គេហទំព័រ news.com.au ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា អស់រយៈពេលជិត២ឆ្នាំកន្លងមក យានអវកាសគ្មានមនុស្សបើកមួយគ្រឿង ឈ្មោះX-37B Orbital Test Vehicle ដែលមានលក្ខណៈពិសេសដូចយានអវកាសដឹកជញ្ជូនប្រភេទ Shuttle របស់អង្គការ Nasa ដែរនោះ ត្រូវបានមន្ទីរបញ្ចកោណយោធាសហរដ្ឋអាមេរិក(Pentaton)បាញ់បង្ហោះឲ្យធ្វើដំណើរគោចរជុំវិញផែនដី និងកំពុងបំពេញបេសកកម្មដ៏សម្ងាត់បំផុត ធ្វើឲ្យពិភពលោកមានការផ្តោតអារម្មណ៍យ៉ាងខ្លាំង ដ្បិតយានអវកាសនេះត្រូវបានកងកម្លាំងយោធាសហរដ្ឋអាមេរិកប្រើប្រាស់ ដើម្បីរៀបចំការពិសោធន៍លើបច្ចេកវិទ្យាថ្មីៗ ជាពិសេសចាប់ពីយន្តហោះទម្លាក់គ្រាប់បែកអវកាសគោចរជុំវិញផែនដី រហូតដល់សព្វាវុធប្រឆាំងនឹងផ្កាយរណបជាដើម ។
យោងតាមអ្នកជំនាញផ្នែកស៊ើបការណ៍ និងអ្នកឃ្លាំមើលផ្កាយរណបដែលបានពិនិត្យយ៉ាងដិតដល់ចំពោះដំណើរគោចររបស់វាជុំវិញផែនដីនោះ អះអាងថា យានអវកាស X-37B បាននិងកំពុងប្រើប្រាស់ដើម្បីដឹកផ្កាយរណបសម្ងាត់ និងឧបករណ៍ចាប់សញ្ញាសម្ងាត់ទៅកាន់ទីអវកាសជំនួសយានអវកាស Shuttle របស់អង្គការ Nasa ដែលទើបចូលនិវត្តន៍ថ្មីៗ ។ មានន័យថា យានអវកាស X-37B ដែលមន្ទីរបញ្ចកោណប្រើប្រាស់ គឺលែងពឹងផ្អែកលើអង្គការ Nasa ឬមនុស្សបើកបរតទៅទៀតហើយ ។
សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២កន្លងទៅ យានអវកាស X-37B ត្រូវបានបាញ់បង្ហោះជាលើកទី៣ និងឥឡូវយានអវកាសដ៏គួរឲ្យចាប់អារម្មណ៍លើបេសកកម្មរបស់វានោះ បានចំណាយពេលវេលា៦០០ថ្ងៃហើយនៅក្នុងទីអវកាស ខណៈដែលដំណើរគោចររបស់វាត្រូវបានអ្នកឃ្លាំមើលផ្កាយរណបតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ជាពិសេសគេចង់ដឹងថា តើអ្វីទៅដែលឋិតនៅក្នុងកន្លែងដាក់ទំនិញសម្ភារៈ និងតើគេអាចប្រើទំនិញសម្ភារៈទាំងនោះក្នុងគោលបំណងអ្វីពិតប្រាកដ ៕