ថ្ងៃ សុក្រ ទី ១៩ ខែ សីហា ឆ្នាំ ២០២២

បុរស​ខ្លាំង​ចេញ​ ស​ជ​ណ​ បង្ក​ភាព​មហា​អយុត្តិធម៌​ក្នុង​រឿង​ទំនាស់​ដីធ្លី​មួយ​កន្លែង​តាម​របៀប​”​ហែក​ច្បាប់​ភូមិបាល​បោះចោល​ក្នុង​ធុងសំរាម​”

​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​កន្លែង​រវាង​ក្រុម​ប្រជារាស្ត្រ​ដែល​អះអាង​ថា​ មាន​ចំនួន​ជាង​១០០​គ្រួសារ​ និង​ស្ត្រី​ចំណាស់​មេម៉ាយ​អាយុ​ជិត​៧០​ឆ្នាំ​ម្នាក់​ ឋិត​នៅ​ភូមិ​កា​កាប​ សង្កាត់​កា​កាប​ ខណ្ឌដង្កោ​(​បច្ចុប្បន្ន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​)​ រាជធានី​ភ្នំពេញ​ បាន​កើត​មាន​ឡើង​ចាប់តាំងពី​អំឡុង​ឆ្នាំ​១៩៩៩​មក​ម្ល៉េះ​ ខណៈ​កាល​ណោះ​ក្រសួងមហាផ្ទៃ​បាន​សម្រេច​ទទួលស្គាល់​ដី​ទំនាស់​ទំហំ​៣​ហិ​កតា​(៣០.០០០​ម៉ែត្រក្រឡា​)​ គឺជា​ដី​របស់​យាយ​ ហួត​ សា​រុំ​ ដែល​បាន​និង​កំពុង​កាន់កាប់​បង្កបង្កើន​ផល​តាំងពី​ឆ្នាំ​១៩៧៩​ រហូត​មក​ទល់​បច្ចុប្បន្ន​ប្រាកដ​មែន​ និង​បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ម៉ឺងម៉ាត់​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​ប្រជារាស្ត្រ​ផង​ ចៀសវាង​បុ​គ្គាំ​ល​មួយ​ចំនួន​ប្រើ​រូបភាព​ជា​សមូហភាព​ប្តឹង​តាម​អំពើ​ចិត្ត​ តាម​ស្មារតី​លិខិត​លេខ​២៨៥​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០០០​ ។​

​យោង​តាម​ការ​សម្រេច​របស់​ក្រសួងមហាផ្ទៃ​ខាងលើ​ ទើប​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​ភូមិបាល​ (​ដ​ន​ស​ភ​)​ ខណ្ឌដង្កោ​ បាន​ចុះ​វាស់វែង​លើ​ទីតាំង​ដី​ទំនាស់​ជាក់ស្តែង​នា​អំឡុង​ឆ្នាំ​២០០១​ ឃើញ​ថា​ ដី​ទំនាស់​មាន​ទំហំ​សរុប​ចំនួន​៦០.៦៧៥​ម៉ែត្រក្រឡា​ ដែល​ក្នុង​នោះ​ដី​ទំហំ​៥៦.០១៣​ម៉ែត្រក្រឡា​ជា​ដី​របស់​យាយ​ ហួត​ សា​រុំ​ កំពុង​កាន់កាប់​ និង​ដី​ទំហំ​៤.៦៦១​ម៉ែត្រក្រឡា​ទៀត​ជា​ដី​របស់​ឈ្មោះ​ សរ​ ផល​ កំពុង​កាន់កាប់​ ។​

​លុះ​មក​ដល់​អំឡុង​ឆ្នាំ​២០០៧​ ក្រុម​ប្រជារាស្ត្រ​ដដែល​ តែ​បែងភាគ​ថ្មី​ចេញ​ចំនួន​១២០​គ្រួសារ​ តាម​រយៈ​តំណាង​ចំនួន​១០​នាក់​ បាន​ដាក់​ពាក្យ​ប្តឹង​បន្ត​ឡើង​វិញ​មក​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ (​អតីត​សម្តេច​ ហ៊ុន​ សែន​)​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្នើ​សុំ​សិទ្ធិ​គ្រប់គ្រង​លើ​ដី​ទំនាស់​ទំហំ​៥០.៦៧៥​ម៉ែត្រក្រឡា​ជា​កម្មសិទ្ធិ​ ហើយ​ក៏​ត្រូវ​បាន​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ចាត់​បញ្ជូន​ឲ្យ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​(​ហៅ​កាត់​ថា​ក្រសួង​អធិការកិច្ច​)​ដោះស្រាយ​ជា​សមត្ថកិច្ច​ ។​

