ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

ករណី​ដោះ​ដូរ​ទីតាំង​ទីស្តីការ​ក្រសួងសុខាភិបាល​ទៅ​កន្លែង​ថ្មី​ មន្ត្រី​ទទួល​បាន​ផល​តែ​ធ្វើ​ឲ្យ​ខ្វល់​បុគ្គលិក​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​

​ទីស្តីការក្រសួង​សុខាភិបាល​ដែល​មាន​ទីតាំង​ចាស់​ឋិត​នៅ​វិ​ថី​កម្ពុជា​ក្រោម​ សង្កាត់​មនោ​រម្យ​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ និង​មាន​ឯកឧត្តម​វេជ្ជបណ្ឌិត​ ម៉​ម​ ប៊ុ​ន​ហេង​ ជា​រដ្ឋមន្ត្រី​ ត្រូវ​បាន​ដោះ​ដូរ​ទៅ​ទីតាំង​ថ្មី​ឋិត​នៅ​ខណ្ឌទួលគោក​ ក្នុង​បរិវេណ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​វិញ​ហើយៗ​មន្ត្រីរាជការ​ចាប់ពី​ថ្នាក់​ធម្មតា​រហូត​ដល់​ថ្នាក់​ប្រធាន​នាយកដ្ឋាន​ចំនួន​ប្រមាណ​ជិត​៦០០​នាក់​ បាន​ប្រមូលផ្តុំ​គ្នា​ទៅ​បើក​លុយ​គោលនយោបាយ​នៅ​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៤​នេះ​ ខណៈ​មន្ត្រីរាជការ​ និង​បុគ្គលិក​និយោជិត​នៃ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ចំនួន​ប្រមាណ​ជិត​១០០​នាក់​ បាន​និង​កំពុង​សម្តែង​នូវ​ការ​ខ្វល់ខ្វាយ​ព្រួយបារម្ភ​ទៅ​វិញ​ ដោយ​ម្យ៉ាង​ទីតាំង​របស់​ខ្លួន​ដែល​ជា​គ្រឹះស្ថានសាធារណៈ​ត្រូវ​បាន​ក្រសួងសុខាភិបាល​វាតទី​យក​ផង​ និង​ម្យ៉ាងទៀត​មិន​ទទួល​បាន​ផលប្រយោជន៍​នៅ​ពេល​ទីតាំង​របស់​ខ្លួន​ប្រឈម​នឹង​ការ​បាត់បង់​ផង​ ។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​ទីស្តីការក្រសួង​សុខាភិបាល​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ដោយ​មិន​ទាន់​គិត​រាប់​បញ្ចូល​ទៅ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​គ្រាក់ៗ​ រួម​មាន​ រដ្ឋមន្ត្រី​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ អគ្គនាយក​ និង​អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​របស់​ក្រសួង​នោះ​ គឺ​មន្ត្រីរាជការ​ចាប់ពី​ថ្នាក់​ធម្មតា​រហូត​ដល់​ថ្នាក់​ប្រធាន​នាយកដ្ឋាន​ចំនួន​ជិត​៦០០​នាក់​ បាន​នាំ​គ្នា​ផ្តិត​មេដៃ​ព្រមព្រៀង​ទទួលយក​លុយ​គោលនយោបាយ​ពី​ការ​ដោះ​ដូរ​ទីតាំង​ទីស្តីការ​ក្រសួងសុខាភិបាល​នោះ​ហើយ​ នៅ​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៤​នេះ​ ដោយ​ថ្នាក់​ប្រធាន​នាយកដ្ឋាន​ទទួល​បាន​៣.០០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ម្នាក់ៗ​,​ ថ្នាក់​អនុប្រធាន​នាយកដ្ឋាន​ទទួល​បាន​២.០០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ម្នាក់ៗ​,​ ថ្នាក់​ប្រធាន​ការិយាល័យ​ទទួល​បាន​១.០០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ម្នាក់ៗ​,​ ថ្នាក់​អនុប្រធាន​ការិយាល័យ​ទទួល​បាន​៨០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ម្នាក់ៗ​ និង​ថ្នាក់​មន្ត្រី​ធម្មតា​ទទួល​បាន​៥០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ម្នាក់ៗ​ ។​

