉ុន្តែលោក ហ៊ី ណារិន ហាក់ព្រហើយកន្តើយ ដោយនៅតែបន្តប្រព្រឹត្តអំពើខុសច្បាប់ដដែល ។
យោងតាមសេចក្តីប្រកាសព័ត៌មានលេខ០៣០/១៤សជណ.អបព ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤នេះ របស់អង្គភាពប្រឆាំងអំពើពុករលួយ បានបង្ហាញ្ឲ្យឃើញថា បុគ្គលឈ្មោះ ហ៊ី ណារិន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានប្រព្រឹត្តល្មើសចំនួន៨ករណី ដូចខាងក្រោម ៖
១-ការបើកយកប្រាក់ខែរបស់មន្ត្រីនគរបាលដែលអវត្តមានពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៤ និងមន្ត្រីនគរបាលដែលអសកម្មពីឆ្នាំ២០០៦ដល់ឆ្នាំ២០០៩ ។
២-ការតម្រូវឲ្យប្រជាពលរដ្ឋបង់លុយក្នុងការធ្វើសៀវភៅស្នាក់នៅ (ក២) ១ក្បាលចំនួន៥០.០០០រៀល, សៀវភៅគ្រួសារ១ក្បាលចំនួន៥០.០០០រៀល និងចុះឈ្មោះសមាជិកថ្មីចំនួន២០.០០០រៀលក្នុងម្នាក់ ។
៣-ការតម្រូវឲ្យមន្ត្រីក្រោមឱវាទទិញអាវចំណាំងផ្លាត និងស្រោមកាំភ្លើងវែង ។
៤-ការកិបកេងយកប្រាក់ឧបត្ថម្ភកម្លាំងហ្វឹកហាត់ការពារបាតុកម្ម ។
៥-ការតម្រូវឲ្យមេល្បែងស៊ីសង ម្ចាស់អាជីវកម្ម រោងចក្រ និងមន្ត្រីមួយចំនួនបង់ប្រាក់ជារៀងរាល់ខែ ។
៦-ការទាមទារលុយពីម្ចាស់ទោចក្រយានយន្តដែលចាប់ទុក ដោយសារគ្មានពន្ធ និងការលក់ទោចក្រយានយន្តដែលម្ចាស់មិនដោះស្រាយ ។
៧-ការប្រមូលលុយផាកពិន័យលើសកំណត់ពីម្ចាស់ទោចក្រយានយន្តដែលធ្វើចរាចរណ៍គ្មានស្លាកលេខ កញ្ចក់ និងមួក ។
៨-ការតម្រូវឲ្យបងើលុយពីការដោះស្រាយវិវាទគ្រោះថ្នាក់ចរាចរណ៍ចំនួន១០ភាគរយនៃថ្លៃសំណង ។
អង្គភាពប្រឆាំងអំពើពុករលួយបានប្រកាសឲ្យដឹងដែរថា ផ្អែកតាមព័ត៌មានទទួលបានពីសាក្សីដែលជាមន្ត្រីនគរបាល និងប្រជាពលរដ្ឋរស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏ដូចជាចម្លើយសារភាពរបស់លោក ហ៊ី ណារិន ផ្ទាល់ថា បានប្រព្រឹត្តអំពើខុសច្បាប់ពិតប្រាកដមែន ដោយបានកិបកេងទឹកប្រាក់ប្រមាណ២.៧១២.២៣៦.០០០រៀល(ប្រមាណជាង៦០ម៉ឺនដុល្លារអាមេរិក) ជាប្រយោជន៍ផ្ទាល់ខ្លួន ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលក្រោមឱវាទអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ បានសម្តែងនូវសេចក្តីរីករាយឥតឧបមា នៅពេលដែលបានឮព័ត៌មានច្បាស់ការណ៍ថា អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ឃាត់ខ្លួនលោក ហ៊ី ណារិន ជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដោយសារប្រព្រឹត្តអំពើពុករលួយ យកមកផន្តទាទោសតាមច្បាប់ជាធរមាន ៕