​នៅ​ដើមឆ្នាំ​២០០៨​ លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ អតីត​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច​ យោង​តាម​របាយការណ៍​របស់​បុរស​ឈ្មោះ​ សេង​ យៀន​ ជា​ប្រធាន​ប្រតិភូ​អធិការកិច្ច​នៃ​ក្រសួង​អធិការកិច្ច​ ក៏​បាន​ធ្វើ​របាយការណ៍​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ទើប​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​សម្រេច​ប្រគល់​ដី​ទំនាស់​ទំហំ​១​ហិ​កតា​(១០.០០០​ម៉ែត្រក្រឡា​)​ ជូន​យាយ​ ហួត​ សា​រុំ​ និង​ដី​ទំនាស់​ទំហំ​៥០.៦៧៥​ម៉ែត្រក្រឡា​ទៀត​ ទុកជា​ផលប្រយោជន៍​រួម​របស់​ប្រជារាស្ត្រ​ភូមិ​កា​កាប​១២០​គ្រួសារ​ ក្នុង​នោះ​ក៏​មានគ្រួសារ​យាយ​ ហួត​ សា​រុំ​ ដែរ​ តាម​ស្មារតី​លិខិត​លេខ​៣៨៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០០៨​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ (​យោង​ចំណារ​ចុះ​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០០៨​ របស់​បុរស​ខ្លាំង​នៅ​លើ​របាយការណ៍​លេខ​១០៦/០៨​ ទរ​ព​អ​.​របក​ ចុះ​ថ្ងៃ​ទី​២៩​ ខែកុម្ភៈ​ ឆ្នាំ​២០០៨​ របស់​ក្រសួង​អធិការកិច្ច​)​ ។​ មាន​ន័យ​ថា​ ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​នេះ​ បាន​ធ្វើ​ឲ្យ​យាយ​ ហួត​ សា​រុំ​ បាត់បង់​ដីធ្លី​ដែល​គាត់​បាន​កាន់កាប់​ និង​អាស្រ័យ​ផល​ជាក់ស្តែង​អស់​ចំនួន​៤៦.០១៣​ម៉ែត្រក្រឡា​យ៉ាង​ស្រស់ៗ​ និង​ទទួល​ការ​បាត់បង់​ដីធ្លី​អស់​ចំនួន​២០.០០០​ម៉ែត្រក្រឡា​ធៀប​ទៅ​នឹង​ការ​សម្រេច​របស់​ក្រសួងមហាផ្ទៃ​នា​អំឡុង​ឆ្នាំ​២០០០​កន្លង​មក​។​

​យោង​តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ ដូច​មាន​ចែង​ក្នុង​ស្មារតី​លិខិត​លេខ​៣៨៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០០៨​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​នោះ​ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​(​ដ​ន​សស​)​រាជធានី​ភ្នំពេញ​ ក៏​បាន​ចេញ​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ចំនួន​២​ប័ណ្ណ​ ជូន​ទៅ​តំណាង​ប្រជារាស្ត្រ​១២០​គ្រួសារ​ "​ប័ណ្ណ​លេខ​ភព​១២៣១០(​ឆ​IV0317)​ និង​ប័ណ្ណ​លេខ​ភព​១២៣១១(​ឆ​IV0318)​ចុះ​ថ្ងៃ​ទី​២៦​ខែឧសភា​ឆ្នាំ​២០០៩"​ ទោះបី​មានការ​តវ៉ា​ជា​លំដាប់​ពី​សំណាក់​យាយ​ ហួត​ សា​រុំ​ ក៏​ដោយ​ ។​