​ដោយឡែក​ ក្រុម​មន្ត្រីរាជការ​ និង​បុគ្គលិក​ និយោជិត​នៃ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ ចំនួន​ជិត​១០០​នាក់​ដែល​ជា​ម្ចាស់​ទីតាំង​ ត្រូវ​ក្រសួងសុខាភិបាល​វាតទី​យក​នោះ​ មិន​ទាន់​មាន​ប្រភព​ណាមួយ​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ទទួល​ប្រាក់​គោលនយោបាយ​ក្នុង​ចំនួន​ប្រមាណ​ឡើយ​ ខណៈ​ឯកឧត្តម​វេជ្ជបណ្ឌិត​ ម៉​ម​ ប៊ុ​ន​ហេង​ ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ និង​លោក​ ឈា​ ឆ​វណ្ណ​ ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ តំណាង​ឲ្យ​បុគ្គលិក​និយោជិត​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​មិនសូវរ​វីរ​វល់​អំពី​រឿងរ៉ាវ​នេះ​ទេ​ ដ្បិត​គាត់​ជា​មន្ត្រី​ថ្នាក់​ធំៗ​ខាងលើ​អាច​ទទួល​បាន​ផលប្រយោជន៍​ធំដុំ​រួច​ហើយ​ ។​

​ក្រុម​បុគ្គលិក​ និយោជិត​នៃ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ បាន​និយាយ​ឲ្យ​ដឹង​ទាំង​អារម្មណ៍​ភ័យ​ព្រួយ​ថា​ ទីតាំង​នៃ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ដែល​ជា​គ្រឹះស្ថានសាធារណៈ​ឋិត​ក្រោម​អាណាព្យាបាល​បច្ចេកទេស​នៃ​ក្រសួងសុខាភិបាល​ និង​ក្រោម​អាណាព្យាបាល​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នោះ​ ត្រូវ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ដៃ​របស់​ក្រសួងសុខាភិបាល​ទាំងស្រុង​ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ដោះ​ដូរ​ទីតាំង​ទីស្តីការក្រសួង​សុខាភិបាល​អាច​ទទួល​បាន​ផល​ចំណេញ​យ៉ាងច្រើន​លើសលប់​ ប៉ុន្តែ​បុគ្គលិក​ និយោជិត​នៃ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ ហាក់​មិនសូវ​មាន​សង្ឃឹមថា​ នឹង​មាន​វាសនា​ទទួល​បាន​ប្រាក់​គោលនយោបាយ​ឲ្យ​បាន​សមរម្យ​ ឬ​ក៏​អាច​ស្មើនឹង​មន្ត្រីរាជការ​ បុគ្គលិក​ និយោជិត​នៃ​ក្រសួងសុខាភិបាល​ឡើយ​ ដ្បិត​ថ្នាក់ដឹកនាំ​នៃ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​មិនសូវរ​វីរ​វល់​គិតគូរ​ដល់​សុខទុក្ខ​របស់​មន្ត្រីរាជការ​ បុគ្គលិក​ និយោជិត​នៃ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ទាល់តែ​សោះ​តាំងពី​ដើម​ទី​រៀង​មក​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ក្រុម​មន្ត្រីរាជការ​ និង​បុគ្គលិក​ និយោជិត​នៃ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ បាន​សំណូមពរ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​ និង​ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ មេត្តា​លៃលក​ដោះស្រាយ​ បែងចែក​ផល​ផ្លែផ្កា​បាន​មក​ពី​ការ​ដោះ​ដូរ​ទីតាំង​ទីស្តីការ​ក្រសួងសុខាភិបាល​ដែល​ជា​ដី​របស់​រដ្ឋ​ មក​ឋិត​នៅ​ទីតាំង​ថ្មី​ក្នុង​បរិវេណ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ ដែល​ជា​ដី​របស់​រដ្ឋ​ដូច​គ្នា​ប្រកបដោយ​សមធម៌​ផង​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.