ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

សម្តេច​ផ្កាយ​៥​ ហ៊ុន​ សែន​ និង​ឯកឧត្តម​ផ្កាយ​៤​ ទៀ​ បាញ់​ បាក់មុខ​ព្រោះ​រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទៀត​ហើយ​

​វេលា​ម៉ោង​១៧​និង​៤០​នាទី​ល្ងាច​ នា​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ពោល​គឺ​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ​មួយ​ថ្ងៃ​ នៅ​ត្រង់​ចំណុច​កំណាត់​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ភូមិ​ព្រៃ​ជី​សាក់​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ BUICK​ ប្រភេទ​ទេសចរណ៍​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 02.2-0490​ ផ្ទុក​មនុស្ស​ជិត​១០​នាក់​ ទាំងចាស់ទាំងក្មេង​ជា​លក្ខណៈ​គ្រួសារ​ ជាមួយ​ទោចក្រយានយន្ត​មួយ​គ្រឿង​ម៉ាក​ Honda​ Dream​ 125​ ស៊េរី​ឆ្នាំ​២០១១​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AT-0060​ បណ្តាល​ឲ្យ​អ្នកបើកបរ​ទោចក្រយានយន្ត​ឈ្មោះ​ អ៊ុំ​ វាសនា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ ស្នាក់​នៅ​សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ រង​របួស​ធ្ងន់ធ្ងរ​រហូត​សន្លប់​ស្តូកស្តឹង​នៅ​លើ​ផ្លូវថ្នល់​ និង​ព្រះសង្ឃ​ចំនួន​២​អង្គ​ទៀត​ដែល​គង់​លើ​ទោចក្រយានយន្ត​បាន​រង​របួសស្រាល​ ។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ខាងលើ​បើក​ពី​លិចទៅ​កើត​ តាម​កំណាត់​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ រថយន្ត​នោះ​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​យ៉ាង​លឿន​ ធ្វើ​ឲ្យ​ទោចក្រយានយន្ត​ជន​រង​គ្រោះ​ចាប់​និង​ជាន់​ហ្វ្រាំង​មិន​ទាន់​ ក៏​ជ្រុល​បុក​ប៉ះ​នឹង​ទ្វារ​រថយន្ត​ខាងស្តាំ​បែក​កង់​ខាង​មុខ​ ដួល​រង​របួសធ្ងន់​សន្លប់​ស្តូក​ ព្រមទាំង​ព្រះសង្ឃ​២​អង្គ​ទៀត​ដែល​គង់​លើ​ទោចក្រយានយន្ត​រង​របួសស្រាល​ ហើយ​ត្រូវ​បាន​រថយន្ត​ពេទ្យ​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យជា​បន្ទាន់​ ។​

​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ មជ្ឈដ្ឋាន​ទូទៅ​មាន​ផ្តោត​ជា​សំខាន់​ទៅ​លើ​រថយន្ត​បង្ក​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 02.2-0490​ ថា​ តើ​ជា​រថយន្ត​កម្មសិទ្ធិ​របស់​ឯកជន​ ជា​បុគ្គល​ ឬ​នីតិបុគ្គល​ យក​មក​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ ឬ​ជា​រថយន្ត​គ្រប់គ្រង​ដោយ​ក្រសួងការពារជាតិ​សម្រាប់​ប្រើប្រាស់​នៅ​សមរភូមិ​ និង​ការងារ​ការពារ​ជាតិ​ ?​ ម្យ៉ាងទៀត​ បើជា​រថយន្ត​គ្រប់គ្រង​ដោយ​ក្រសួងការពារជាតិ​(​រថយន្ត​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​គ្រប់គ្រង​ដោយ​ក្រសួងការពារជាតិ​)​ តើ​អាចយ​កមក​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ​ដើរ​កម្សាន្ត​ដូច្នេះ​បាន​ដែរ​ឬទេ​ ?

​អនុលោម​តាម​មាត្រា​៥,​ មាត្រា​៦​ និង​មាត្រា​១១​ នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ និង​ប្រកាស​របស់​ក្រសួងការពារជាតិ​លេខ​០៦៤/២០០៩​ប្រ​.​ក​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០០៩​ ស្តី​ពី​ការ​ចេញ​ប័ណ្ណ​ ស្លាក​លេខ​ចរាចរណ៍​ និង​សញ្ញា​សំគាល់​ស្ថាប័ន​ កងឯកភាព​ក្នុង​កង​យោធពលខេមរភូមិន្ទ​ គឺ​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 02.2-0490​ ជា​រថយន្ត​របស់​ក្រសួងការពារជាតិ​នៅ​អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ​ ប្រើប្រាស់​សម្រាប់​នៅ​សមរភូមិ​ និង​ការងារ​ការពារ​ជាតិ​ ជា​មធ្យោបាយ​សម្រាប់​ដឹក​ជញ្ជូន​សម្ភារៈ​ទ័ព​ ឬ​ដឹក​ជញ្ជូន​កងទ័ព​ ដោយ​ត្រូវ​លាប​ពណ៌​ត្រេ​អ៊ី​ទៀត​ផង​ ។​ ប៉ុន្តែ​ចំពោះ​រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ មិន​ត្រូវ​បាន​លាប​ពណ៌​ត្រេ​អ៊ី​ និង​ត្រូវ​បាន​យក​មក​ជិះ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ទៅ​វិញ​ថែម​ទៀត​ ។​

​តាម​ការ​កត់សម្គាល់​ជាក់ស្តែង​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ មាន​រថយន្ត​ទំនើបៗ​ជា​ច្រើន​គ្រឿង​ រួម​មាន​ម៉ាក​ Landcruiser,​ Lexus​ និង​ Range​ Rover…​ ត្រូវ​បាន​គេ​យក​មក​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ ដោយ​មិន​បាន​លាប​ពណ៌​ត្រេ​អ៊ី​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការងារ​ការពារ​ជាតិ​អ្វី​នោះ​ទេ​ ព្រោះ​ជា​រថយន្ត​កម្មសិទ្ធិឯកជន​ បើកបរ​តាម​ផ្លូវ​សាធារណៈ​យ៉ាង​ព្រោងព្រាត​ដោយ​មិន​ខ្វល់ខ្វាយ​ ឬ​ឈឺក្បាល​ចំពោះ​ការ​រំលោភ​បំពាន​លើ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ និង​ប្រកាស​របស់​ក្រសួងការពារជាតិ​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សោះឡើយ​ ។​

​រួម​សេចក្តី​មក​ នេះ​គឺជា​ព័ស្តុតាង​ថ្មី​បង្ហាញ​ឲ្យ​ឃើញ​ថា​ សម្តេច​ផ្កាយ​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ និង​ឯកឧត្តម​ផ្កាយ​៤​ ទៀ​ បាញ់​ បាន​ទទួល​រង​ការ​បាក់មុខបាក់មាត់​ព្រោះតែ​រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទៀត​ហើយ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.