វត្តមានលោកព្រះរាជអាជ្ញារង សៀង សុខ តំណាងអង្គការអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោកក្រឡាបញ្ជីម្នាក់ទៀតឈ្មោះ ហួត ឈួរ ក្នុងព្រឹត្តិការណ៍ចុះអនុត្តន៍ស្មារតីលិខិតលេខ៥៦៤សជណ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាស្ថាប័ននីតិប្រតិបត្តិ ដើម្បីបើកផ្លូវឲ្យក្រុមមនុស្សជាតំណាងប្រជារាស្ត្រចំនួន១២០គ្រួសារ ចាក់ដី និងធ្វើរបងហ៊ុំព័ទ្ធលើដីទំហំ៥០.៦៧៥ម៉ែត្រក្រឡា ឋិតនៅភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (អតីតខណ្ឌដង្កោ) រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤កន្លងទៅ បានធ្វើឲ្យមជ្ឈដ្ឋានអ្នកច្បាប់ចាប់អារម្មណ៍ និងមានការវែកញែកអំពីករណីនេះយ៉ាងផុសផុល ទោះបីការអនុវត្ត ស.ជ.ណ ទីស្តីការគណៈរដ្ឋមន្ត្រីទទួលបានលទ្ធផលបរាជ័យក៏ដោយ ។
ព័ស្តុតាងបានបង្ហាញថា ការណ៍ដែលនាំឲ្យលោកព្រះរាជអាជ្ញារង សៀង សុខ ជាតំណាងអង្គការអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចូលរួមចុះអនុវត្តន៍ស្មារតីលិខិតលេខ៥៦៤សជណ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ជាមួយគណៈកម្មការចម្រុះរបស់សាលាខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤កន្លងមកនោះ គឺដោយសារលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើលិខិតផ្លូវការមួយច្បាប់លេខ១៦០លស ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤ គោរពជូនឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងកម្មវត្ថុស្នើសុំអញ្ជើញចូលរួមអនុវត្តន៍ស្មារតីលិខិតលេខ៥៦៤សជណ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយលោកអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យបានលើកហេតុផលថា "ដើម្បីឲ្យការចុះអនុវត្តន៍នេះដំណើរការដោយភាពរលូន និងមានគតិយុត្តតាមលក្ខណៈច្បាប់" (Sic!) ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យបានលើកឡើងថា ដំណើររឿងអនុវត្តន៍ស្មារតីលិខិតលេខ៥៦៤សជណ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាស្ថាប័ននីតិប្រតិបត្តិ ដើម្បីវាស់វែងកំណត់ព្រំដីក្នុងការចាក់ដី និងធ្វើរបងហ៊ុំព័ទ្ធដីទំហំ៥០.៦៧៥ម៉ែត្រក្រឡា ឋិតនៅភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមសំណើរបស់ក្រុមមនុស្សតំណាងឲ្យប្រជារាស្ត្រចំនួន១២០គ្រួសារ ដែលកំពុងមានទំនាស់ដីធ្លីជាមួយយាយមេម៉ាយកសិករម្នាក់ឈ្មោះ ហួត សារុំ អាយុ៦៤ឆ្នាំ រ៉ាំរ៉ៃអស់រយៈពេលជាង១៥ឆ្នាំមកហើយនោះ មិនមែនជាករណីបទល្មើសព្រហ្មទណ្ឌទេ គឺជាសំណុំរឿងទំនាស់ដីធ្លីសុទ្ធសាធ ។ ម្យ៉ាងទៀត ទីតាំងដីធ្លីដែលត្រូវចុះអនុវត្តន៍ ស.ជ.ណ ទីស្តីការគណៈរដ្ឋមន្ត្រីនោះ គឺកំពុងមានទំនាស់រវាងក្រុមប្រជារាស្ត្រ១២០គ្រួសារ និងយាយមេម៉ាយកសិករម្នាក់ឈ្មោះ ហួត សារុំ មិនទាន់ចប់សព្វគ្រប់ជាស្ថាពរនៅឡើយ ហើយបើតំណាងអង្គការអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចូលរួមចុះអនុវត្តន៍ ស.ជ.ណ ទីស្តីការគណៈរដ្ឋមន្ត្រីតាមការអញ្ជើញរបស់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដែលកើតចេញពីសំណើរបស់ក្រុមមនុស្សតំណាងឲ្យប្រជារាស្ត្រចំនួន១២០គ្រួសារ មានន័យស្មើនឹងអំពើរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចូលរួម"ប្រថាប់ត្រា"ជួយឲ្យភាគីម្ខាងនិងវាយផ្តួលទៅលើភាគីម្ខាងទៀតយ៉ាងអយុត្តិធម៌បំផុត ។
