ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

មេធាវី​ស្នើ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ជួយ​អន្តរាគមន៍​ឲ្យ​តុលាការ​សាលាឧទ្ធរណ៍​លើកយក​រឿង​ក្តី​ប្អូនស្រី​ជីដូនមួយ​បុរស​ខ្លាំង​មក​ជំនុំជម្រះ​

​មាន​រយៈពេល​ជិត​៣​ឆ្នាំ​មក​ហើយ​ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​មិន​ទាន់​បាន​លើកយក​សំណុំរឿង​ក្តី​ព្រហ្មទណ្ឌ​លេខ​៦២​ ចុះ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១២​ របស់​ខ្លួន​ ដែល​មាន​ស្ត្រី​ឈ្មោះ​ ឌី​ ប្រឹ​ម​ ត្រូវជា​ប្អូនស្រី​ជីដូនមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​បុរស​ឈ្មោះ​ សេង​ យៀន​ អតីត​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អធិការកិច្ច​នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​(​ហៅ​កាត់​ថា​ក្រសួង​អធិការកិច្ច​)​ ជា​ជនជាប់ចោទ​ក្នុង​បទ​ពុក​រលួយ​ស៊ីសំណូក​-​សូកប៉ាន់​ ទាក់ទង​គ្នា​នោះ​ មក​បើក​សវនាការ​ជំនុំជម្រះ​នៅឡើយ​ ពោល​គឺ​តុលាការ​ហាក់ដូចជា​មានការ​អល់អែក​រារែក​ក្នុង​ការ​សម្រេច​រឿង​ក្តី​ដ៏​រសើប​នេះ​ ខណៈ​ដែល​ការ​អូស​បន្លាយ​ពេលវេលា​ក្នុង​ការ​សម្រេច​រឿង​ក្តី​របស់​សាលាឧទ្ធរណ៍​ បាន​ធ្វើ​ឲ្យ​ជនជាប់ចោទ​ទាំង​២​នាក់​ទទួល​បាន​នូវ​សេរីភាព​ពេញ​បរិបូណ៌​ ព្រមទាំង​ជនជាប់ចោទ​ជា​ស្ត្រី​ឈ្មោះ​ ឌី​ ប្រឹ​ម​ ត្រូវ​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​យ៉ាង​ហ៊ឺហា​ថែម​ទៀត​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៣/៧៥៧​ ចុះ​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០១៣​ ។​

​កាលពី​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ និង​បន្ទាប់​ពី​បាន​ធ្វើ​លិខិត​ដាស់តឿន​តុលាការ​ចំនួន​៣​លើក​រួច​មក​ហើយ​នោះ​ (​លើក​ទី​១​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៣,​ លើក​ទី​២​ ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៤​ និង​លើក​ទី​៣​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០១៤)​ លោក​មេធាវី​ កៅ​ ទី​ ជា​មេធាវី​ការពារ​ក្តី​ និង​តំណាង​សិទ្ធិ​ឲ្យ​លោកយាយ​កសិករ​មេម៉ាយ​ម្នាក់​ឈ្មោះ​ ហួត​ សា​រុំ​ ដែល​ជា​ជន​រង​គ្រោះ​បាត់បង់​ដីធ្លី​អស់​ទំហំ​ជាង​៤​ហិ​កតា​ ឋិត​នៅ​ភូមិ​កា​កាប​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ (​អតីត​ខណ្ឌដង្កោ​)​ រាជធានី​ភ្នំពេញ​ ធ្លាប់​បាន​កាន់កាប់​ និង​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៧៩​ទល់​បច្ចុប្បន្ន​ ព្រោះ​ ស​.​ជ​.​ណ​ ទីស្តីការគណៈរដ្ឋមន្ត្រី​កើត​ចេញពី​របាយការណ៍​ពុក​រលួយ​របស់​រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច​ និង​បុរស​ឈ្មោះ​ សេង​ យៀន​ បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​គោរព​ជូន​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ស្នើ​សុំ​ឲ្យ​មានការ​ជួយ​អន្តរាគមន៍​ទៅ​សាលាឧទ្ធរណ៍​ ដើម្បី​លើកយក​សំណុំរឿង​ក្តី​ព្រហ្មទណ្ឌ​ខាងលើ​មក​បើក​សវនាការ​ជំនុំជម្រះ​ ។​

​សូម​រំលឹក​ជូន​ថា​ បុរស​ឈ្មោះ​ សេង​ យៀន​ បន្ទាប់​ពី​រាជរដ្ឋាភិបាល​អង្កេត​ស្រាវជ្រាវ​រក​ឃើញ​បាន​ធ្វើ​កិច្ចសន្យា​យក​ប្រាក់​ចំនួន​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ពី​មនុស្ស​ចំនួន​១០​នាក់​ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​១២០​គ្រួសារ​ ជា​ថ្នូរ​នឹង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​មួយ​កន្លែង​ទំហំ​ជាង​៦​ហិ​កតា​ ឋិត​នៅ​ភូមិ​កា​កាប​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ (​អតីត​ខណ្ឌដង្កោ​)​ រាជធានី​ភ្នំពេញ​ និង​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដកហូត​មុខ​តំណែង​ ព្រមទាំង​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ជា​ស្ថាពរ​រួច​មក​ គឺ​បុរស​ជា​ជនជាប់ចោទ​រូប​នេះ​ត្រូវ​បាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៤​ឆ្នាំ​០៦​ខែ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ពី​បទ​ស៊ីសំណូក​ ខណៈ​ដែល​ស្ត្រី​ជា​ជនជាប់ចោទ​ម្នាក់​ទៀត​ឈ្មោះ​ ឌី​ ប្រឹ​ម​ មុខរបរ​ជា​ពាណិជ្ជករ​ មាន​ស្វាមី​ជា​ឧកញ៉ា​ឈ្មោះ​ សាន​ ប្រុស​ និង​ត្រូវជា​ប្អូនស្រី​ជីដូនមួយ​របស់​បុរស​ខ្លាំង​ ដែល​ឋិត​នៅ​ក្នុង​កញ្ចប់​នៃ​សំណុំរឿង​ក្តី​ពុក​រលួយ​នេះ​ដែរ​នោះ​ ក៏​ត្រូវ​បាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ​០៦​ខែ​ ពី​បទ​សូកប៉ាន់​ តាម​សាលក្រម​ព្រហ្មទណ្ឌ​លេខ​១៣៥"​កប​៤"​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ ។​

​ស្ត្រី​ឈ្មោះ​ ឌី​ ប្រឹ​ម​ ធ្លាប់​ត្រូវ​បាន​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ជួយ​អន្តរាគមន៍​ លើក​យោបល់​គោរព​ជូន​នាយក​រដ្ឋមន្ត្រី​បង្ហាញ​អំពី​ភាព​គ្មាន​កំហុសឆ្គង​របស់​ស្ត្រី​រូប​នេះ​ តាម​ស្មារតី​លិខិត​លេខ​១៥៤៦​ក​យ​.​អក​/១០​ ចុះ​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០១០​ ប៉ុន្តែ​ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​ធ្វើ​ចំណារ​ចុះ​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១០​ ប្រគល់​ឲ្យ​តុលាការ​ដោះស្រាយ​ជា​សមត្ថកិច្ច​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.