ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

​ព្រះរាជអាជ្ញា​រង​ មាស​ ច័ន្ទ​ពិសិដ្ឋ​ រង​ការ​រិះគន់​ពី​គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ​ PPIU​ ក្រោយ​ពី​ធ្លាប់​តឹងសរសៃក​ជាមួយ​ឯកឧត្តម​ សុ​ន​ ឆ័​យ​

​គណៈ​គ្រប់គ្រង​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​(PPIU)​ បាន​ធ្វើការ​បរិហារ​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​លើ​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា​ បាន​ប្រើ​ពាក្យ​សម្តី​គំរោះគំរើយ​ មិន​ស័ក្តិ​ជា​អ្នកតំណាង​ច្បាប់​បន្តិច​ឡើយ​ ហើយ​អំពើ​របស់​គាត់​(​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​)​ បាន​បង្ហាញ​អំពី​សីលធម៌​អន់​ខ្សោយ​ ដែល​ធ្វើ​ឲ្យ​និស្សិត​ និង​សាស្ត្រាចារ្យ​មានការ​ខកចិត្ត​ ខណៈ​ដែល​លោក​ព្រះរាជអាជ្ញា​រង​ មាស​ ច័ន្ទ​ពិសិដ្ឋ​ កំពុង​ចុះ​បំពេញការងារ​ដឹកនាំ​កងកម្លាំង​ចម្រុះ​ប្រមាណ​២០​នាក់​ មក​ឡោម​ព័ទ្ធ​សាកលវិទ្យាល័យ​ PPIU​ ក្នុង​គោលបំណង​ឆែកឆេរ​រក​ទីតាំង​ស្នាក់​នៅ​របស់​ជនល្មើស​ម្នាក់​ឈ្មោះ​ ថៃ​ សុភាព​ កាលពី​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៤​ ដែល​តាម​ការ​ពិត​ជនល្មើស​ឈ្មោះ​ ថៃ​ សុភាព​ មិនមែន​ជា​និស្សិត​ PPIU​ នោះ​ទេ​ ។​ លើស​ពី​នេះ​ គណៈ​គ្រប់គ្រង​នៃ​សាកលវិទ្យាល័យ​ PPIU​ បាន​ស្នើ​សុំ​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ មេត្តា​ធ្វើការ​ជួយ​ណែនាំ​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ឲ្យ​មាន​សីលធម៌​ល្អ​ក្នុង​វិជ្ជាជីវៈ​ផង​ ដើម្បី​ជា​គំរូ​ដល់​យុវជន​ជំនាន់​ក្រោយ​ ។​

​លិខិត​លេខ​៣៩០/១៤​ ស​ភព​អ​ ចុះ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៤​ របស់​គណៈ​គ្រប់គ្រង​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ ចុះហត្ថលេខា​ដោយ​លោក​សាកល​វិទ្យា​ធិ​ការ​រង​ ហ៊ិ​ន​ សំអាត​ ដែល​បាន​គោរព​ជូន​ឯកឧត្តម​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​រៀបរាប់​ថា​ "​កាលពី​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៤​ វេលា​ម៉ោង​ប្រមាណ​១៣​និង​៥០​នាទី​ លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​អាវុធហត្ថ​ និង​មន្ត្រី​ស៊ី​វិល​ប្រមាណ​២០​នាក់​ មក​ឡោម​ព័ទ្ធ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ ក្នុង​គោលបំណង​ឆែកឆេរ​រក​ទីតាំង​ជនល្មើស​ឈ្មោះ​ ថៃ​ សុភាព​ ។​ លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ បាន​ដឹកនាំ​កម្លាំង​មួយ​ចំនួន​ចូល​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ ពេល​នោះ​ប្រធាន​រដ្ឋបាល​សាកលវិទ្យាល័យ​ គឺ​លោក​ ប៊ុ​ន​ ស្រុង​ បាន​សួរ​ទៅ​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ថា​ បង​អញ្ជើញ​មក​ឆែកឆេរ​មាន​ដីកា​ឬទេ​ ឲ្យ​ខ្ញុំ​សុំ​មើល​ ?​ លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ឆ្លើយ​ថា​ ម៉េច​ចង់​ឲ្យ​បន្ថែម​កម្លាំង​ទៀត​ឬ​ ?"​ ។​

​ខ្លឹមសារ​លិខិត​របស់​សាកលវិទ្យាល័យ​ PPIU​ បាន​រៀបរាប់​បន្ថែម​ទៀត​ថា​ "​នៅ​ក្នុង​ស្ថាប័ន​អប់រំ​ និង​នៅ​ចំពោះ​និស្សិត​ សាស្ត្រាចារ្យ​ជា​ច្រើន​សិប​នាក់​ លោក​ព្រះរាជអាជ្ញា​រង​ មាស​ ច័ន្ទ​ពិសិដ្ឋ​ បាន​ប្រើ​ពាក្យ​គំរោះគំរើយ​ មិន​ស័ក្តិ​សមជា​អ្នកតំណាង​ច្បាប់​បន្តិច​ឡើយ​ អំពើ​របស់​គាត់​បាន​បង្ហាញ​អំពី​សីលធម៌​អន់​ខ្សោយ​ដែល​ធ្វើ​ឲ្យ​និស្សិត​ និង​សាស្ត្រាចារ្យ​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ ។​ ប្រមាណ​១៥​នាទី​ក្រោយមក​ លោក​ព្រះរាជអាជ្ញា​រង​បាន​បញ្ជា​កម្លាំង​ឲ្យ​ដកថយ​វិញ​ ព្រោះ​គាត់​ក្តាប់​សភាពការណ៍​មិន​បាន​ច្បាស់លាស់​ តាម​ពិត​ជនល្មើស​ឈ្មោះ​ ថៃ​ សុភាព​ មិនមែន​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ទេ​ ។​ ទោះជា​ដឹងខ្លួន​ថា​ យល់​ច្រឡំ​ហើយ​ក៏​ដោយ​ លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ បាន​ដកថយ​ទៅ​វិញ​ដោយ​មិន​បាន​ពោល​ពាក្យសុំ​ទោស​សូ​ម្បី​តែ​មួយ​ម៉ាត់​ ។​ "​ ។​

