លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា(FTUWKC) ត្រូវបានស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស គំរាមកំហែងថា នឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ហាអ្វីមួយ និងប្រើមធ្យោបាយដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ប្រព្រឹត្តនៅចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ តាមមាត្រា២១៨, មាត្រា៤១១ និងមាត្រា៤២៤នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៨នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ១៣១០អ.យ.ទ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤ ។
បន្ទាប់ពីមានការបើកផ្លូវចោទប្រកាន់ដោយស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញរួចមក លោក ជា សុខហៀង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាបង្គាប់ឲ្យចូលខ្លួនលេខ១២៣៥០ត.ព្រ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ បង្គាប់ឲ្យលោក ជា មុនី ដែលមានឈ្មោះជាជនត្រូវចោទចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង១៤និង៣០នាទីរសៀលខាងមុខ ដើម្បីសួរចម្លើយតាមនីតិវិធីបន្ត ដែលដីកាបង្គាប់ឲ្យចូលខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនេះ ក៏បានបញ្ជាក់ដែរថា "ក្នុងករណីមិនចូលខ្លួនតាមកាលកំណត់ខាងលើនេះទេ យើងនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួន" ។
ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌលេខ៤៩ ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យចូលខ្លួនទៅសួរចម្លើយ ដែលទំនងជាយោងតាមបណ្តឹងរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)នោះ លោក ជា មុនីដែលជាជនត្រូវចោទនៅស្ថាប័នតុលាការ បានមានប្រសាសន៍ប្រាប់គេហទំព័រសារព័ត៌មានដើមត្នោតតាមទូរស័ព្ទ កាលពីវេលាព្រឹកនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ថា ដីកាបង្គាប់ឲ្យចូលខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ ប៉ុន្តែលោកទើបបានទទួលនៅវេលាព្រឹកនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤នេះប៉ុណ្ណោះ ។ លោកបានបញ្ជាក់ទៀតថា លោកជាពលរដ្ឋគោរពច្បាប់ ទោះបីដឹងថាតុលាការមិនឯករាជ្យ និងមិនយុត្តិធម៌យ៉ាងណាក៏ដោយ តែលោកនឹងទៅបំភ្លឺតុលាការតាមកាលកំណត់មិនគេចវេះឡើយ ។
ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា មានមេដឹកនាំសហជីពកម្មករចំនួន២យ៉ាងតិចផ្សេងទៀត ក៏ត្រូវបានតុលាការចោទប្រកាន់ដូចគ្នានឹងករណីលោក ជា មុនី ប្រធានសហជីពសេរីគម្មករនៃព្រះរាជាណាចក្រកម្ពុជាដែរ ក្នុងសំណុំរឿងហិង្សាដោយសារកម្មករធ្វើបាតុកម្ម នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ដែលត្រូវសមត្ថកិច្ចបង្ក្រាបនោះ ។
សូមរំលឹកជូនថា ករណីបាតុកម្មរបស់ក្រុមកម្មករទាមទារដំឡើងប្រាក់ខែកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ នៅចំណុចមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេងនោះ បានបង្កឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ ដោយសារការបង្ក្រាបពីសំណាក់សមត្ថកិច្ចប្រដាប់អាវុធយ៉ាងសាហាវឃោរឃៅមកលើកម្មករដែលគ្មានអាវុធកាន់នៅក្នុងដៃ ៕