លោកជំទាវ ម៉ែន សំអន អាយុ៦១ឆ្នាំ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយេរៀងបច្ចុប្បន្ន ក្រៅពីមានឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នោះ ក៏ជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០០១១៧៩ មានឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផ្កាយមាស៤ ផងដែរ ។
ក្នុងនាមជានាយទាហានជាន់ខ្ពស់នកងយោធពលខេមរភូមិន្ទ អត្តលេខ០០១១៧៩ លោកជំទាវ ម៉ែន សំអន ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផ្កាយមាស៤ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩០៨/១០០៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០០៨ ។
នាសម័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ង្រនីតិកាលទី៥នេះ លោកជំទាវ ម៉ែន សំអន បានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រលំដាប់លេខរៀងទី១នៅមណ្ឌលខេត្តស្វាយរៀង មកពីគណបក្សប្រជាជនកម្ពុជា និងក៏ត្រូវបានតែងតាំងផងដែរជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ។
នៅក្នុងក្របខ័ណ្ឌគណបក្សនយោបាយ លោកជំទាវ ម៉ែន សំអន ជាសមាជិកាគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ។
ចំណុចគួរឲ្យចាប់អារម្មណ៍នោះគឺ លោកជំទាវ ម៉ែន សំអន អាយុ៦១ឆ្នាំ ជាឧត្តមមន្ត្រីថ្នាក់លេខ១នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនៅក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវដល់អាយុចូលនិវត្តន៍តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៣មកម្ល៉េះ ប៉ុន្តែទើបសម្រេចដាក់ឲ្យចូលនិវត្តន៍នៅឆ្នាំ២០១៤នេះទៅវិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៤/៩៥០ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ ដែលមានលក្ខណៈពិសេសជាងឧត្តមមន្ត្រីផ្សេងៗទៀត ។
បច្ចុប្បន្ន អំណាចរបស់លោកជំទាវ នាយឧត្តមសេនីយ៍ផ្កាយមាស៤ ម៉ែន សំអន មានឥទ្ធិពលខ្លាំងណាស់នៅក្នុងគណបក្សប្រជាជនកម្ពុជា ក៏ដូចជានៅក្នុងស្ថាប័ននីតិប្រតិបត្តិ (រាជរដ្ឋាភិបាល) ទើបរាល់ការធ្វើរបាយការណ៍ និងការលើកយោបល់របស់លោកជំទាវរូបនេះមិនដែលត្រូវបានច្រានចោលឡើយ ដោយសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៤ ហ៊ុន សែន ហៅបុរសខ្លាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពល ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដ៏មានអំណាច ៕