បន្ទាប់ពីបានស៊ើបអង្កេតស្រាវជ្រាវអស់រយៈពេល២ថ្ងៃជាប់ៗគ្នា និងដោយមានការឯកភាពពីតំណាងស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងនោះ ជនទំនើងល្បីឈ្មោះពេញភូមិដែលជាប់សង្ស័យនឹងករណីឃាតកម្មវាយសម្លាប់មន្ត្រីរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញម្នាក់នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួនបានហើយ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ម្សិលមិញ និងបានយកមកបង្ហាញមុខជាសាធារណៈនៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ជនទំនើបល្បីឈ្មោះពេញភូមិដែលជាប់សង្ស័យនឹងករណីឃាតកម្មវាយសម្លាប់មន្ត្រីរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ នៅសង្កាត់ជ្រោយចង្វា ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបាននោះមានឈ្មោះ ស៊ុន រ៉ានី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ រីឯជនរងគ្រោះជាមន្ត្រីរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញដែលស្លាប់បាត់បង់ជីវិតក្នុងអំពើឃាតកម្មនេះ មានឈ្មោះ រស់ ចន្ទ្រា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ជជ្រោយចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ឲ្យដឹងថា ជនសង្ស័យនិងគូកនតែងបានបង្កបញ្ហាជាញឹកញាប់នៅក្នុងមូលដ្ឋាន ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ដ្បិតជនសង្ស័យឈ្មោះ ស៊ុន រ៉ានី នេះកាលពីអំឡុងឆ្នាំ២០០៩កន្លងទៅ ធ្លាប់ប្រព្រឹត្តល្មើសដោយកាប់ទៅលើជនរងគ្រោះម្នាក់ចំផ្ទៃមុខ រួចរត់ភៀសខ្លួនទៅប្រទេសម៉ាឡេស៊ីអស់មួយរយៈពេលទើបក្នុងឆ្នាំ២០១០ ក៏បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ និងបានបន្តធ្វើសកម្មភាពអុកឡុកក្នុងមូលដ្ឋានដូចមុនដដែល ។ ក្រុមជនសង្ស័យនិងគូកន បន្ទាប់ពីបានធ្វើសកម្មភាពវាយសម្លាប់ទៅលើជនរងគ្រោះជាមន្ត្រីរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញនោះរួចហើយ ក៏បានទៅធ្វើសកម្មភាពទាត់ធាក់ទូទូរស័ព្ទរបស់ជនរងគ្រោះជាអ្នកលក់ទូរស័ព្ទ យកទូរស័ព្ទអស់ចំនួន២គ្រឿង ទើបក្រុមប្រជាពលរដ្ឋដែលបានប្រទះឃើញជនសង្ស័យ ក៏នាំគ្នាផ្តិតមេដៃប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួន និងផ្តន្ទាទោសទៅតាមច្បាប់តែម្តង ៕