ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

រក​ឃើញ​ហើយ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ម្នាក់​ដែល​ជ្រើសតាំង​ដោយ​ព្រឹទ្ធសភា​ គឺ​លោក​ អ៊ុំ​ សា​រិ​ទ្ធ​ អតីត​ចៅក្រម​សាលាឧទ្ធរណ៍​

​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ ចុះ​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៤​នេះ​ បាន​ឲ្យ​ដឹង​ថា​ លោក​ អ៊ុំ​ សា​រិ​ទ្ធ​ ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ នា​សម័យប្រជុំ​លើក​ទី​៥​ នីតិកាល​ទី​៣​ នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ដោយ​សំឡេង​ឆ្នោត​យល់ព្រម​ចំនួន​៤១​សំឡេង​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​វត្តមាន​ចំនួន​៥១​រូប​ ។​

​លោក​ អ៊ុំ​ សា​រិ​ទ្ធ​ អាយុ​៦៧​ឆ្នាំ​ បាន​ចូល​បម្រើ​ការងារ​រដ្ឋ​នា​ឆ្នាំ​១៩៧០​ ។​ លោក​ត្រូវ​បាន​តែងតាំង​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម​ និង​ធ្លាប់​បាន​កាន់​មុខ​តំណែង​ជា​ប្រធាន​តុលាការក្រុង​ភ្នំពេញ​(​បច្ចុប្បន្ន​ សាលាដំបូង​រាជធានី​ភ្នំពេញ​)​ ដោយ​ក្រឹត្យ​លេខ​៣៥​ក្រ​ ចុះ​ថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​១៩៩៣​ និង​ក្រោយមក​ត្រូវ​បាន​ផ្លាស់​ប្តូរ​ភារកិច្ច​ឲ្យ​មក​បំពេញការងារ​ជា​ចៅក្រម​សាលាឧទ្ធរណ៍​ ព្រមទាំង​ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នៅ​អំឡុង​មុន​ឆ្នាំ​២០០៧​ ក្រោម​រូបភាព​"​ចាត់តាំង​"​ ។​

​លោក​ អ៊ុំ​ សា​រិ​ទ្ធ​ អតីត​ជា​ចៅក្រម​សាលាឧទ្ធរណ៍​ ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​បន្ថែម​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៧/៣៤០​ ចុះ​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០០៧​ ។​ ក្នុង​ពេល​បំពេញ​មុខងារ​ជា​ចៅក្រម​សាលាឧទ្ធរណ៍​នោះ​ លោក​ចៅក្រម​ អ៊ុំ​ សា​រិ​ទ្ធ​ ដែល​ដល់​អាយុ​ចូល​និវត្តន៍​ ប៉ុន្តែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​បន្ត​បម្រើ​ការងារ​តទៅ​ទៀត​រហូត​ដល់​ទៅ​៣​លើក​ គឺ​ ៖​ លើក​ទី​១​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៧/០៧១​ ចុះ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០០៧​ ។​ លើក​ទី​២​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១១/៦៩៤​ ចុះ​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១១​ និង​លើក​ទី​៣​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៤/៤៤៧​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៤​ ។​

​សូម​បញ្ជាក់​ជូន​ថា​ អនុលោម​តាម​មាត្រា​៤​ចំណុច​ទី​៤​នៃ​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៧១៤/០១៧​ ចុះ​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៤​ គឺ​ក្នុង​ចំណោម​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ចំនួន​១១​រូប​ មាន​១​រូប​ត្រូវ​បាន​ជ្រើសតាំង​ដោយ​ព្រឹទ្ធសភា​ តាម​មតិ​ភាគច្រើន​ដាច់ខាត​នៃ​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​ក្នុង​ចំណោម​ឥស្សរជន​ជា​អតីត​ចៅក្រម​ ឬ​អតីត​ព្រះរាជអាជ្ញា​ ឬ​ឥស្សរជន​ដែល​មានបទពិសោធន៍​ការងារ​យ៉ាងតិច​១៥​ឆ្នាំ​ឡើង​ទៅ​ក្នុង​វិស័យ​ច្បាប់​ ឬ​តុលាការ​ ៕​

Oum-Sarith

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.