ក្រោយការសុំលាឈប់ពីតួនាទីជានាយកក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ របស់លោកស្រី ហេង បូភា រួចមក លោក អ៊ុំ វ៉ន ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានលោកចៅក្រម អាំង មាលតី ប្រធានសាលាដំបូងរាជធានីភ្នំពេញ សម្រេចតែងតាំងជានាយកក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ តាមលិខិតបង្គាប់ការលេខ៨១៥៧រប.៩២១.១៤ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ របស់សាលាដំបូងរាជធានីភ្នំពេញ ។
លោក អ៊ុំ វ៉ន អាយុ៣៨ឆ្នាំ បានចូលបម្រើការងាររដ្ឋនាឆ្នាំ១៩៩៩ និងទទួលបានក្របខ័ណ្ឌជាក្រឡាបញ្ជីនាឆ្នាំ២០០៦ ។ លោក អ៊ុំ វ៉ន ធ្លាប់បានធ្វើជាក្រឡាបញ្ជីរបស់លោកចៅក្រម ជីវ កេង អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ដែលបច្ចុប្បន្នបានឡើងកាន់តំណែងថ្មីជាអនុប្រធានតុលាការកំពូលដ៏មានឥទ្ធិពល ។
មានការថ្នាំងថ្នាក់ក្នុងចិត្តខ្លះៗពីសំណាក់មន្ត្រីរាជការបម្រើការងារជាក្រឡាបញ្ជី និងចៅក្រមមួយចំនួនក្នុងសាលាដំបូងរាជធានីភ្នំពេញ ទាក់ទងនឹងការតែងតាំងលោកក្រឡាបញ្ជី អ៊ុំ វ៉ន ជានាយកក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញនេះ ខណៈលោកក្រឡាបញ្ជី អ៊ុំ វ៉ន ត្រូវបានគេមើលឃើញថា លោកបានបម្រើការងារយ៉ាងសកម្មក្នុងការចុះជួយពង្រឹងការងារគណបក្សប្រជាជនកម្ពុជានៅតាមមូលដ្ឋាន ជាមួយអតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ជីវ កេង នាពេលកន្លងមក ជាហេតុធ្វើឲ្យលោក អ៊ុំ វ៉ន មានគុណវុឌ្ឍិក្នុងការតែងតាំងឲ្យធ្វើជានាយកក្រឡាបញ្ជីថ្មីរបស់សាលាដំបូងរាជធានីភ្នំពេញ ៕