​បន្ទាប់​ពី​ទទួល​បាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​រួច​ហើយ​ រាជរដ្ឋាភិបាល​ក៏​បាន​សម្រេច​អនុញ្ញាត​ឲ្យ​តំណាង​ប្រជារាស្ត្រ​ធ្វើការ​ចាក់​ដី​ និង​ធ្វើ​របង​ហ៊ុំ​ព័ទ្ធ​លើ​ទីតាំង​ដី​ទំនាស់​នោះ​តាម​ស្មារតី​លិខិត​លេខ​៥៦៤​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ (​យោង​ចំណារ​ចុះ​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​បុរស​ខ្លាំង​នៅ​លើ​លិខិត​លេខ​២១​លស​.​ច​សម​.​គរម​ ចុះ​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៣​ របស់​សាលា​រាជធានី​ភ្នំពេញ​)​ ។​

​ចំណុច​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​ខាងលើ​នេះ​ គឺ​នៅ​ពេល​ដែល​លោក​ជំទាវ​ សោម​ គឹ​ម​សួគ៌​ បាន​ឡើង​កាន់​តំណែង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច​ ជំនួស​លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ នោះ​ រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​អធិការកិច្ច​ បាន​ចុះ​អង្កេត​ស្រាវជ្រាវ​រក​ឃើញ​ថា​ បុរស​ឈ្មោះ​ សេង​ យៀន​ អតីត​អគ្គនាយករង​អធិការកិច្ច​ និង​ជា​ប្រធាន​ប្រតិភូ​អធិការកិច្ច​ ដែល​ចុះ​ស្រាវជ្រាវ​ដោះស្រាយ​ទំនាស់​ដីធ្លី​រវាង​ក្រុម​ប្រជារាស្ត្រ​១២០​គ្រួសារ​ និង​យាយ​ ហួត​ សា​រុំ​ បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ស៊ីសំណូក​ទឹកប្រាក់​ចំនួន​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ពី​តំណាង​ប្រជារាស្ត្រ​១២០​គ្រួសារ​ ដោយ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ ឌី​ ប្រឹ​ម​ ជា​អ្នកជំនួញ​ និង​ជា​អ្នក​ជួយ​ជ្រោមជ្រែង​ខាង​លុយកាក់​ ជា​ថ្នូរ​នឹង​ការ​ចេញ​ស្មារតី​លិខិត​លេខ​៣៨៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០០៨​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ហើយ​ក៏​ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ដកហូត​មុខ​តំណែង​ និង​បញ្ឈប់​ពី​ក្របខ័ណ្ឌ​មុខងារសាធារណៈ​ទាំងស្រុង​ ព្រមទាំង​បញ្ជូន​សំណុំរឿង​បុរស​ឈ្មោះ​ សេង​ យៀន​ ទៅ​តុលាការ​ចាត់ការ​ជា​សមត្ថកិច្ច​ តាម​ស្មារតី​លិខិត​លេខ​៨៩៤​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០០៩​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​(​យោង​ចំណារ​ចុះ​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០០៩​ របស់​បុរស​ខ្លាំង​ នៅ​លើ​លិខិត​លេខ​៣៣០/០៩​ ទរ​ព​អ​.​រប​ ចុះ​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០០៩​ របស់​ក្រសួង​អធិការកិច្ច​)​ ។​

​ពេល​សំណុំរឿង​បញ្ជូន​មក​ដល់​ស្ថាប័ន​តុលាការ​ បុរស​ឈ្មោះ​ សេង​ យៀន​ និង​ស្ត្រី​ឈ្មោះ​ ឌី​ ប្រឹ​ម​ ត្រូវជា​ប្អូនស្រី​ជីដូនមួយ​របស់​បុរស​ខ្លាំង​ផង​ បាន​ក្លាយជា​ជនជាប់ចោទ​ និង​ត្រូវ​បាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ​ សេង​ យៀន​ ដាក់​ពន្ធនាគារ​កំណត់​៤​ឆ្នាំ​០៦​ខែ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ពី​បទ​ស៊ីសំណូក​ និង​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ​ ឌី​ ប្រឹ​ម​ ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ​០៦​ខែ​ ពី​បទ​សូកប៉ាន់​ តាម​សាលក្រម​ព្រហ្មទណ្ឌ​លេខ​១៣៥"​កប​៤"​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ ។​