​ពាក់ព័ន្ធ​នឹង​ការ​បរិហារ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​គណៈ​គ្រប់គ្រង​នៃ​សាកលវិទ្យាល័យ​ PPIU​ បែប​នេះ​ លោក​ព្រះរាជអាជ្ញា​រង​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ធ្លាប់​បាន​មាន​ប្រសាសន៍​ប្រាប់​បណ្តាញសារព័ត៌មាន​ថា​ ការណ៍​ដែល​នាំ​ឲ្យ​លោក​ដឹកនាំ​កងកម្លាំង​សាធារណៈ​ចម្រុះ​ចុះ​ឆែកឆេរ​រក​ទីតាំង​ស្នាក់​នៅ​របស់​ជនសង្ស័យ​ឈ្មោះ​ ថៃ​ សុភាព​ នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​នោះ​ មក​ពី​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ ខ្លួន​បាន​សិក្សា​រៀនសូត្រ​នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​ថ្នាក់​ឆ្នាំ​ទី​៣​ និង​ស្នាក់​ទីនោះ​មាន​បញ្ជាក់​ទាំង​លេខ​បន្ទប់​ទៀត​ផង​ ខណៈ​ដែល​ជនសង្ស័យ​បាន​គំរាម​ដាក់​គ្រាប់បែក​ចំនួន​ពី​៣​ទៅ​៤​កន្លែង​ ដើម្បី​គំរាម​ជំរិត​ទារប្រាក់​ចំនួន​៥.០០០​ដុល្លារ​អា​មេ​រិ​ក​ ។​

​សូម​រំលឹក​ជូន​ថា​ កាលពី​អំឡុង​ខែតុលា​ ឆ្នាំ​២០១៣​ លោក​ព្រះរាជអាជ្ញា​រង​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ធ្លាប់​បាន​បង្ក​នូវ​ការ​ប៉ះទង្គិច​ពាក្យ​សម្តី​រហូត​ដល់​តឹងសរសៃក​ដាក់​គ្នា​រួច​ម្តង​មក​ហើយ​ ជាមួយ​ឯកឧត្តម​ សុ​ន​ ឆ័​យ​ អ្នកតំណាង​រាស្ត្រ​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ខណៈ​ដែល​ក្រុមការងារ​របស់​ឯកឧត្តម​ សុ​ន​ ឆ័​យ​ បាន​ដក​កាំភ្លើងខ្លី​១​ដើម​ពី​បុរស​ម្នាក់​ឈ្មោះ​ ប៉ឹង​ ជឿន​ ជា​អ្នកកាសែត​ផង​ និង​ជា​អ្នកតំណាង​ផ្នែក​លក់​ឲ្យ​ក្រុមហ៊ុន​មួយ​ឈ្មោះ​ មង្គល​រិ​ទ្ធិ​ អ៊ី​ម​ផត​ អ៊ិ​ច​ផត​ ខូ​អិ​ល​ធី​ឌី​ ផង​ ដែល​បង្ហាញ​វត្ត​មាននៅ​ទីលាន​ប្រជាធិបតេយ្យ​ ក្នុង​ពិធី​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ ដឹកនាំ​ដោយ​លោក​ រ៉ុ​ង​ ឈុ​ន​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​(CITA)​ ដោយ​ត្រូវ​បាន​ចោទប្រកាន់​ថា​មាន​បំណង​ប៉ុនប៉ង​ធ្វើឃាត​ទៅ​លើ​លោក​ជំទាវ​ មួរ​ សុខ​ហួរ​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រគល់​ឲ្យ​ទៅ​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ តែ​ត្រូវ​លោក​ព្រះរាជអាជ្ញា​រង​ មាស​ ច័ន្ទ​ពិសិដ្ឋ​ មិន​ព្រម​ទទួល​ ។​ ទៅ​យ៉ាងណា​ក៏​ដោយ​ កម្តៅ​នៃ​ការ​តឹងសរសៃក​ដាក់​គ្នា​នោះ​បាន​ថមថយ​ចុះ​មក​វិញ​ ត្រឹម​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ យល់ព្រម​បើក​កិច្ច​ស៊ើបអង្កេត​ទៅ​លើ​ករណី​បុរស​ឈ្មោះ​ ប៉ឹង​ ជឿន​ និង​កាំភ្លើង​ដែល​ជា​វត្ថុ​តាង​តាម​នីតិវិធី​នៃ​ច្បាប់​ ។​

​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​១​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ ធ្លាប់​ត្រូវ​បាន​តែងតាំង​ជា​ព្រះរាជអាជ្ញា​រងកម្ម​សិក្សា​នៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៥/៥៣៤​ ចុះ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០០៥​ ។​ បន្ទាប់​មក​ លោក​ត្រូវ​បាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម​ និង​ចាត់​ឲ្យ​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៧/០៦៧​ ចុះ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០០៧​ ។​ ក្រោយមក​ទៀត​ លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឲ្យ​មក​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១០/១២៤​ ចុះ​ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០១០​ រហូត​មក​ទល់​បច្ចុប្បន្ន​ ៕

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.