ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

មេ​សហជីព​សេរី​កម្មករ​ត្រូវ​បាន​តុលាការ​សម្រេច​មិន​ឃុំខ្លួន​ តែ​ដាក់​ឲ្យ​ឋិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​

​ការ​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​របស់​លោក​ ជា​ មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​(FTUWKC)​ ដែល​ជាប់​ឈ្មោះ​ជា​ជន​ត្រូវ​ចោទ​នៅ​ចំពោះ​មុខ​លោក​ ជា​ សុខ​ហៀ​ង​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០១៤​ម្សិលមិញ​ ទាក់ទង​នឹង​បណ្តឹង​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ និង​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ ដែល​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ គំរាមកំហែង​ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ​ និង​ប្រើ​មធ្យោបាយ​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ​ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា​ ផ្លូវ​វេ​ង​ស្រេង​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​អំឡុង​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៣​ រហូត​ដល់​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០១៤​នោះ​ គឺ​មិន​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​អ្វី​ទេ​ ប៉ុន្តែ​លោក​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ដាក់​ឲ្យ​ឋិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ ដោយ​ចង​នូវ​កាតព្វកិច្ច​ចំនួន​៨​ចំណុច​ ។​

​ដីកា​សម្រេច​លេខ​១៣៦៩២​ត​.​ព្រ​ ចុះ​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០១៤​ របស់​លោក​ ជា​ សុខ​ហៀ​ង​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​សម្រេច​ដាក់​ឈ្មោះ​ ជា​ មុនី​ ជា​ជន​ត្រូវ​ចោទ​ឲ្យ​ឋិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ ឲ្យ​គោរព​កាតព្វកិច្ច​ដូច​ខាងក្រោម​ ៖​

១-​មិន​ត្រូវ​ផ្លាស់​ប្តូរ​លំនៅ​ឋាន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ​ ។​

២-​ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះហៅ​ពី​ចៅក្រម​ស៊ើបសួរ​ ។​

៣-​មិន​ត្រូវ​ជួប​បុគ្គល​មួយ​ចំនួន​ បង្កើត​ជា​ក្រុម​ ធ្វើ​សកម្មភាព​នៅ​ទីកន្លែង​សាធារណៈ​ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ ។​

៤-​មិន​ត្រូវ​ទៅ​កាន់​ទីកន្លែង​មុខ​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា​ ផ្លូវ​វេ​ង​ស្រេង​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ៍យ​ រាជធានី​ភ្នំពេញ​ ដើម្បី​ជៀសវាង​មាន​ឧបទ្ទវហេតុ​អ្វីមួយ​កើត​មាន​ឡើង​ ។​

៥-​មិន​ត្រូវ​ជួប​កម្មករ​រោងចក្រ​នៅ​ចំណុច​មុខ​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា​ ផ្លូវ​វេ​ង​ស្រេង​ ភូំ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ជៀសវាង​កើត​មាន​អំពើ​ហិង្សា​ ឬ​ហេតុការណ៍​ផ្សេងៗ​ ។​

៦-​មិន​ត្រូវ​បង្ក​ឲ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ជុំវិញ​ទីធ្លា​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

៧-​មិន​ត្រូវ​កាន់កាប់​ ឬ​យក​តាម​ខ្លួន​នូវ​អាវុធ​ ។​

៨-​ត្រូវ​ចូល​បង្ហាញខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​បឹង​កេងកង​ទី​៣​ក្នុង​រយៈពេល​១​ខែ​ម្តង​នៅ​ស​ប្តា​ហ៍​ទី​៤​រៀង​រាល់​ម៉ោង​ធ្វើការ​។​

​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​របស់​ស្ថាប័ន​តុលាការ​បែប​នេះ​ លោក​ ជា​ មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ប្រាប់​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​តាម​ទូរស័ព្ទ​ នា​រសៀល​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៤​នេះ​ថា​ លោក​មានការ​សោកស្តាយ​ចំពោះ​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ នឹង​ពាក្យបណ្តឹង​របស់​សមាគម​រោងចក្រ​តាក់​ដេរ​នៅ​កម្ពុជា​ ហើយ​លោក​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ចំពោះ​ការ​សម្រេច​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ម្សិលមិញ​មក​លើ​រូប​លោក​ ដោយ​លោក​ចាត់​ទុក​ថា​ ជា​អំពើ​អយុត្តិធម៌​ ។​

​លោក​ ជា​ មុនី​ បាន​បញ្ជាក់​អះអាង​បន្ថែម​ទៀត​ថា​ ទោះបី​តុលាការ​សម្រេច​ចង​កាតព្វកិច្ច​មក​លើ​រូប​លោក​ជិត​១០​ចំណុច​ដ៏​ដោយ​ក៏​ដើម្បី​ផលប្រយោជន៍​កម្មករ​ក្នុង​រឿង​ទាមទារ​គោរព​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ និង​ការ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​បាន​សមរម្យ​ គឺ​លោក​នឹង​បន្តសកម្មភាព​ជួយ​កម្មករ​តទៅ​ទៀត​ ក្នុង​នាម​ជា​"​សហជីព​កម្មករ​"​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.