ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

ធ្លាយ​រឿង​អយុត្តិធម៌​លើ​ការ​ផ្តល់​ប្រាក់​បំណាច់​មុខងារ​មន្ត្រីរាជការ​បង្ក​ដោយ​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​

​អតីត​សិស្ស​មន្ត្រីជាន់ខ្ពស់​ជំនាន់​ទី​៧​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​ម្នាក់​ បាន​ទទួល​រង​នូវ​អំពើ​អយុត្តិធម៌​លើ​ការ​ផ្តល់​ប្រាក់​បំណាច់​មុខងារ​ មាន​ភាព​មិន​ប្រក្រតី​តាម​ការ​សម្រេច​របស់​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ ដែល​ជា​គ្រូ​របស់​អតីត​សិស្ស​មន្ត្រីជាន់ខ្ពស់​ទាំងនោះ​ផង​ បន្ទាប់​ពី​បាន​ចេញ​ទៅ​បម្រើ​ការងារ​ជា​មន្ត្រីរាជការ​ស៊ី​វិល​នៅ​ក្រសួង​ធម្មការ​ និង​សាសនា​ ខណៈ​ដែល​រូបភាព​នៃ​ការ​ផ្តល់​ប្រាក់​បំណាច់​មុខងារ​កំណត់​ដោយ​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ជូន​មន្ត្រីរាជការ​ស៊ី​វិល​នៅ​តាម​បណ្តា​ក្រសួង​នានា​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ គ្មាន​ភាព​ប្រាកដប្រជា​ និង​បង្កប់​ដោយ​អំពើ​រើសអើង​ មិន​ស្រប​តាម​ស្មារតី​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០១/៤៥០​ ចុះ​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០០១​ ស្តី​ពី​បៀវត្សរ៍​មូលដ្ឋាន​ និង​ប្រាក់​បន្ទាប់បន្សំ​នៃ​បៀវត្សរ៍​របស់​មន្ត្រីរាជការ​ស៊ី​វិល​ និង​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៣/៣៣០​ ចុះ​ថ្ងៃ​ទី​០៨​ ខែមេសា​ ឆ្នាំ​២០១៣​ ស្តី​ពី​ការ​កែសម្រួល​មាត្រា​៥​នៃ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០១/៤៥០​ ចុះ​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០០១​ ស្តី​ពី​បៀវត្សរ៍​មូលដ្ឋាន​ និង​ប្រាក់​បន្ទាប់បន្សំ​នៃ​បៀវត្សរ៍​របស់​មន្ត្រីរាជការ​ស៊ី​វិល​ ។​

​ព័ស្តុតាង​បាន​បង្ហាញ​ថា​ កាលពី​ថ្ងៃ​ទី​០២​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា​បាន​ធ្វើ​លិខិតផ្លូវការ​គោរព​ជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ ដើម្បី​ស្នើ​សុំ​ពិនិត្យ​និង​ផ្តល់​ទិដ្ឋាការ​លើ​សំណុំ​ឯកសារ​នៃ​ការ​ផ្លាស់​ប្តូរ​ស្ថានភាព​រដ្ឋបាល​ និង​ស្ថានភាព​គ្រួសារ​របស់​មន្ត្រីរាជការ​ស៊ី​វិល​ក្រសួង​ធម្មការ​និង​សាសនា​ សម្រាប់​ខែកញ្ញា​ ឆ្នាំ​២០១៤​ ចំនួន​២៨​ករណី​ ។​ នៅ​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ឯកឧត្តម​ ពេជ្រ​ ប៊ុ​ន​ធិ​ន​ រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ បាន​ធ្វើ​លិខិត​លេខ​៣១២៧​ម​ស​.​ត្ររ​ ឆ្លើយ​តប​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា​វិញ​ថា​ "​ក្រសួង​មុខងារសាធារណៈ​ឯកភាព​លើ​សំណើសុំ​ពិនិត្យ​ និង​ផ្តល់​ទិដ្ឋាការ​លើ​សំណុំ​ឯកសារ​នៃ​ការ​ផ្លាស់​ប្តូរ​ស្ថានភាព​រដ្ឋបាល​ និង​ស្ថានភាព​គ្រួសារ​របស់​មន្ត្រីរាជការ​ស៊ី​វិល​ក្រសួង​ធម្មការ​និង​សាសនា​ សម្រាប់​ខែកញ្ញា​ ឆ្នាំ​២០១៤​នេះ​ ចំនួន​២៧​ករណី​ មិន​ឯកភាព​ចំនួន​០១​ករណី​ គឺ​ ៖​ ផ្តល់​ប្រាក់​បំណាច​មុខងារ​ត្រឹម​ចំនួន​៣០០.០០០​រៀល​ដដែល​"​ ។​

