កាលពីវេលាម៉ោង១៣និង១២នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ម្សិលមិញនេះ គេបានឃើញវត្តមានពលករខ្មែរជាច្រើននាក់ប្រមូលផ្តុំគ្នាចេញទៅស្រុកថៃ ដើម្បីកាប់ឈើគ្រញូងខុសច្បាប់នៅលើទឹកដីថៃ តាមច្រករបៀងឋិតក្នុងភូមិសាស្ត្រភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាប៉ុស្តិ៍ឈរជើងរបស់មេបញ្ជាការវរការពារព្រំដែនជើងគោកលេខ៥១៥ គ្រប់គ្រងដោយលោកវរសេនីយ៍ឯក ឃួន ជឿន ។
តាមការបង្ហើបប្រាប់របស់ក្រុមប្រជាពលរដ្ឋដែលរស់នៅទីនោះបានឲ្យដឹងថា នៅជាប់នឹងច្រកប៉ុស្តិ៍របស់លោកស័ក្តិ៥ ឃួន ជឿន មានលំនៅឋានមួយសម្រាប់បង្កលក្ខណៈងាយស្រួលឲ្យពលករខ្មែរប្រមូលផ្តុំគ្នាចេញ-ចូលទៅស្រុកថៃ ដើម្បីចូលទៅកាប់ឈើគ្រញូងខុសច្បាប់នៅក្នុងទឹកដីថៃ ដោយក្រុមមន្ត្រីបានប្រមូលលុយកាក់ពីក្រុមពលករខ្មែរទាំងនោះជាប្រចាំ ។
សូមអាជ្ញាធរខេត្តបន្ទាយមានជ័យគ្រប់ជាន់ថ្នាក់ មេត្តាត្រួតពិនិត្យមើលមន្ត្រីប្រចាំការច្រករបៀងនានាដែលជាប់នឹងព្រំដែនកម្ពុជា-ថៃផង ដ្បិតវត្តមានពលករខ្មែរចូលទៅស្រុកថៃដោយខុសច្បាប់ គឺបានប្រព្រឹត្តឡើងតាមច្រករបៀងទាំងនោះ ដោយសារមន្ត្រីគ្រប់គ្រងច្រករបៀងគិតតែពីប្រមូលលុយដាក់ហោប៉ៅចែកគ្នាចាយជាមួយក្រុមមេខ្យល់ដែលនាំពលករខ្មែរឲ្យចូលទៅធ្វើការ និងចូលទៅកាប់ឈរខុសច្បាប់នៅស្រុកថៃជាហូរហែ ៕