មីស៊ីលរយៈចម្ងាយមធ្យម ផលិតដោយបច្ចេកវិទ្យារបស់ឥណ្ឌាផ្ទាល់ ដែលអាចបំពាក់ក្បាលគ្រាប់បរមាណូ ធុន Agni-I ត្រូវបានអាជ្ញាធរយោធាឥណ្ឌាធ្វើការបាញ់សាកល្បងចេញពីទីតាំងទ័ពអាកាសនៅលើកោះ Wheeler ឋិតក្នុងរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ម្សិលមិញនេះ ប្រកបដោយជោគជ័យ ។
មន្ត្រីយោធាឥណ្ឌា ដែលបានចូលរួមត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលនោះ បានឲ្យដឹងថា មីស៊ីលប្រភេទនេះបានបាញ់សាកល្បងលើកដំបូង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០០២ និងបាញ់សាកល្បងលើកទី២ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១០ ហើយក៏មានការកែទម្រង់ទំនើបកម្មឲ្យប្រសើរឡើង រហូតបាញ់សាកល្បងលើកទី៣ នៅថ្ងៃម្សិលមិញ ប្រកបដោយជោគជ័យបំផុត ។
មីស៊ីលប្រភេទ Agni-I របស់ឥណ្ឌា អាចបំពាក់ក្បាលគ្រាប់បរមាណូបាននោះ មានប្រវែង១៥ម៉ែត្រ អង្កត់ផ្ចិត១ម៉ែត្រ ទម្ងន់១២ ០០០គីឡូក្រាម និងអាចបាញ់បានរយៈចម្ងាយពី ៧០០គីឡូម៉ែត្រ ទៅ១ ២៥០គីឡូម៉ែត្រ ។ មីស៊ីលប្រភេទនេះមានតម្លៃពី ៥,៦ លាន ទៅ ៧,៩លានដុល្លារអាមេរិក ក្នុង១ដើម ។
ចាប់តាំងពីលោក Narendra Modi អាយុ៦៣ឆ្នាំ ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌាទី១៥ ដែលប្រជាជនឥណ្ឌាទទួលស្គាល់ថា ជានាយករដ្ឋមន្ត្រីជាតិនិយមនោះ លោកបានអនុវត្តន៍គោលនយោបាយពង្រឹងវិស័យយោធា ទាំងកងកម្លាំង ទាំងសម្ភារៈបរិក្ខារ ដូចជា មីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូ រថក្រោះ រថពាសដែក និងយន្តហោះចម្បាំង ព្រមទាំងបានចុះកិច្ចសន្យាទិញយន្តហោះចម្បាំងដែលអាចចុះចតលើទឹកបានក្នុងទំហំទឹកប្រាក់ចំនួន ១ ៦៥០លានដុល្លារអាមេរិក ពីប្រទេសជប៉ុនទៀតផង ដើម្បីការពារព្រំដែនជាប់នឹងប្រទេសចិន និងប្រទេសប៉ាគីស្ថានដែលកំពុងមានវិវាទ ៕