​ការ​សម្រេច​របស់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ ពេជ្រ​ ប៊ុ​ន​ធិ​ន​ និង​ជា​គ្រូបង្រៀន​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​មួយ​រូប​ផង​ដែរ​នោះ​ ដែល​បាន​ផ្តល់​ប្រាក់​បំណាច​មុខងារ​ត្រឹម​ចំនួន​៣០​ម៉ឺន​រៀល​ ដល់​មន្ត្រីរាជការ​ស៊ី​វិល​ម្នាក់​នៅ​ក្រសួង​ធម្មការ​និង​សាសនា​ គឺ​ចំ​អតីត​សិស្ស​មន្ត្រីជាន់ខ្ពស់​ជំនាន់​ទី​៧​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​តែ​ម្តង​ ខណៈ​មន្ត្រីរាជការ​នៃ​បណ្តា​ក្រសួង​ដទៃ​ទៀត​អតីត​ជា​សិស្ស​មន្ត្រីជាន់ខ្ពស់​នៃ​សាលា​ភូមិ​រដ្ឋបាល​រួម​ជំនាន់​ បាន​ទទួល​ប្រាក់​បំណាច់​មុខងារ​ចំនួន​៥៤​ម៉ឺន​រៀល​ តាំងពី​០៩​ខែ​មុន​មក​ម្ល៉េះ​ ។​

​ប្រភព​ព័ត៌មាន​មួយ​ចំនួន​ដែល​ស្និទ្ធ​នឹង​មន្ត្រីរាជការ​រួម​ជំនាន់​ជាមួយ​អតីត​សិស្ស​មន្ត្រីជាន់ខ្ពស់​នៃ​សាលា​ភូមិ​រដ្ឋបាល​ ដែល​ទទួល​រង​អំពើ​អយុត្តិធម៌​រូប​នោះ​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ មន្ត្រីរាជការ​ដែល​ធ្លាប់​ទទួល​បាន​ប្រាក់​បំណាច់​មុខងារ​ចំនួន​៥៤​ម៉ឺន​រៀល​ អាច​នឹង​ត្រូវ​កាត់​ចេញ​វិញ​ឲ្យ​មក​នៅ​ត្រឹម​៣០​ម៉ឺន​រៀល​ ។​ ដោយឡែក​ មន្ត្រីរាជការ​ដែល​មិន​ទាន់​បាន​ប្រាក់​បំណាច់​មុខងារ​នឹង​ត្រូវ​ទទួល​បាន​ត្រឹម​៣០​ម៉ឺន​រៀល​ ខណៈ​ដែល​មន្ត្រីរាជការ​ទាំងនោះ​ត្រូវ​ទទួល​បាន​ចំនួន​៥៤​ម៉ឺន​រៀល​ដូច​អ្នក​មុនៗ​ដែរ​ ។​

