ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

កូនប្រសា​របស់​បុរស​ខ្លាំង​ដែល​ធ្វើ​ប៉ូលិស​បាន​ឡើង​ផ្កាយ​៣​ស្មើ​កូនប្រុស​ច្បង​ដែល​ធ្វើ​ទាហាន​រះ​ជុំវិញ​ឪពុក​ផ្កាយ​មាស​៥

​កូនប្រសា​ប្រុស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ធ្វើ​ជា​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ម្នាក់​ គឺ​លោក​ឧត្តមសេនីយ៍​ ឌី​ វិជ្ជា​ អត្តលេខ​០១២៧៨​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ហើយ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៤/៩៤៨​ ចុះ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៤​ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ឋានន្តរស័ក្តិ​ស្មើនឹង​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ គឺ​លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ អត្តលេខ​០៣៣៨៨៣​ ដែល​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៣/៦៧១​ ចុះ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៣​កន្លង​ទៅ​ ខណៈ​កូនប្រុស​របស់​បុរស​ខ្លាំង​ធ្វើ​ជា​នាយទាហាន​ម្នាក់​ទៀត​ គឺ​លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​និ​ត​ អត្តលេខ​០៧៥៥៥៥​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៣/៦៤៩​ ចុះ​ថ្ងៃ​ទី​១២​ ខែមិថុនា​ ឆ្នាំ​២០១៣​ ។​

​ដូច្នេះ​ បើ​សរុប​ចំនួន​ផ្កាយ​ទៅ​ឃើញ​ថា​ មាន​ផ្កាយ​ចំនួន​១២(​គិត​សរុប​សម្រាប់​ស្មា​ម្ខាងៗ​)​បាន​រះ​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​បុរស​ខ្លាំង​ រួម​មាន​ ឪពុក​ កូនបង្កើត​ធ្វើ​ទាហាន​ និង​កូនប្រសា​ប្រុស​ធ្វើ​ប៉ូលិស​ ។​

​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ នាយទាហាន​ជាន់​ខ្ព​ស៊​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៣៣៨៨៣​ ជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ដែល​ចូល​ចិត្ត​ប្រើប្រាស់​ឯកសណ្ឋាន​ ដោយ​ពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ នៅ​ពេល​ដែល​ខ្លួន​បាន​ឡើង​ផ្កាយ​៣​ហើយ​នោះ​ បាន​កាន់កាប់​មុខ​តំណែង​ និង​តួនាទី​ជា​ច្រើន​ រួម​មាន​ ៖​ នាយ​រង​សេនាធិការ​ចម្រុះ​ អគ្គបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​,​ មេបញ្ជាការ​រង​កងទ័ពជើងគោក​,​ មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ និង​ជា​សមាជិក​ក្រុមប្រឹក្សា​កំណែទម្រង់​កង​យោធពលខេមរភូមិន្ទ​ ។​

​លោក​ឧត្តមសេនីយ៍ឯក​  ឌី​ វិជ្ជា​ នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ទទួល​បន្ទុក​ផ្នែក​ចារកម្ម​ព្រំដែន​ អត្តលេខ​០១២៧៨​ ជា​កូនប្រុស​របស់​សព​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ហុ​ក​ ឡង​ឌី​ អតីត​អគ្គស្នងការ​នគរបាល​ជាតិ​ និង​លោក​ជំទាវ​ ម៉ែ​ន​ ភក្តី​ ជា​ស្វាមី​របស់​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ អគ្គ​នាយិកា​នៃ​ស្ថានីយ៍ទូរទស្សន៍​-​វិទ្យុ​បាយ័ន​ ជា​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​នោះ​ ថ្មីៗ​នេះ​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​ក្រសួងមហាផ្ទៃ​ ។​ លោក​ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ក៏​មាន​ក្រុមហ៊ុន​ឯកជន​កាន់កាប់​គ្រប់គ្រង​ខ្លួនឯង​ជា​ច្រើន​ផង​ដែរ​ ។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ត្រី​ ហ៊ុន​ ម៉ា​និ​ត​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៧៥៥៥៥​ ជា​កូនប្រុស​របស់​បុរស​ខ្លាំង​ បាន​កាន់កាប់​មុខ​តំណែង​ និង​តួនាទី​ច្រើន​គួរសម​ដែរ​ រួម​មាន​ ៖​ នាយករង​ខុទ្ទកាល័យ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ដែល​ត្រូវជា​ឪពុក​ផ្ទាល់​,​ នាយករង​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​អគ្គ​បញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ​ និង​ជា​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ៕​ 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.