កាលពីថ្ងៃចន្ទទី១៥ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញនេះ ក្រុមហ៊ុន Apple បានរាយការណ៍ឲ្យដឹងថា ក្រុមហ៊ុនទទួលបានអ្នកបញ្ជាទិញទុកជាមុនក្នុងចំនួនច្រើនបំផុត ដែលមិនធ្លាប់មានសម្រាប់ទូរស័ព្ទ iPhone ម៉ូដែលថ្មីរបស់ខ្លួនគឺ iPhone 6 និង iPhone 6 Plus បន្ទាប់ពីបានបញ្ចេញលក់នាសប្តាហ៍មុន។
ក្រុមហ៊ុន Apple ដែលមានទីតាំងឋិតនៅកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិកនេះ បានអះអាងថា ក្រុមហ៊ុនទទួលបានការបញ្ជាទិញចំនួនជាង៤លានគ្រឿង តែក្នុងរយៈពេល២៤ម៉ោង ក្រោយពីបានចាប់ផ្តើមលក់ ពោលគឺសេចក្តីត្រូវការសម្រាប់ iPhone ថ្មី ហួសពីការផ្គត់ផ្គង់ និងទូរស័ព្ទក្នុងចំនួនដ៏ច្រើននឹងត្រូវបញ្ជូនទៅឲ្យអតិថិជនចាប់ពីថ្ងៃសុក្រ និងទូទាំងខែកញ្ញា ខណៈអ្នកបញ្ជាទិញនាពេលនេះ ខ្លះត្រូវរង់ចាំដល់ខែក្រោយទើបបានទូរស័ព្ទ។
ការលក់ iPhone ថ្មី តាមហាងលក់រាយនឹងចាប់ផ្តើមនៅថ្ងៃសុក្រទី១៩ ខែកញ្ញា ឆ្នាំ២០១៤ នៅអាមេរិក អូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ អង់គ្លេស ហុងកុង ជប៉ុន សិង្ហបុរី និងព័រតូរីកូ។ ដោយឡែកប្រទេសជាង២០ទៀតនឹងបាន iPhone នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ ខាងមុខ៕