​ក្រុម​មន្ត្រីរាជការ​មួយ​ចំនួន​បាន​ចោទ​ជា​សំណួរ​ថា​ ទាក់ទង​នឹង​ការ​ផ្តល់​ប្រាក់​បំណាច់​មុខងារ​ជូន​មន្ត្រីរាជការ​ស៊ី​វិល​អតីត​ជា​សិស្ស​មន្ត្រីជាន់ខ្ពស់​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​គ្រប់ៗ​គ្នា​ តើ​ឯកឧត្តម​ ពេជ្រ​ ប៊ុ​ន​ធិ​ន​ ជា​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​យក​រង្វាស់រង្វាល់​អ្វី​មក​កំណត់​ ទើប​មាន​មន្ត្រីរាជការ​រួម​ជំនាន់​ខ្លះ​ទទួល​បាន​ប្រាក់​បំណាច់​មុខងារ​ចំនួន​៥៤​ម៉ឺន​រៀល​ រីឯ​អ្នកខ្លះ​ទៀត​បែរជា​ទទួល​បាន​ត្រឹម​ចំនួន​៣០​ម៉ឺន​រៀល​ដូច្នេះ​ ?

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ដំណើរការ​របស់​ក្រសួង​មុខងារសាធារណៈ​ លើ​ការ​កំណត់​ផ្តល់​ប្រាក់​បំណាច់​មុខងារ​ជូន​មន្ត្រីរាជការ​ស៊ី​វិល​នៃ​បណ្តា​ក្រសួង​នានា​ បាន​លើក​ឡើង​ដូច​ខាងក្រោម​ ៖

១-​ការ​សម្រេច​របស់​ក្រសួង​មុខងារសាធារណៈ​តាម​ស្មារតី​លិខិត​លេខ​៣១២៧​ម​ស​.​ត្ររ​ ចុះ​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០១៤​ គឺ​ហាក់ដូច​មិន​អនុលោម​តាម​មូលដ្ឋាន​គតិ​យុ​ត្ត​អ្វី​ច្បាស់លាស់​ទេ​ ប៉ុន្តែ​អាច​ជា​ការ​សម្រេច​តាម​អារម្មណ៍​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ ពេជ្រ​ ប៊ុ​ន​ធិ​ន​ វិញ​ច្រើន​ជាង​ ដែល​ជា​ការ​សម្រេច​របៀប​"​រើសអើង​"​ ។​

២-​ការ​សម្រេច​របស់​ក្រសួង​មុខងារសាធារណៈ​បែប​នេះ​ មិន​ត្រឹមតែ​ផ្តល់​នូវ​ភាព​អយុត្តិធម៌​ដល់​មន្ត្រីរាជការ​ស៊ី​វិល​ ក្រសួង​ធម្មការ​និង​សាសនា​ ជា​អតីត​សិស្ស​មន្ត្រីជាន់ខ្ពស់​ជំនាន់​ទី​៧​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​ម្នាក់​ប៉ុណ្ណោះ​ទេ​ គឺ​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​មន្ត្រីរាជការ​ស៊ី​វិល​នៃ​បណ្តា​ក្រសួង​ដទៃ​ទៀត​ ដោយ​អាច​ផ្តល់​ប្រាក់​បំណាច់​មុខងារ​ត្រឹម​ចំនួន​៣០​ម៉ឺន​រៀល​វិញ​ ខណៈ​ដែល​ធ្លាប់​បាន​ទទួល​រួច​ហើយ​ចំនួន​៥៤​ម៉ឺន​រៀល​ ។​

​សូម​ឯកឧត្តម​ ពេជ្រ​ ប៊ុ​ន​ធិ​ន​ ក្នុង​ឋានៈ​ជា​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ទើប​បង្កើត​ថ្មី​ផង​ និង​ជា​គ្រូបង្រៀន​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ផង​ មេត្តា​ធ្វើការ​ពិចារណា​និង​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់​លើ​សំណើ​ផ្តល់​ប្រាក់​បំណាច់​មុខងារ​ជូន​មន្ត្រីរាជការ​ស៊ី​វិល​ ដែល​ជា​អតីត​សិស្ស​មន្ត្រីជាន់ខ្ពស់​ជំនាន់​ទី​៧​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​ ជៀសវាង​ទទួល​ការ​ចោទប្រកាន់​ថា​ មាន​អំពើ​អយុត្តិធម៌​ និង​មាន​អំពើ​រើសអើង​ ក្លាយជា​គំរូ​អាក្រក់​ក្នុង​ស្រទាប់​មន្ត្រីរាជការ​ឲ្យ​សោះ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.