ចិននឹងជែងឈ្នះសហរដ្ឋអាមេរិក ដើម្បីក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតក្នុងពិភពលោកនៅរយៈពេល១០ឆ្នាំទៀត គឺនៅឆ្នាំ២០២៤ខាងមុខ ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រអង់គ្លេសឈ្មោះ Daily Mail កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៤កន្លងទៅថ្មីៗ ។
សហរដ្ឋអាមេរិកបានដឹកនាំសេដ្ឋកិច្ចរបស់ពិភពលោកជាង១០០ឆ្នាំមកហើយ ខណៈឥឡូវនេះការកើនឡើងយ៉ាងខ្លាំងក្នុងការចំណាយរបស់អតិថិជននៅក្នុងប្រទេសចិន ត្រូវគេរំពឹងទុកថា នឹងធ្វើឲ្យចិនក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតលើពិភពលោកនៅឆ្នាំ២០២៤ ។
របាយការណ៍របស់ក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មានអាជីវកម្ម IHS បានបង្ហាញឲ្យឃើញថា ការចំណាយរបស់អតិថិជនចិន ត្រូវបានព្យាករណ៍ទុកថា នឹងកើនឡើងចំនួន៣ដងពី៣,៥លានលានដុល្លារអាមេរិក ទៅ១០,៥លានលានដុល្លារអាមេរិក នៅក្នុងរយៈពេល១០ឆ្នាំខាងមុខ ដែលនឹងបង្កើន GDP របស់ចិនរហូតដល់២៨,៣លានលានដុល្លារអាមេរិក លើស GDP របស់អាមរិក ដែលមានចំនួន២៧,៤លានលានដុល្លារអាមេរិក បើផ្អែកតាមតម្លៃបច្ចុប្បន្ន ។
GDP របស់សហរដ្ឋអាមេរិកបច្ចុប្បន្ននៅតែខ្ពស់ជាង GDP របស់ចិននៅឡើយទេ ពោលគឺចំនួន១៧,៤លានលានដុល្លារអាមេរិក ធៀបនឹងចំនួន១០លានលានដុល្លារអាមេរិក ខណៈក្រុមអ្នកជំនាញសេដ្ឋកិច្ចព្យាករណ៍ថា ការចមណាយរបស់អតិថិជនចិននឹងកើនឡើងនូវកម្រិតមធ្យម៧,៧ភាគរយក្នុង១ឆ្នាំ ដែលអាចធ្វើឲ្យអ្វីៗនឹងមានការផ្លាស់ប្តូរទៅថ្ងៃអនាគត ។
លោក Rajiv Biswas នាយកសេដ្ឋវិទូអាស៊ីរបស់ IHS បាននិយាយថា "សេដ្ឋកិច្ចចិនត្រូវគេរំពឹងថា នឹងធ្វើឲ្យមានតុល្យភាពឡើងវិញចំពោះកំណើនកាន់តែឆាប់រហ័ស នៅក្នុងការចំណាយ ហើយនឹងជួយដល់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក ក៏ដូចជាកំណើនសម្រាប់អាស៊ីប៉ាស៊ីហ្វិក ក្នុងនាមជាតំបន់មួយ ។ សេដ្ឋកិច្ចចិននឹងដើរតួនាទីកាន់តែធំឡើងក្នុងនាមជាអ្នកជំរុញសេដ្ឋកិច្ច និងលំហូរវិនិយោគសកលលោកដ៏សំខាន់" ។
ប្រសិនបើការព្យាករណ៍របស់IHS ត្រឹមត្រូវនោះ ចិននឹងកាន់កាប់ GDP របស់ពិភពលោកចំនួន១ភាគ៥នៅត្រឹមឆ្នាំ២០២៥ ដោយកើនឡើងពី១២ភាគរយនាពេលបច្ចុប្បន្ន ។
សូមបញ្ជាក់ជូនថា បច្ចុប្បន្នប្រជាជនចិនមានចំនួនប្រមាណ១.៤០០លាននាក់ ខណៈសហរដ្ឋអាមេរិកមានចំនួនប្រមាណ៣២០លាននាក់ប៉ុណ្ណោះ ៕