កាលពីថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០១៤ម្សិលមិញនេះ លោក Garry Kasparov អតីតម្ចាស់ជើងឯកលេងអុកពិភពលោក ដែលជាជនជាតិអ៊ុយក្រែន បាននិយាយឲ្យដឹងថា លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី គឺជាមនុស្សគំរាមកំហែងធំបំផុតចំពោះសហរដ្ឋអាមេរិក ជាជាងការគំរាមកំហែងរបស់ក្រុមជនសកម្មប្រយុទ្ធ ឬក្រុមឧទ្ទាមរដ្ឋអ៊ិស្លាម (ISIS) ទៅទៀត ឬអាចនិយាយយ៉ាងខ្លីថា បុរសខ្លាំងរបស់រុស្ស៊ី គឺលោក Vladimir Putin ជាមនុស្សដ៏គ្រោះថ្នាក់បំផុតនៅលើពិភពលោក ។
លោក Garry Kasparov ដែលជាសកម្មជននយោបាយមួយរូបផងដែរនោះ បាននិយាយថា លោក Vladimir Putin ជាប្រភេទមនុស្ស"លេងបៀនៅខណៈពេលដែលមួយផ្នែកទៀតនៃពិភពលោកលេងអុក" ពោលគឺសកម្មភាពរបស់លោកប្រធានាធិបតីរុស្ស៊ីដ៏មានឥទ្ធិពលរូបនេះ បានបង្ហាញឲ្យឃើញអំពីចំណូលចិត្តយ៉ាងខ្លាំងក្នុងការព្យាយាមដាក់ការគំរាមកំហែងលើពិភពលោក ។
ការអះអាងរបស់លោក Garry Kasparov ដែលជាអតីតស្តេចអុកពិភពលោក និងជាសកម្មភាពនយោបាយរូបនេះ បានឲ្យដឹងទៀតថា ល្បែងបន្ទាប់របស់លោក Vladimir Putin គឺនឹងគំរាមកំហែងកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប និងបណ្តាប្រទេសអតីតសហភាពសូវៀតឯទៀតនៅមុនពេលរដូវរងារ ដែលការគំរាមកំហែងនេះនឹងគ្រប់គ្រាន់សម្រាប់សហរដ្ឋអាមេរិក និងសហភាពអឹរ៉ុបធ្វើការពិចារណាចំពោះការដាក់ទណ្ឌកម្មឲ្យធ្ងន់ធ្ងរបន្ថែមទៀត ដើម្បីប្រឆាំងទៅនឹងរដ្ឋាភិបាលរុស្ស៊ី ដែលដឹកនាំដោយបុរសខ្លាំង Vladimir Putin ៕