របៀបរបបដឹកនាំរបស់ស្ថាប័នកីឡាជាតិដែលគេស្គាល់ថា មានអគ្គនាយកដ្ឋានកីឡាជាអង្គភាពជំនាញ ឬជាភ្នែកច្រមុះឲ្យក្រសួងអប់រំ យុវជន និងកីឡា រហូតមកដល់ម៉ោងនេះ ថ្ងៃនេះ ខែនេះ និងឆ្នាំ២០១៤នេះ គ្មានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់សោះ គឺនៅតែប្រកាន់ទម្លាប់ចាស់គំរឹលសំងំកើបលុយពុករលួយពីអត្ថប្រយោជន៍របស់ពហុកីឡដ្ឋានជាតិ(ស្តាដ)អូឡាពិក សម្រាប់ដាក់ហោប៉ៅចែកគ្នាចាយដដែល ។ អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាចាស់ ដែលបានដាក់ចូលនិវត្តន៍៍ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៣កន្លងទៅ គឺឯកឧត្តម ឡាក់ សំអាតនោះធ្លាប់មានត្រណមមិននិយាយជាមួយអ្នកសារព័ត៌មាន សូម្បីទស្សនៈតែបន្តិចជាដាច់ខាត ។ លុះមកដល់វេនឯកឧត្តម អ៊ុក សិទ្ធិជាតិ អតីតប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឡើងកាន់តំណែងថ្មីជាអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ជំនួសឯកឧត្តម ឡាក់ សំអាត (តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៣/៣៩៧ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣) បានដើរចូលក្នុងគន្លងចាស់ដែលមានរយៈពេលជាង ២០ឆ្នាំមកហើយដដែល ទាំងរបៀបរបបគ្រប់គ្រងស្តាដអូឡាំពិកក្តី ទាំងការរៀបចំសកម្មភាពប្រកួតកីឡាថ្នាក់ជាតិក្តី ទាំងការហ្វឹកហ្វឺនកីឡាក្តី ទាំងការលាក់បាំងព័ត៌មានទាក់ទងនឹងវិស័យកីឡាក្តី ។
មានចំណុចគូរឲ្យចាប់អារម្មណ៍យ៉ាងច្រើនទាក់ទងនឹងការប្រតិបត្តិ របស់អង្គភាពទាំង៤ ចំណុះឲ្យអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់់រំ យុវជន និងកីឡា ដែលមានឯកឧត្តម អ៊ុក សិទ្ធិជាតិ ជាអគ្គនាយក គឺ ៖ ១-នាយកដ្ឋានអប់រំកាយនិងកីឡា ដែលជាអង្គភាពអនុវត្តន៍គម្រោងប្រកួតកីឡាធំជាងគេ និងគ្រប់គ្រងស្តាដអូឡាំពិកផ្ទាល់ គឺនៅបន្តរក្សាទម្លាប់ចាស់ដដែល ។ ២-នាយកដ្ឋានកីឡា សិស្ស និងនិស្សិតក៏គ្មានអ្វីប្លែកដែរ ។ ៣-វិទ្យាស្ថានអប់រំកាយនិងកីឡា បន្តបន្សល់នូវក្តីមន្ឌិលសង្ស័យដល់មជ្ឈដ្ឋាននានាថា សិស្សប្រឡងជាប់មានការពាក់ព័ន្ធនឹងអំពើពុករលួយ និងបក្ខពួកនិយម និង៤-មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលជាអង្គភាពគ្រប់គ្រងការប្រមូលផ្តុំក្រុមជម្រើសជាតិក៏ធ្លាប់ល្បីល្បាញខាងកិបកេងប្រាក់ពីការទិញសម្ភារៈកីឡា និងរបបហូបចុកប្រចាំថ្ងៃរបស់អត្តពលិកជម្រើសជាតិដែលអវត្តមាន ។
បញ្ហា១០០ជំពូកដែលបានកើតឡើងនៅក្នុងស្ថាប័នកីឡារបស់ជាតិនេះ គឺឯកឧត្តម អ៊ុក សិទ្ធិជាតិ បានដាក់ចេញនូវទស្សនៈចង្អៀតចង្អល់មួយ គឺមិនឲ្យអ្នកសារព័ត៌មានណា ក្រៅពីបក្ខពួករបស់ខ្លួន ឬសរសេរលើកជើង សរសើរខ្លួនអាចទទួលព័ត៌មានបានឡើយ តែបើចង់បានទទួលព័ត៌មាន លុះត្រាតែទៅសុំហត្ថលេខាពីឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន ជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា (Sic!) ។
ប្រភពព័ត៌មានពីមនុស្សស្និទ្ធដែលមានជំនាញខាងលើកជើងឯកឧត្តម អ៊ុក សិទ្ធិជាតិ បានបង្ហើបប្រាប់ឲ្យដឹងថា នាពេលកន្លងមក ឯកឧត្តម អ៊ុក សិទ្ធិជាតិ ធ្លាប់បានប្រមាថ និងគំរាមប្តឹងទៅលើអ្នកសារព័ត៌មានមួយចំនួនរួចហើយ ដែលសរសេរចុះផ្សាយអំពីរឿងអាស្រូវពុករលួយនៅក្នុងការគ្រប់គ្រងអាជីវកម្មលើស្តាដឡាំពិក ដែលបានផ្តល់ចំណូលដល់មន្ត្រីពាក់ព័ន្ធចំនួនប្រមាណជាង១ម៉ឺនដុល្លារអាមេរិកក្នុង១ខែ
មជ្ឈដ្ឋានអ្នកតាមដានវិស័យកីឡានៅកម្ពុជា បានលើកឡើងថា ស្ថានភាពស្តាដអូឡាំពិកបច្ចុប្បន្ន បានបាត់បង់ពីស្ថានភាពដើមរបស់ខ្លួនហើយៗការគ្រប់គ្រងស្តាដអូឡាំពិក ក៏សំដៅទៅលើផលប្រយោជន៍ដាក់ហោប៉ៅរបស់មន្ត្រីជាធំដែរ ជាអាទិ៍ ការពុះច្រៀកដីស្តាដកាត់អង្កន់ដាក់ជួល ឬវិនិយោគឲ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្មតាំងពីខ្នាតតូចរហូតដល់ខ្នាតធំ ការយកទីតាំងស្តាដជួលធ្វើអាជីវកម្មផ្ញើទោចក្រយានយន្ត និងរថយន្ត ប្រមូលបានលុយកាក់យ៉ាងក្រាស់ក្រែល…ខណៈដែលករណីនេះ ឯកឧត្តម ស៊ាន បូរ៉ាត មើលមិនឃើញឡើយ ដ្បិតឯកឧត្តមរូបនេះកាន់កាប់តំណែងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកផ្នែកកីឡាផង និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ផង (Resic!) ៕