តាមការប្រកាសកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ម្សិលមិញ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី(Malaysia Airlines) បានឲ្យដឹងថា ក្រុមហ៊ុននឹងកាត់បន្ថយបុគ្គលិករបស់ខ្លួនចំនួន៦.០០០នាក់ ក្នុងចំណោមបុគ្គលិកសរុបចំនួន២០.០០០នាក់ ដើម្បីជាផ្នែកមួយនៃផែនការស្រោចស្រង់ឲ្យមានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីក្រុមហ៊ុនជួបមហន្តរាយយន្តហោះចំនួន២លើកផ្ទួនៗគ្នាក្នុងឆ្នាំ២០១៤នេះ ។
ក្រុមហ៊ុន Khazanah Nasional ដែលជាក្រុមហ៊ុនវិនិយោគរដ្ឋរបស់ម៉ាឡេស៊ី មានភាគហ៊ុនចំនួន៦៩ភាគរយនៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានឲ្យដឹងថា ផែនការកាត់បន្ថយបុគ្គលិកនេះ ត្រូវរួមបញ្ចូលទាំងការបង្កើតក្រុមហ៊ុនថ្មីមួយដែលនឹងគ្រប់គ្រងលើដំណើរការនៃក្ងហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីមានស្រាប់ ដោយការកែទម្រង់ និងការវិនិយោគថ្មីនៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ក្រោមក្រុមហ៊ុនវិនិយោគរដ្ឋនោះ នឹងត្រូវចំណាយប្រាក់អស់ចំនួន១,៩ពាន់លានដុល្លារអាមេរិក ។
គួររំលឹកថា ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីក្នុងឆ្នាំ២០១៤នេះ បានជួបប្រទះនឹងមហន្តរាយយន្តហោះចំនួន២លើកផ្ទួនៗគ្នា គឺលើកទី១ យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing777-200 មានជើងហោះហើរ MH370 បានបាត់ខ្លួនជាមួយនឹងមនុស្សក្នុងយន្តហោះចំនួន២៣៩នាក់ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ រហូតមកទល់បច្ចុប្បន្នរកមិនទាន់ឃើញនៅឡើយ ខណៈដែលគេសន្និដ្ឋានថា មនុស្សក្នុងយន្តហោះបានស្លាប់បាត់បង់ជីវិតអស់ទៅហើយ និងលើកទី២ យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing777-200 មានជើងហោះហើរ MH17 បានធ្លាក់នៅភាគខាងកើតប្រទេសអ៊ុយក្រែន សម្លាប់មនុស្សក្នុងយន្តហោះចំនួន២៩៨នាក់ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ដែលគេសង្ស័យថា យន្តហោះបានត្រូវគ្រាប់មីស៊ីលធុន BUK របស់ក្រុមឧទ្ទាមបំបែករដ្ឋអ៊ុយក្រែន គាំទ្រដោយរុស្ស៊ី ៕