ក្រុមអ្នកច្បាប់បានលើកឡើងទៀតថា យោងតាមមាត្រា២៧នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា អំពីតួនាទីរបស់អង្គការអយ្យការបានចែងថា "អង្គការអយ្យការធ្វើការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ និងសន្និដ្ឋានឲ្យតុលាការអនុវត្តន៍ច្បាប់ ។ អង្គការអយ្យការធានារ៉ាប់រងការអនុវត្តសេចក្តីសម្រេចខាងបទព្រហ្មទណ្ឌ ព្រមទាំងធានាយកចិត្តទុកដាក់លើការផ្សព្វផ្សាយដីកាបង្គាប់ឲ្យចាប់ខ្លួន ។ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ចៅក្រមអយ្យការមានសិទ្ធិកេណ្ឌកងកម្លាំងសាធារណៈដោយផ្ទាល់ជាជំនួយ ។ ចៅក្រមអយ្យការត្រូវតែមានវត្តមាននៅក្នុងពេលសវនាការរឿងព្រហ្មទណ្ឌ ។ " ដូច្នេះ គ្មានមាត្រាច្បាប់ណាមួយតម្រូវឲ្យអាជ្ញាធរធ្វើការកេណ្ឌ ឬអញ្ជើញតំណាងអង្គការអយ្យការទៅចូលរួមអនុវត្តន៍លិខិត ស.ជ.ណ ទីស្តីការគណៈរដ្ឋមន្ត្រី ជាស្ថាប័ននីតិប្រតិបត្តិនោះឡើយ ហើយរឹតតែគ្មានហេតុផលត្រូវទៅចូលរួមដើម្បី"ប្រថាប់ត្រា"ថែមទៀត ។
នៅវេលាព្រឹកនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤នេះ គណៈកម្មការចម្រុះរបស់សាលាខណ្ឌពោធិ៍សែនជ័យ នឹងចុះអនុវត្តន៍ស្មារតីលិខិតលេខ៥៦៤សជណ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រីសាជាថ្មីទៀត ក្រោយបានទទួលរងបរាជ័យកាលពីលើកទី១ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤កន្លងមក ខណៈការប្រញាប់រូតរះចុះអនុវត្តន៍ ស.ជ.ណ ទីស្តីការគណៈរដ្ឋមន្ត្រីសាជាថ្មីទាន់ក្តៅៗនេះ ត្រូវបានគេគិតថា ទំនងជាដើម្បីបានលុយកាក់ចាយវាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ទាំងគណៈកម្មការ អាជ្ញាធរ ទាំងក្រុមប្រជារាស្ត្រពាក់ព័ន្ធ (Resic!) ។ ក្នុងព្រឹត្តិការណ៍ចុះអនុវត្តន៍ ស.ជ.ណ ទីស្តីការគណៈរដ្ឋមន្ត្រីសាជាថ្មីនៅវេលាព្រឹកនេះដែរ សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ហាក់ដូចជាមិនបានឃើញវត្តមានតំណាងអង្គការអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចូលរួមចុះអនុវត្តន៍ជាមួយគណៈកម្មការចម្រុះរបស់សាលាខណ្ឌពោធិ៍សែនជ័យនោះឡើយ ។
ដើម្បីពង្រឹងកិត្យានុកូលភាពនៃច្បាប់ និងលើកស្ទួយកិត្យានុភាពនៃស្ថាប័នតុលាការ ជាពិសេសមុខមាត់និងតម្លៃរបស់អង្គការអយ្យការតែម្តង សូមឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមួយរូបដែរ ព្រមទាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមផ្សេងៗទៀត មេត្តាប្រើប្រាស់មនសិការរបស់ខ្លួនពិនិត្យមើលលើករណីតំណាងអង្គការអយ្យការចូលរួមចុះអនុវត្តន៍លិខិត ស.ជ.ណ ទីស្តីការគណៈរដ្ឋមន្ត្រី ជាស្ថាប័ននីតិប្រតិបត្តិក្នុងរឿងទំនាស់ដីធ្លី តាមរបៀប"ប្រថាប់ត្រា" រំលោភបំពានលើសិទ្ធិភាគីទំនាស់ម្ខាងទៀតនោះផង ៕