ក្រុមហ៊ុនទូរស័ព្ទ Metfone ដែលជាផ្នែកមួយនៃក្រុមហ៊ុនទូរគមនាគមន៍មេឈ្មោះ Viettel របស់ក្រសួងការពារជាតិសាធារណរដ្ឋសង្គមនិយមវៀតណាមនោះ បានចូលខ្លួនមកបម្រើសេវាកម្មទូរគមនាគមន៍នៅកម្ពុជានាអំឡុងដើមឆ្នាំ២០០៩ និងជាក្រុមហ៊ុនទូរស័ព្ទដែលបានតបណ្តាញប្រព័ន្ធខ្សែកាប្លិ៍អុបទិក(Fiber Optic Cable) គ្របដណ្តប់ស្ទើរតែទាំងស្រុងតាមបណ្តាផ្លូវជាតិទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ចំណុចគួរឲ្យកត់សម្គាល់ និងចាប់អារម្មណ៍ខ្លាំទាក់ទងនឹងការពង្រីកបណ្តាញខ្សែកាប្លិ៍អុបទិកនៅកម្ពុជា របស់ក្រុមហ៊ុនទូរស័ព្ទវៀតណាម Metfone នោះ គឺនៅតាមបង្គោលខ្សែកាប្លិ៍អុបទិកសុទ្ធតែមានដាក់ស្លាកសញ្ញាសម្គាល់ថា "ខ.ភ.ម" ដែលជាឈ្មោះនៃកម្លាំងកងយោធពលខេមរភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជា ជាហេតុធ្វើឲ្យប្រព័ន្ធខ្សែកាប្លិ៍អុបទិកតាមដងផ្លូវជាតិលើទឹកដីកម្ពុជារបស់ក្រុមហ៊ុនទូរស័ព្ទវៀតណាម Metfone មិនអាចនរណាហ៊ានប៉ះពាល់បានឡើយ ។
លើសពីនេះ ប្រភពពីបុគ្គលិកខ្មែរមួយចំនួនដែលមានជំនាញខាងដំឡើងបង្គោលអង់តែនរបស់ក្រុមហ៊ុនទូរស័ព្ទវៀតណាម Metfone នៅតាមបណ្តាខេត្ត-ស្រុកក្នុងទឹកដីប្រទេសកម្ពុជា បានបង្ហើបប្រាប់ឲ្យដឹងថា អ្នកចាត់ការក្រុមហ៊ុនទូរស័ព្ទវៀតណាម Metfone បានដាក់សម្ពាធឲ្យអាជ្ញាធរខ្មែរតាមបណ្តាខេត្ត-ស្រុកត្រូវមានភារកិច្ចចូលរួមថែរក្សាការពារខ្សែកាប្លិ៍អុបទិក និងអង់តែនរបស់ក្រុមហ៊ុនទូរស័ព្ទវៀតណាម Metfone កុំឲ្យមានការខូចខាត ឬបាត់បង់ទៀតផង (Sic!) ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា បើទោះបីក្រសួងការពារជាតិកម្ពុជាដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ជារដ្ឋមន្ត្រីអនុញ្ញាតឲ្យកម្លាំងកងយោធពលខេមរភូមិន្ទ(ខ.ភ.ម)ចូលរួមសហការអូសពង្រាយបណ្តាញខ្សែកាប្លិ៍អុបទិកឲ្យក្រុមហ៊ុនទូរស័ព្ទវៀតណាម Metfone ក៏ដោយ ក៏មិនត្រូវយកស្លាកឈ្មោះកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) ទៅដាក់តាំងនឹងបង្គោលខ្សែកាប្លិ៍អុបទិករបស់ក្រុមហ៊ុនទូរស័ព្ទវៀតណាម Metfone នោះដែរ ពីព្រោះការសម្ញែងបែបនេះហាក់ដូចចង់បង្ហាញឲ្យឃើញថា កងយោធពលខេមរភូមិន្ទធ្វើជាខ្នងបង្អែកការពារទ្រព្យសម្បត្តិ ឬជាឧបករណ៍ស៊ីឈ្នួលឲ្យក្រុមហ៊ុនទូរស័ព្ទវៀតណាម Metfone ។ ម្យ៉ាងទៀត ក្នុងករណីអ្នកចាត់ការក្រុមហ៊ុនទូរស័ព្ទវៀតណាម Metfone ដាក់សម្ពាធរបៀបបង្គាប់បញ្ជាឲ្យអាជ្ញាធរខ្មែរនៅតាមបណ្តាខេត្ត-ស្រុកត្រូវថែរក្សាការពារទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនផងនោះ គឺនឹងមានន័យថា កងយោធពលខេមរភូមិន្ទ(ខ.ភ.ម) និងអាជ្ញាធរខ្មែរក្លាយទៅជាឧបករណ៍ប្រើប្រាស់របស់ក្រុមហ៊ុនទូរស័ព្ទវៀតណាម Metfone នៅកម្ពុជាបាត់អស់ទៅហើយ ។
ដូច្នេះ គេចោទជាសំណួរថា តើកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) និងអាជ្ញាធរខ្មែរត្រូវមានកាតព្វកិច្ចបម្រើការពារប្រជារាស្ត្រ និងប្រជាជាតិ ព្រមទាំងប្រទេសខ្មែរ ឬក៏ត្រូវធ្វើខ្លួនឲ្យក្លាយទៅជាឧបករណ៍ប្រើប្រាស់ និងការពារផលប្រយោជន៍ឲ្យក្រុមហ៊ុនទូរស័ព្ទវៀតណាម Metfone នៅកម្ពុជា ?
សូមសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាគិតគូរពិចារណាឲ្យបានល្អិតល្អន់ក្នុងករណីនេះផង ដើម្បីលើកស្ទួយកិត្យានុភាពជាតិនៃព្រះរាជាណាចក្រកម្ពុជាឡើងវិញ ៕