កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ម្សិលមិញនេះ Account Facebook មួយឈ្មោះ ហេង វណ្ណី បានបង្ហោះរូបភាពចាប់បានកុមារម្នាក់ ដែលខ្លួនចោទថា ជាចោរចូលលួចបេះដូងយាយផល្លានៅចម្ការជើង ដោយបានធ្វើទារុណកម្មយ៉ាងសាហាវឃោរឃៅ ដូចជាចងដៃស្លាបសេកទៅក្រោយ ទាញសក់អូសច្រងាប់ច្រងិល និងជ្រមុជក្បាលទៅក្នុងទឹកពាងទាំងដៃទាំងពីរជាប់ចំណង… ដើម្បីបញ្ជាក់អំពីស្នាដៃរបស់ខ្លួនចាប់បានចោរលួចបេះដូង ហើយត្រូវបានអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា Share ចែករំលែកតៗគ្នា ក្នុងចំនួនរាប់ពាន់ Shares និងក៏ទទួលបាននូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រមទាំងក៏មានការរិះគន់យ៉ាងចាស់ដៃផងដែរទៅលើម្ចាស់ Account Facebook ដែលអះអាងថា ជានិស្សិតនៅសាកលវិទ្យាល័យន័រតុន (Norton University) អតីតជាសិស្សនៅវិទ្យាល័យ ហ៊ុន សែន កំពង់ពពិល ឋិតក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
ដោយឡែក នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២១០៤នេះ លោក ពេជ្រ ស្រស់ ប្រធានអង្គការរួមគ្នាដើម្បីភាពរីកចម្រើនក៏បានធ្វើលិខិតសុំកិច្ចអន្តរាគមន៍មួយច្បាប់គោរពជូនឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំឲ្យមានការវែកមុខជនដៃដល់ដែលបានធ្វើអំពើអមនុស្សធម៌មកលើកុមារដែលមានប្រភពមកពី Account Facebook មួយឈ្មោះ ហេង វណ្ណី ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកពារាំង ខេត្តព្រៃវែង បានឲ្យដឹងថា ជនដែលបានធ្វើទារុណកម្មយ៉ាងសាហាវឃោរឃៅទៅលើកុមារដែលចោទថា បានលួចបេះដូង ដោយបង្ហោះរូបភាពតាម Facebook នោះ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយកាលពីរាត្រីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ម្សិលមិញ គឺជនបង្ករួមមាន៖ ១- ឈ្មោះ ហេង ដាណេ ភេទប្រុស អាយុ៣៥ឆ្នាំ និង ២- ឈ្មោះ ហេង វណ្ណី ភេទប្រុស អាយុ២៨ឆ្នាំ (ជាម្ចាស់ Account Facebook និងជាអ្នកថតរូបភាព) អ្នកទាំង២រស់នៅក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ រីឯកុមាររងគ្រោះមានឈ្មោះ ម៉ុន វាសនា ហៅ អាទិត្យ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុ។
ជនបង្កទាំង២នាក់ ដែលធ្វើទារុណកម្មទៅលើកុមារយ៉ាងអមនុស្សធម៌បង្កឲ្យមានការភ្ញាក់ផ្អើលនៅក្នុងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជានោះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