ដាយមាត់ធំមួយខ្សែត្រូវបានគេលួចដាក់នៅក្នុងផ្ទៃទឹកព្រែក-ស្ទឹងកំបុត ភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីចាប់ត្រី តែមិនជាប់ត្រី បែរជាជាប់គោបណ្តាលឲ្យងាប់អស់៩ក្បាល កាលពីវេលាល្ងាចនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤កន្លងមក ខណៈហ្វូងសត្វគោទាំងនោះហែលកាត់ទឹកព្រែក-ស្ទឺង មានព្រំប្រទល់រវាងស្រុកបាធាយ ខេត្តកំពង់ចាម និងស្រុកមុខកំពូល ខេត្តកណ្តាល ប្រវែងប្រមាណ៥០ម៉ែត្រ ប៉ះចំខ្សែទឹកហូរ និងប៉ះចំដាយមាត់ធំហួរកួចចូលទៅក្នុងដាយចាប់ត្រី ឈ្លក់ទឹកឡើងប៉ោងពោះងាប់ ។
សមត្ថកិច្ចនគរបាលស្រុកបាធាយ បានឲ្យដឹងថា ក្រុមក្មេងៗឃ្វាលគោជាច្រើននាក់បានដឹកគោចេញពីលំនៅឋានរបស់ពួកគេ ដើម្បីយកគោឲ្យទៅស៊ីស្មៅនៅត្រង់ចំណុចវាលមួយដែលមិនលិចទឹក ដោយត្រូវហែលឆ្លងកាត់ទឹកព្រែក-ស្ទឹងប្រវែងប្រហែល៥០ម៉ែត្រ រហូតដល់វេលាល្ងាចទើបត្រឡប់មកផ្ទះសម្បែងវិញ ។ នៅថ្ងៃកើតហេតុ ក្នុងចំណោមហ្វូងគោទាំងនោះមានគោចំនួន៩ក្បាលបានងាប់ដោយសារហែលឆ្លងកាត់ទឹកព្រែក-ស្ទឹង ប៉ះចំខ្សែទឹកហូរ និងប៉ះចំខ្សែដាយមាត់ធំ បណ្តាលឲ្យហូរកួចចូលទៅក្នុងដាយចាប់ត្រីឈ្លក់ទឹកឡើងប៉ោងពោះងាប់ជាបន្តបន្ទាប់ ខណៈក្រុមក្មេងឃ្វាលគោមិនមាននរណាម្នាក់រងគ្រោះប៉ះពាល់ដល់អាយុជីវិតទេ ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងបន្ថែមទៀតថា ក្នុងហេតុការណ៍សត្វគោជាប់ដាយចាប់ត្រីឈ្លក់ទឹកងាប់អស់ចំនួន៩ក្បាលនោះ សមត្ថកិច្ចបានសហការជាមួយប្រជាពលរដ្ឋនាំគ្នាកាត់ខ្សែដាយដើម្បីយកគោពីក្នុងទឹកឡើងលើគោក ទម្រាំតែបានរួចរាល់ដល់ពេលជិតពាក់កណ្តាលអធ្រាត្រ និងបានប្រគល់គោដែលងាប់ទាំងនោះឲ្យទីម្ចាស់គោចំនួន៤នាក់រៀងៗខ្លួន ។ លើសពីនេះ ក្រុមប្រជាពលរដ្ឋជាម្ចាស់គោក៏បាននាំគ្នាដាក់ពាក្យបណ្តឹងមកប៉ុស្តិ៍នគរបាលឃុំតាំងក្រាំងរួចហើយ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ម្សិលមិញ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរកមុខម្ចាស់ដាយល្មើសច្បាប់នោះ ៕