ពិតជានាំឲ្យមានអារម្មណ៍ភ្ញាក់ផ្អើល និងសឹងមិនគួរឲ្យជឿមែន នៅពេលដែលគេហទំព័របរទេសមួយបានចុះផ្សាយឲ្យដឹងថា លោកប្រធានាធិបតីមហាអំណាចសហរដ្ឋអាមេរិកទី៤៤ Barack Obama អាយុ៥៣ឆ្នាំ មានទ្រព្យសម្បត្តិតិចជាងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin អាយុ៦១ឆ្នាំ រហូតដល់ទៅជិត៦ពាន់ដង ។
គេហទំព័របរទេសបានចុះផ្សាយនៅពេលថ្មីៗនេះ បានឲ្យដឹងថា លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីមានទ្រព្យសម្បត្តិចំនួន៧០ពាន់លានដុល្លារអាមេរិក ដែលទទួលបានពីភាគហ៊ុននៅក្នុងបណ្តាក្រុមហ៊ុនប្រេង និងឧស្ម័នផង និងអំពើពុករលួយផង ខណៈលោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama មានទ្រព្យសម្បត្តិត្រឹមតែ១២,២លានដុល្លារអាមេរិកប៉ុណ្ណោះ ។
ប្រាក់ចំណូលរបស់លោកប្រធានាធិបតីអាមេរិក Barack Obama បានមកដោយសារការលក់សៀវភៅដែលលោកនិពន្ធដោយខ្លួនឯងជាច្រើនក្បាល ក្នុងនោះមានសៀវភៅ The Audacity of Hope, Astory of Race និងសៀវភៅ Dreams of my Father ជាដើម ខណៈប្រាក់ចំណូលរបស់លោកក៏បនាកើនឡើងខ្លាំង បន្ទាប់ពីលោកបានថ្លែងសុន្ទរកថាដ៏គួរឲ្យចាប់អារម្មណ៍មួយនៅមហាសន្និបាតជាតិកាលពីឆ្នាំ២០០៤ ទាក់ទងនឹងការបង្ហាញអំពីមនសិការខ្ពស់ក្នុងការបម្រើប្រទេសជាតិ ។ ក្នុងឆ្នាំ២០០៤ សៀវភៅ Dreams of my Father របស់លោកទទួលបានប្រាក់ចំណូល២០០.០០០ដុល្លារអា និងប្រាក់ចំណូលសរុបពីការលក់សៀវភៅនេះបានកើនឡើងដល់១,៧លានដុល្លារ ក្នុងឆ្នាំ២០០៥ ព្រមទាំងក្នុងឆ្នាំ២០០៦ សៀវភៅដដែលនេះរកប្រាក់ចំណូលបានចំនួន៩១៦.០០០ដុល្លារថែមទៀត ។
សៀវភៅ The Audacity of Hope ជាសៀវភៅទី២របស់លោក Barack Obama បានលក់ដាច់ជាងគេបំផុត ក្នុងចំណោមសៀវភៅផ្សេងទៀត ពោលគឺបានផ្តល់ប្រាក់ចំណូលចំនួន៤,២លានដុល្លារក្នុងឆ្នាំ២០០៧ ។
តាមការកត់សម្គាល់បានបង្ហាញឲ្យឃើញថា ប្រាក់ចំណូលរបស់ក្រុមគ្រួសារលោក Barack Obama មានការកើនឡើងជាលំដាប់ បន្ទាប់ពីលោកបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងជោគជ័យក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីនៅចុងឆ្នាំ២០០៨ រួមមាន ៖ ឆ្នាំ២០០០ ទទួលបាន២,៤សែនដុល្លារ, ឆ្នាំ២០០១ ទទួលបាន២,៧សែនដុល្លារ, ឆ្នាំ២០០២ ទទួលបាន២,៥សែនដុល្លារ, ឆ្នាំ២០០៣ ទទួលបាន២,៣សែនដុល្លារ, ឆ្នាំ២០០៤ ទទួលបាន២,០៧សែនដុល្លារ, ឆ្នាំ២០០៥ ទទួលបាន១,៦លានដុល្លារ, ឆ្នាំ២០០៦ ទទួលបាន៩,៨សែនដុល្លារ, ឆ្នាំ២០០៧ ទទួលបាន៤,១លានដុល្លារ, ឆ្នាំ២០០៨ ទទួលបាន២,៦លានដុល្លារ, ឆ្នាំ២០០៩ ទទួលបាន៥,៥លានដុល្លារ, ឆ្នាំ២០១០ ទទួលបាន១,៧លានដុល្លារ, ឆ្នាំ២០១១ ទទួលបាន៧,៨សែនដុល្លារ, ឆ្នាំ២០១២ ទទួលបាន៦,៦សែនដុល្លារ និងឆ្នាំ២០១៣ ទទួលបាន៤,៨សែនដុល្លារ ។
ចំពោះការបំពេញមុខងារក្នុងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកវិញ លោក Barack Obama ទទួលបានប្រាក់បៀវត្សរ៍ចំនួន៤០ម៉ឺនដុល្លារក្នុង១ឆ្នាំ ។ ប្រាក់បន្ថែមសម្រាប់ការចំណាយផ្សេងៗចំនួន១៥០.០០០ដុល្លារ ។ ប្រាក់លើកលែងពន្ធចំនួន១០ម៉ឺនដុល្លារ និងប្រាក់សម្រាប់ដំណើរកម្សាន្តចំនួន២ម៉ឺនដុល្លារថែមទៀត ។
សរុបសេចក្តីមក បើធ្វើការប្រៀបធៀបប្រាក់ចំណូលរបស់មេដឹកនាំប្រទេសមហាអំណាចទាំង២ តាមការបង្ហាញរបស់គេហទំព័របរទេសនោះ គឺលោកប្រធានាធិបតីអាមេរិក Barack Obama មានទ្រព្យសម្បត្តិតិចជាងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin រហូតដល់ជិត៦ពាន់ដងឯណោះ ៕