កាលពីវេលាម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤នេះ ឋិតនៅចំណុចផ្ទះលេខ១២៩ ផ្លូវលេខ៣៧១ ក្រុម១៦ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយស្ត្រីម្នាក់ដាច់ចិត្តចងកសម្លាប់ខ្លួននៅក្នុងផ្ទះសិប្បកម្មធ្វើនំបញ្ចុកមួយ ដែលគេសង្ស័យថា ស្ត្រីរូបនេះតូចចិត្តដោយសារប្រថុយខ្លួននឹងល្បែងចាញ់អស់លុយជាង៣ពាន់ដុល្លារអាមេរិក បានមកពីការលក់ដី ។
សពស្ត្រីដែលចងកសម្លាប់ខ្លួននោះ ត្រូវបានគេស្គាល់ថាមានឈ្មោះ ចេក មុំ អាយុ៤២ឆ្នាំ មុខរបរជាកសិករ និងមានប្តីឈ្មោះ តុប ហន មុខរបរជាកសិករដូចគ្នា ដោយប្តី-ប្រពន្ធទាំង២នាក់នេះមានស្រុកកំណើតនៅភូមិថ្មី ឃុំគិរីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ហើយការស្លាប់ដោយអត្តឃាតរបស់ស្ត្រីជាប្រពន្ធបានកើតឡើងបន្ទាប់ពីមកធ្វើការងារជាកម្មករធ្វើនំបញ្ចុកនៅផ្ទះសិប្បកម្មផលិតនំបញ្ចុកខាងលើបានមួយថ្ងៃប៉ុណ្ណោះ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានមកសុំម្ចាស់ផ្ទះសិប្បកម្មផលិតនំបញ្ចុកធ្វើជាកម្មករ ហើយទើបតែមកធ្វើការបានត្រឹម១កំណាត់ថ្ងៃ លុះដល់ពេលរាត្រីរំលងអធ្រាត្រ ទើបស្ត្រីរងគ្រោះក៏ធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននៅរោងសិប្បកម្មផលិតនំបញ្ចុកនោះតែម្តង ។
ដោយឡែក ប្រភពពព័ត៌មានពីសាច់ញាតិរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា ស្ត្រីរងគ្រោះនិងក្រុមគ្រួសារបានលក់ដីនៅស្រុកកំណើតឯខេត្តកំពង់ស្ពឺបានលុយប្រមាណជាង៣ពាន់ដុល្លារអាមេរិក ហើយក៏យកលុយទាំងនោះទៅលេងល្បែងចាញ់អស់ពីខ្លួន នាំឲ្យតូចចិត្ត ហើយក៏ទំនងឈានទៅដល់ធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនតែម្តងទៅ ។
នៅវេលាព្រឹកនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ សមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យលើសាកសពស្ត្រីរងគ្រោះរួចរាល់ ដោយបានបញ្ជាក់ថា ពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដែលការធ្វើអត្តឃាតនេះសមត្ថកិច្ចសន្និដ្ឋានថា ស្ត្រីរងគ្រោះអាចមានវិបត្តិផ្លូវចិត្ត និងតូចចិត្តដូចដែលនូវអ្វីក្រុមគ្រួសារសាច់ញាតិរបស់ស្ត្រីរងគ្រោះអះអាងដូច្នោះ ។ សពរបស់ស្ត្រីរងគ្រោះដែលហ៊ានប្រថុយខ្លួននឹងល្បែងស៊ីសង រហូតដល់ថ្នាក់ធ្វើអត្តឃាតនេះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុក កំណើត ៕