​អនុលោម​តាម​លទ្ធផល​នៃ​ការ​អង្កេត​ស្រាវជ្រាវ​របស់​រាជរដ្ឋាភិបាល​ និង​ការ​សម្រេចសេចក្តី​របស់​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​ខាងលើ​នេះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ធ្វើការ​សន្និដ្ឋាន​ ដូច​ខាងក្រោម​ ៖

១-​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​តាម​ស្មារតី​លិខិត​លេខ​៣៨៩​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០០៨​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ គឺ​ប្រព្រឹត្ត​ទៅ​តាម​របៀប​"​ហែក​ច្បាប់​ភូមិបាល​បោះចោល​ក្នុង​ធុងសំរាម​"​ ពីព្រោះ​ការ​សម្រេច​នេះ​បាន​យោង​ទៅ​លើ​របាយការណ៍​របស់​ក្រសួង​អធិការកិច្ច​ ជំនាន់​លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ អតីត​ធ្វើ​ជា​រដ្ឋមន្ត្រី​ និង​របាយការណ៍​របស់​បុរស​ឈ្មោះ​ សេង​ យៀន​ អតីត​ជា​ប្រធាន​ប្រតិភូ​អធិការកិច្ច​ ដែល​មិន​យក​ច្បាប់​ភូមិបាល​ជា​ធំ​ធ្វើការ​សម្រេច​ឡើយ​ ។​

២-​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​បាន​រំលោភ​បំពាន​លើ​ស្មារតី​នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៤៧​ អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០០២​ ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មការ​សុរិយោដី​ ដ្បិត​ក្នុង​សំណុំរឿង​ទំនាស់​ដីធ្លី​នេះ​បែរជា​យក​ទៅ​ដោះស្រាយ​នៅ​ក្រសួង​អធិការកិច្ច​ទៅ​វិញ​ ។​

៣-​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ដែល​កើត​ចេញពី​របាយការណ៍​បង្កប់​ដោយ​អំពើ​ពុក​រលួយ​ ស៊ីសំណូក​-​សូកប៉ាន់​ ពាក់ព័ន្ធ​នឹង​ជនជាប់ចោទ​ឈ្មោះ​ សេង​ យៀន​ និង​ឈ្មោះ​ ឌី​ ប្រឹ​ម​ ទាក់ទង​គ្នា​នៅ​ស្ថាប័ន​តុលាការ​ គឺជា​ការ​សម្រេច​មួយ​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រក្រតី​ និង​ផ្តល់​មហា​អយុត្តិធម៌​ដល់​ភាគី​ទំនាស់​ដែល​បាន​និង​កំពុង​កាន់កាប់​ និង​អាស្រ័យ​ផល​លើ​ដី​ទំនាស់​ជាក់ស្តែង​ ។​

៤-​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​គប្បី​ធ្វើការ​ពិចារណា​សា​ជា​ថ្មី​ និង​សម្រេច​លុប​ចោល​ស្មារតី​លិខិត​លេខ​៣៩៨​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០០៨​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែល​មាន​ភាព​មិន​ប្រក្រតី​នោះ​ចោល​ជា​អសារ​បង់​ ព្រមទាំង​ធ្វើការ​សម្រេច​ឡើង​វិញ​នៅ​លើ​សំណុំរឿង​ទំនាស់​ដីធ្លី​រវាង​យាយ​ឈ្មោះ​ ហួត​ សា​រុំ​ និង​ក្រុម​ប្រជារាស្ត្រ​ដែល​អះអាង​ថា​ មាន​ចំនួន​១២០​គ្រួសារ​ ដើម្បី​ផ្តល់​យុត្តិធម៌​ពិតប្រាកដ​ដល់​គូភាគី​ទំនាស់​ ដ្បិត​ដី​ទំនាស់​នេះ​ត្រូវ​បាន​ក្រុម​តំណាង​ប្រជារាស្ត្រ​កំពុង​កញ្ជ្រោល​សម្រេច​លក់ដូរ​បន្ត​ទៅ​ឲ្យ​ឈ្មួញ​ហើយ​ ៕​

Seng-Yean-Dy-Prem   Seng-Yean894Seng-Yean389Seng-YeanInerio

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.